ព្រឹទ្ធសមាជិកអាមេរិក ចន ម៉ាកខេន ទទួលអនិច្ចកម្មក្នុងវ័យ៨១ឆ្នាំ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៦ សីហា ២០១៨
- កែប្រែចុងក្រោយ: August 26, 2018
- ប្រធានបទ: ជីវិត-នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ចន ម៉ាកខេន (John McCain) អ្នកនយោបាយដ៏សំខាន់ ព្រឹទ្ធសមាជិក អតីតអ្នកបើកយន្ដហោះ ដែលរងទារុណកម្មនៅក្នុងសង្គ្រាមវៀតណាម និងជាបេក្ខជនប្រធាធិបតី របស់សហរដ្ឋអាមេរិក បានទទួលមរណភាពហើយ កាលពីថ្ងៃសៅរ៍ ទី២៥ ខែសីហា ឆ្នាំ២០១៨ នៅក្នុងជន្នាយុ ៨១ឆ្នាំ ដោយសាររោគមហារីកខួរក្បាល។
ខុទ្ទកាល័យរបស់លោកផ្ទាល់ នៅឯព្រឹទ្ធសភាអាមេរិក បានប្រកាសពីដំណឹងដ៏រន្ធត់នេះ ដោយបញ្ជាក់ថា លោកបានផុតដង្ហើម នៅវេលារសៀល ដោយមានវត្តមាននៅក្បែរ របស់ភរិយារបស់លោក និងសមាជិកក្រុមគ្រួសារផ្សេងទៀត។ សេចក្ដីប្រកាសព័ត៌មាន របស់ខុទ្ទកាល័យនោះ បានសរសេរថា៖ «រហូតដល់ដល់ថ្ងៃចុងក្រោយ លោក ចន ម៉ាកខេន បានបម្រើសហរដ្ឋអាមេរិក យ៉ាងស្មោះស្ម័គ្របំផុត អស់រយៈពេល៦០ឆ្នាំ»។
អាការៈមហារីកក្នុងខួរក្បាលរបស់លោក ត្រូវបានរកឃើញ នៅខែកក្កដា ឆ្នាំ២០១៧។ តាំងពីនោះមក លោកបានសម្រាកព្យាបាល និងប្រយុទ្ធទល់នឹងជំងឺនេះ ដើម្បីលោកអាចបន្តជីវិត ឲ្យបានយូរថ្ងៃតទៅទៀត។ ប៉ុន្តែនៅទីបំផុត ក្រុមគ្រួសាររបស់លោកបានប្រកាសថា លោកផ្ទាល់បានសម្រេចចិត្ត បញ្ឈប់ទទួលការព្យាបាលនេះ កាលពីថ្ងៃសុក្រ ពោលគឺតែមួយថ្ងៃ មុនប៉ុណ្ណោះ។
ដំណឹងមរណភាព នៃលោក ចន ម៉ាកខេន បានបង្កឲ្យមានភាពរន្ធត់ចិត្តជាទូទៅ និងភ្លាមៗ នៅសហរដ្ឋអាមេរិក ជាពិសេសក្នុងពិភពអ្នកនយោបាយ ទាំងស្រប និងប្រឆាំងលោក។
លោក បារ៉ាក់ អូបាម៉ា (Barack Obama) អតីតប្រធានាធិបតីអាមេរិក ដែលបានបំបាក់លោក ចន ម៉ាកខេន ក្នុងការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីអាមេរិក ឆ្នាំ២០០៨ បានថ្លែងឡើងថា៖ «ចន និងខ្ញុំ ខុសជំនាន់គ្នា និងចេញពីប្រភពផ្សេងគ្នាទាំងស្រុង ហើយយើងបានប្រកួតប្រជែងគ្នា នៅលើសៃវៀននយោបាយ ដ៏ខ្ពស់បំផុតមួយ»។
លោក អូបាម៉ា បានបន្តថា៖ «ទោះជាយើង មានជំហរនយោបាយ ខុសគ្នាក្ដី ប៉ុន្តែយើងចែកចាយដូចគ្នា នូវភាពស្មោះត្រង់ ទៅនឹងអ្វីដ៏ខ្ពង់ខ្ពស់បំផុត នូវឧត្តមគតិ ដែលគ្រប់ជំនាន់ នៃជនជាតិអាមេរិក និងជនអន្តោប្រវេសន៍ បានប្រយុទ្ធតស៊ូ និងបានធ្វើពលីកម្ម»។
អតីតប្រធានាធិបតី ចក ប៊ូស (George W. Bus) បានហៅលោក ចន ម៉ាកខេន ថាជាបុរស ដែលមានជំហរច្បាស់លាស់ និងជាវីរជនស្នេហាជាតិ ដ៏កំពូលម្នាក់។ ខណៈលោក ប៊ីល គ្លីនតុន (Bill Clinton) វិញ បានរំលឹកពីវីរភាព របស់លោក ម៉ាកខេន មកវិញថា ព្រឹទ្ធសមាជិករូបនេះ តែងទុកប្រយោជន៍បក្សពួកទៅម្ខាង ដើម្បីបម្រើឲ្យប្រយោជន៍ជាតិ។
ប្រធានក្រុមព្រឹទ្ធសមាជិក មកពីគណបក្សប្រជាធិបតេយ្យ (បក្សប្រឆាំង) នៅក្នុងព្រឹទ្ធសភាអាមេរិក លោក «Chuck Schumer» បានស្នើសុំឲ្យដាក់ឈ្មោះលោក ចន ម៉ាកខេន សម្រាប់អាគារព្រឹទ្ធសភា ដែលមានការិយាល័យលោកតាំងនៅ។
សម្រាប់លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក ដែលតែងមិនសូវត្រូវគ្នា ជាមួយលោក ចន ម៉ាកខេន នោះ បានបង្ហោះសាររំជួលចិត្ត នៅលើបណ្ដាញសង្គមទ្វីសធើរថា៖ «សូមចូលរួមមរណៈទុក្ខ និងសំដែងការគោរព ដ៏ស្មោះបំផុត ចំពោះគ្រួសារសមាជិកព្រឹទ្ធសភា ចន ម៉ាក់ខេន។ បេះដូងនិងការបន់ស្រន់របស់យើង គឺនៅជាមួយអ្នក!»៕