អ្នកវិភាគ និយាយពីអំណាចរដ្ឋបែប«ឆ្មាជើងបី»ក្រោម ហ៊ុន សែន
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - ប៉ារីស ថ្ងៃទី១៧ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 18, 2015
- ប្រធានបទ: សម្ភាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នីតិអំណាចទាំងបី ឬ«អំណាចរដ្ឋ» របស់ប្រទេសនីតិរដ្ឋ តាមបែបប្រជាធិបតេយ្យ ត្រូវប្រព្រឹត្តិទៅដោយសំអាងទៅលើច្បាប់។ ចុះដីកាឲ្យចាប់ខ្លួន ចេញដោយតុលាការកម្ពុជា ចេញឲ្យចាប់ខ្លួន ប្រធានគណបក្សប្រឆាំង និងបញ្ឈប់លោក ពីសមាជិកសភា ដោយរដ្ឋសភាកម្ពុជា ជាការប្រព្រឹត្តិទៅ ដោយនីតិរដ្ឋ និងជាការអនុវត្តច្បាប់ របស់«អំណាចរដ្ឋ»មែន ឬយ៉ាងណា? សម្រាប់អ្នកតាមដានព្រឹត្តិការណ៍កម្ពុជា និងមានជំនាញខាងច្បាប់វិញ បានចាត់ទុកថា នេះជាការអនុវត្តច្បាប់ តាមបែប«ឆ្មាជើងបី» ក្រោមការដឹកនាំ របស់នាយករដ្ឋមន្ត្រីបីទសវត្សន៍ លោក ហ៊ុន សែន។
សូមអានបទសម្ភាស របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ជាមួយលោក ព្រហ្ម គិត អតីតមន្ត្រីច្បាប់ច្រើនជំនាន់ ពីប្រទេសកម្ពុជា និងជាអ្នកវិភាគ ប្រចាំឲ្យទស្សនាវដ្ដីដូចខាងក្រោម៖
មនោរម្យ.អាំងហ្វូ៖ ក្នុងរយៈពេលមិនដល់ពីរសប្ដាហ៍ស្រួលបួលផង ព្រឹត្តិការណ៍នយោបាយកម្ពុជា បានកើតឡើង នូវហេតុការណ៍ធំៗចំនួនពីរ នោះគឺការដកតំណែង របស់លោក កឹម សុខា ពីតំណែងជាអនុប្រធានរដ្ឋសភា និងការតាមចាប់ខ្លួន លោក សម រង្ស៊ី ទាក់ទងនឹងសំនុំរឿង ដែលគ្មាននរណានឹកនាដល់ តាំងពី៨ឆ្នាំមកហើយ និងមានសាលក្រម ចូលជាស្ថាពរ នៅឆ្នាំ២០១៣។ តើលោក ព្រហ្ម គិត យល់ឃើញបែបណា ចំពោះហេតុការណ៍នយោបាយទាំងនេះ?
ព្រហ្ម គិត៖ រឿងនេះកើតចេញ ពីខ្សែញ៉ាក់នយោបាយច្រើន តែអ្នកកាន់ចុងខ្សែនេះ មានតែម្នាក់ទេ គឺលោក ហ៊ុន សែន នេះតែម្ដង។ ហេតុអី បានជាខ្ញុំនិយាយថា គឺលោក ហ៊ុន សែន ជាអ្នកបញ្ជាពីក្រោយ? មិនពិបាកយល់ទេ រឿងវាកើតចេញ ពីហេតុ និងផល ហើយខ្ញុំសូមបន្ថែមមួយទៀត គឺទង្វើ។ គ្រប់រឿងទាំងអស់ កើតឡើងនៅក្រោយ ការថ្លែងរបស់លោក ហ៊ុន សែន។ អញ្ចឹងរឿងទាំងនេះ វាជាបែបផែននយោបាយចាស់គំរិលមួយ ហើយគេអាចនិយាយបានថា ជានីតិវិធីរបស់មនុស្សដែលមិនចេះច្បាប់ និងរបស់មនុស្ស ដែលមានល្បិចទុកកាំបិតមួយពីក្រោយខ្នង ទុកចាំចាក់នរណាម្នាក់ ដែលមានមាឌធំស្មើខ្លួន ហើយហ៊ានប្រឆាំងខ្លួន។
មនោរម្យ.អាំងហ្វូ៖ តែលោក ហ៊ុន សែន និយាយថា នេះជាចំណាត់ការទូទៅ ដែលកើតមានឡើង នៅក្នុង«អំណាចរដ្ឋ»...
