ហ៊ុន សែន ប្រកាសដាក់ជីវិត បើសភាពការណ៍នយោបាយដើរថយក្រោយ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ វិច្ឆិកា ២០១៧
- កែប្រែចុងក្រោយ: November 04, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រសិនជាមេដឹកនាំប្រឆាំង ហាក់មានជំហរស្ងាត់ស្ងៀម នៅក្នុងអំឡុងពេល នៃបុណ្យអុំទូក អកអំបុកសំពះព្រះខែ (ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៤ ខែវិច្ឆិកា) នេះ តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានទុកឲ្យពិធីនេះ បញ្ចប់ទៅ ដោយក្ដីសប្បាយរីករាយ សម្រាប់ពលរដ្ឋកម្ពុជាទូទៅនោះទេ។ បុរសខ្លាំងកម្ពុជា បានយកថ្ងៃទី៤ ខែវិច្ឆិកា ដែលជាថ្ងៃចុងក្រោយ នៃព្រះរាជពិធីជាប្រពៃណីនេះ ដើម្បីថ្លែងសារនយោបាយ អំពាវនាវឲ្យមានការចុះចូល ជាមួយគណបក្សប្រជាជនកម្ពុជារបស់លោក ទៅកាន់តំណាងរាស្ត្រ ថ្នាក់ដឹកនាំជាតិ និងមូលដ្ឋាន របស់គណបក្សសង្គ្រោះជាតិ ដែលលោកអះអាងហើយ អះអាងទៀត ថានឹងត្រូវតុលាការរំលាយ នៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខ។
បើទោះជាលោកប្រកាសថា លោកមិនលូកដៃចូល ក្នុងស្ថាប័នតុលាការក៏ដោយ តែបើតាមប្រសាសន៍របស់លោក តុលាការគ្រាន់តែជាស្ថាប័ន«ស្វ័យប្រវត្តិ»មួយ ដែលចាំបាច់ត្រូវធ្វើតាមអ្វី ដែលជាការស្នើសុំរបស់ក្រសួងមហាផ្ទៃ ដែលជាសេនាធិការមួយ របស់រដ្ឋាភិបាលរបស់លោក។ ការស្នើសុំ ដែលធ្វើតាមរយៈបណ្ដឹងមួយ កាលពីដើមខែតុលា ឲ្យរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា រួមទាំងការហាមឃាត់ថ្នាក់ដឹកនាំ របសគណបក្សនេះ ដែលលោក ហ៊ុន សែន ថាមានចំនួនជាង១០០នាក់ កុំឲ្យធ្វើនយោបាយ ក្នុងរយៈពេល៥ឆ្នាំ។
ដើម្បីបញ្ជាក់ ពីប្រសាសន៍របស់លោកខាងលើនេះ លោក ហ៊ុន សែន បានប្រកាសដាក់ជីវិត ក្នុងការធានាថា សភាពការណ៍នយោបាយ ដែលឈានមកដល់ដំណាក់កាល ចាប់មេដឹកនាំបក្សប្រឆាំងឃុំក្នុងពន្ធនាគារ និងបណ្ដឹងសុំរំលាយគណបក្សប្រឆាំង ដូចបានរៀបរាប់ខាងលើ នឹងមិនត្រឡប់ថយក្រោយវិញឡើយ។ លោកនាយករដ្ឋមន្ត្រី បានថ្លែងឡើងថា៖ «ខ្ញុំអាចហ៊ានដាក់ជីវិត ដើម្បីជំនួស [ការអះអាងថា] តើកម្រិតដល់ថ្នាក់ចាប់មេបក្សម៉ោង១២យប់ ដើម្បីវ៉ៃខ្នោះហើយនោះ តើសភាពការណ៍វាធ្ងន់ធ្ងរ ដល់កម្រិតប៉ុណ្ណា? ឧទាមទីក្រុង មិនត្រូវបានលើកលែងទោស ឬអត់ឱនទោសនោះទេ។»។
ប្រធានគណបក្សកាន់អំណាច ដែលនៅក្នុងតំណែង តាំងពីជាង៣ទសវត្សន៍មកនេះ បានផ្ដល់ការពន្យល់ ពី«ឧទាមទីក្រុង» របស់គណបក្សប្រឆាំង ថាកំពុងចែកជាពីរក្រុម។ លោកថា៖ «មួយក្រុម កំពុងរត់ទៅក្រៅប្រទេស ហើយកំពុងវ៉ៃប្រហារ មកឧទាមទីក្រុង នៅក្នុងប្រទេស»។ សូមទស្សនាការថ្លែងទាំងស្រុង របស់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងវីដេអូដូចខាងក្រោម។
សម្រាប់អ្នកឃ្លាំមើលបញ្ហានយោបាយកម្ពុជា បានពន្យល់ពីភាពអត់ន័យ នៃសេចក្ដីអំពាវនាវនេះ ដែលជាការនាំប្រទេសកម្ពុជា ឲ្យក្លាយទៅជារដ្ឋ«ឯកបក្ស» ដូចបណ្ដាប្រទេសកុម្មុនីស្ដ៍មួយចំនួន ដែលសេសសល់ចុងក្រោយ នៅក្នុងពិភពលោក។ អ្នកវិភាគនយោបាយ លោក អ៊ូ វីរៈ បានលើកឡើងថា សេចក្ដីអំពាវនាវរបស់លោក ហ៊ុន សែន បានបង្កមន្ទិលកាន់តែខ្លាំងឡើង សម្រាប់ការអនុវត្តច្បាប់ និងការគោរពតាម«ឆន្ទះរាស្ត្រ»។
ចុះច្បាប់? ចុះឆន្ទះរាស្ត្រ? https://t.co/OJR1ZKj7Yr
— Virak Ou (@ouvirak) 4 novembre 2017
មន្ត្រីផ្លូវការរបស់គណបក្សប្រឆាំង មិនអាចទាក់ទង ដើម្បីសុំប្រតិកម្ម ក្នុងពេលភ្លាមៗនេះបានទេ។ តែមន្ត្រីជាន់ខ្ពស់មួយរូប ដែលសុំមិនបញ្ចេញឈ្មោះ បានសំដែងក្ដីអាណិត ទៅលោកនាយករដ្ឋមន្ត្រីវិញ ដោយហេតុថា លោក ហ៊ុន សែន បានខិតខំព្យាយាមអូសទាញមន្ត្រីបក្សប្រឆាំង តាំងជាច្រើនថ្ងៃមកហើយ តែមានមន្ត្រីចុះចូលតិចតួចបំផុត ដែលប្រកាសចូលរួម ជាមួយគណបក្សកាន់អំណាច។ មន្ត្រីជាន់ខ្ពស់រូបនោះ បានថ្លែងថា៖ «ឥឡូវនេះ លោកនាយករដ្ឋមន្ត្រី ខំប្រឹងសំដែង ដើម្បីឲ្យគេឯងមើលឃើញថា លោកអាណិត និងគិតគូរដល់មន្ត្រីនានា របស់គណបក្សសង្គ្រោះជាតិ។ល។ និង។ល។ ខ្ញុំមើលទៅ លោក ហ៊ុន សែន គួរឲ្យអាណិតណាស់។»៕