ហ៊ុន ជា ក្មួយប្រុសនាយករដ្ឋមន្ត្រី ឡើង«ផ្កាយបី»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០២ មករា ២០១៨
- កែប្រែចុងក្រោយ: January 02, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមគ្រួសារសែស្រឡាយ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឡើងស័ក្ដិទៀត នៅថ្ងៃនេះ។ បន្ទាប់ពីកូនប្រុសបង្កើត ដែលត្រូវបានដំឡើង ឲ្យក្លាយជាឧត្ដមសេនីយ៍ឯក (ផ្កាយបី) កាលពីដើមខែតុលាកន្លងទៅ នៅចុងឆ្នាំ២០១៧នេះ ក្មួយប្រុសបង្កើតរបស់លោក ហ៊ុន សែន ក៏ត្រូវបានលោកនាយករដ្ឋមន្ត្រី ទូលថ្វាយព្រះមហាក្សត្រ ឲ្យបានពាក់ផ្កាយបីដូចគ្នាដែរ។
ព្រះរាជ្យក្រឹត្យរបស់សម្តេចព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់បានចុះព្រហស្ថលេខា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ បានដំឡើងឋានន្តរស័ក្តិ លោកឧត្តមសេនីយ៍ទោ (ផ្កាយពីរ) ហ៊ុន ជា ឲ្យក្លាយជាឧត្តមសេនីយ៍ឯក (ផ្កាយបី)។ ឋានន្តរស័ក្ដិនេះ ជាផ្កាយមួយបន្ថែមទៀត បន្ទាប់ពីលោក ហ៊ុន សែន បានចេញអនុក្រឹត្យ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ប្រកាសផ្ទេរតំណែងលោក ហ៊ុន ជា ពីអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការនគរបាលជាតិ ទៅជាអគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃវិញ។
លោក ហ៊ុន ជា ក្មួយប្រុសនាយករដ្ឋមន្ត្រី ត្រូវដំឡើងស័ក្ដិជា«ផ្កាយបី» pic.twitter.com/XUouRiSVJp
— MONOROOM.info (@monoroominfo) 2 janvier 2018
លោក ហ៊ុន ជា ដែលមានឋានន្តរស័ក្ដិ ជា«ឧកញ៉ា» ផងនោះ ជាកូនប្រុសរបស់លោក ហ៊ុន សាន បងប្រុសលោក ហ៊ុន សែន។ លោកត្រូវបានអតីតប្រធានព្រឹទ្ធសភា និងអតីតប្រធានគណបក្សប្រជាជនកម្ពុជា លោក ជា ស៊ីម ក្នុងឋានៈជាប្រមុខរដ្ឋស្ដីទី ដំឡើងស័ក្ដិ ឲ្យលោកក្លាយជាឧត្ដមសេនីយទោរ (ផ្កាយពីរ) កាលពីខែតុលា ឆ្នាំ២០១៤។
បុរសម្នាក់នេះ ធ្លាប់បើករថយន្ដ ប្រភេទ «Cadillac Escalade SUV ពណ៌ខ្មៅ» ទៅបុកមនុស្ស ឲ្យស្លាប់បាក់ដៃជើង កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០០៨ វេលាម៉ោង ១១:៣០ នាទីយប់ នៅលើបណ្ដោយមហាវិថីសុធារស (ភ្នំពេញ)។ នៅមុនពេលកើតរឿងរ៉ាវ ក្មួយប្រុសនាយករដ្ឋមន្ត្រីដដែល ក៏បានសំដែងមហិទ្ធិរិទ្ធិរបស់ខ្លួនផងដែរ ក្នុងការបាញ់កាំភ្លើង ចំនួន ៧ គ្រាប់ឡើងទៅលើ នៅក្នុងក្លិបខារ៉ាអូខេមួយ កណ្ដាលរាជធានីភ្នំពេញ និងបាញ់បន្ថែមបីគ្រាប់ទៀត គំរាមមន្ត្រីនគរបាល មិនឲ្យចូលទៅជិតកន្លែងកើតហេតុ។
លោក ហ៊ុន សែន ខ្លួនលោកធ្លាប់បានប្រកាសជាសាធារណៈ ថាក្មួយប្រុសរបស់លោក បានចុះចេញពីផ្ទះចោលប្រពន្ធកូន ហើយទៅនៅសណ្ឋាគារជាមួយស្រីម្នាក់។ ថ្លែងកាលពីឆ្នាំ២០១០ ក្នុងពិធីសម្ភោធស្ពានអាកាសក្បាលថ្នល់ លោកនាយករដ្ឋមន្ត្រី បានដាក់ការសង្ស័យទៅលើលោក ហ៊ុន ជា ថាទំនងជាមានបក្ខពួក ជាប់ទាក់ទងជាមួយនឹងគ្រឿងញៀន។
លោកឪពុកមា ហ៊ុន សែន បានថ្លែងឡើងថា៖ «តាមការស៊ើបដឹង វាបានចុះចេញពីផ្ទះ ទៅនៅសណ្ឋាគារជាមួយស្រីម្នាក់ ហើយវាអាចមានបក្ខពួកគ្រឿងញៀនទៀតផង។ លោកឧត្តមសេនីយ៍ នេត សាវឿន ក្នុងឋានៈជាបងជីដូនមួយ ត្រូវតាមរកលោក ហ៊ុន ជា ឲ្យឃើញ។ បើក្មួយ ហ៊ុន ជា បានឮដំណឹងហើយ ក្មួយត្រូវត្រឡប់មកផ្ទះ ឲ្យលឿន។ ឪពុកមា មិនអាចអត់ឱនឲ្យបានទេ។ ម្តាយឪពុកខ្លួនឯងឈឺ និងម្តាយក្មេកឈឺ។ ប្រពន្ធដេកយំនៅផ្ទះ ជាមួយកូនពីរនាក់ ខ្លួនឯងទៅជាមួយស្រីក្មេងបាត់ទៅ។»។
គេហទំព័រមួយ ដែលមានឈ្មោះ «Topix Cambodia» បានដាក់ឈ្មោះលោក ហ៊ុន ជា និងគូកនរបស់លោក នៅពេលនោះថា ជា«ក្រុមបងធំទី១» នៅកម្ពុជា។ ផ្ទុយទៅវិញ គេដឹងតិចតួចបំផុត ពីស្នាដៃជាផ្លូវការ របស់លោក ហ៊ុន ជា នៅក្នុងការងារប្រទេសជាតិ ដែលបានធ្វើឲ្យក្មួយប្រុសនាយករដ្ឋមន្ត្រីរូបនេះ បានឡើងឋានន្តរស័ក្ដិ ជាបន្តបន្ទាប់៕