ព្រហ្ម គិត៖ ត្រង់នេះហើយ ដែលបង្ហាញកាន់តែច្បាស់ និងធ្វើឲ្យខ្ញុំ កាន់តែចង់និយាយ ពី«អំណាចរដ្ឋ» តាមបែប«ឆ្មាជើងបី» ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន។ លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី របស់ប្រទេសមួយទាំងមូល ដូច្នេះភារកិច្ច និងតួនាទីដែលលោកត្រូវធ្វើ ដោយគតិយុទ្ធ ស័ក្ដិសមជា«អំណាចរដ្ឋ»នោះ គឺត្រូវធ្វើឲ្យអំណាចរដ្ឋទាំងនេះ ប្រព្រឹត្តិទៅឬមានដំណើរការទៅ ដោយមិនចាំបាច់ មានការបង្គាប់បញ្ជា ពីលោក។ មិនមែនទាល់តែលោក ហ៊ុន សែន និយាយហើយ ទើបនាំគ្នាស្ទុះស្ទាទាំងតុលាការ ទាំងរដ្ឋសភា ទាំងស្លន់ស្លោរ ទាំងប៉ីទាំងទ្រដូច្នេះទេ។ ខ្ញុំលើកយកឧទាហរណ៍មួយ មកនិយាយ ដូចក្នុងករណីតុលាការចេញដីកា ឲ្យចាប់ខ្លួនមេគណបក្សប្រឆាំងនេះអញ្ចឹង។ ការប្រព្រឹត្តិទៅដោយធម្មតា របស់អំណាចរដ្ឋ គឺត្រូវមន្ត្រីតុលាការទាំងនោះ ធ្វើការងារដោយឯករាជ្យ តាមជំនាញ និងតាមនីតិវិធី មានពេលមានកាល ច្បាស់លាស់។ មិនមែនផ្អិបករណីនេះ មិននិយាយរកប្រមាណជា២ឆ្នាំហើយ ទើបលើកមកនិយាយ ក្នុងថ្ងៃនេះនោះទេ។ វាជាកំហុសរដ្ឋបាលមួយធំណាស់។ ទាំងជនដើមបណ្ដឹង និងទាំងជនចុងចោទ មិនដឹងថា តើតុលាការកម្ពុជា ធ្វើការរបៀបម៉េច និងដល់ណាហើយ? ព្រោះសំនុំរឿង ប្ដឹងផ្ដល់ចេញសាលក្រម សម្រេចជាស្ថាពររួចហើយ ស្រាប់តែស្ងាត់ឈឹង អត់ចេញដីកាឲ្យចាប់ខ្លួនភ្លាមៗ ទាល់តែ២ឆ្នាំក្រោយ ទើបបញ្ជាឲ្យចាប់។ បើជាចោរប្លន់វិញ បានន័យថា តុលាការមួយនេះ ទុករហូតដល់២ឆ្នាំក្រោយ ទើបចេញដីកាឲ្យចាប់ខ្លួន មកដាក់ទោស។ បែបនេះ គេហៅថា «អំណាចរដ្ឋ»បែប«ឆ្មាជើងបី»។
មនោរម្យ.អាំងហ្វូ៖ គណៈកម្មាធិកាអចិន្ត្រៃយ៍រដ្ឋសភា បានបញ្ឈប់លោក សម រង្ស៊ី ពីតំណាងរាស្ត្រ និងបានចុះហត្ថលេខសម្រេច ដោយប្រធានរដ្ឋសភា លោក ហេង សំរិន ព្រោះរដ្ឋសភាយោង ពីដីកាឲ្យចាប់ខ្លួន របស់តុលាការខាងលើនេះដែរ។ ឆ្លើយទៅនឹងសំនួរ របស់អ្នកសារព័ត៌មាន ដែលសួរថា បើលោក សម រង្ស៊ី នៅមានទោស រឿងហេតុអី ដែលគ.ជ.ប រដ្ឋសភា និងព្រះមហាក្សត្រ បានទទួលស្គាល់លោក សម រង្ស៊ី មកធ្វើជាតំណាងរាស្ត្រនោះ អ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន បានឆ្លើយថា មកពីរដ្ឋសភាមិនដឹង រឿងនេះជាមុន។ តើករណីនេះ ដែលត្រូវបានរដ្ឋសភាបកស្រាយ ត្រឹមតែប៉ុណ្ណឹង មាននីតិភាពដល់កម្រិតណា?
ព្រហ្ម គិត៖ នេះបញ្ជាក់កាន់តែខ្លាំង ថារដ្ឋសភាកម្ពុជា ជាស្ថាប័នបង្កើតច្បាប់ បែប«ឆ្មាជើងបី»មួយទៀត។ បើខាងតុលាការ បានធ្វើកំហុសរដ្ឋបាលមួយហើយ តែខាងរដ្ឋសភា ដែលជាស្ថាប័នតំណាងឲ្យប្រជាជាតិ ជំនាញខាងច្បាប់នេះ បានប្រព្រឹត្តិកំហុស កាន់តែធំទៅទៀត។ តាមត្រូវ រដ្ឋសភាត្រូវការពារ សមាជិកសភារបស់ខ្លួន ពីដីកាឲ្យចាប់ខ្លួននោះ ដោយសាររដ្ឋសភាមិនដឹងពីទណ្ឌភាព ហើយគឺខាងតុលាការនេះហើយ ជាអ្នកប្រព្រឹត្តិកំហុសរដ្ឋបាល ឲ្យគេឯងយល់ច្រឡំពេញប្រទេស រាប់តាំងពីព្រះមហាក្សត្រ។ ខ្ញុំឆ្ងល់ថា ស្ថាប័នរដ្ឋទាំងបី មាន គ.ជ.ប រដ្ឋសភា និងព្រះមហាក្សត្រ ម៉េចក៏អន់ម្លេះ ដែលទទួលស្គាល់លោក សម រង្ស៊ី ជាតំណាងរាស្ត្រហើយ ឥឡូវនេះបែរជាលេបសម្ដីខ្លួនឯង ទៅវិញយ៉ាងនេះ? ជាពិសេស រដ្ឋសភាដែលជាស្ថាប័នជំនាញខាងច្បាប់ បាននាំគ្នាស្ទុះស្ទាលេបសម្ដី និងនាំគ្នាចេញសេចក្ដីសម្រេច ត្រឡប់ត្រឡិន គួរឲ្យខ្មាសគេណាស់។ ហើយនេះ មកពីអ្វី? បើមិនមែនមកពីអ្នកទាញខ្សែញ៉ាក់ ជាអ្នកបញ្ជាមក ឲ្យធ្វើទាំងស្លន់ស្លោរដូច្នេះទេ អញ្ចឹងរឿងនេះ មានតែម្យ៉ាងទេ គឺកំហុសរដ្ឋបាល របស់ស្ថាប័នតុលាការ ដែលបានផ្អិប ការអនុវត្តន៍នីតវិធីរបស់ខ្លួន មិនឲ្យចប់ចុងចប់ដើម។
មនោរម្យ.អាំងហ្វូ៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា លោក ស ខេង រដ្ឋមន្ត្រីមហាផ្ទៃ បានបបង្កើគណៈកម្មការពិសេសមួយ ដើម្បីចាប់ខ្លួនលោក សម រង្ស៊ី។ តើនេះបង្ហាញពីអ្វី?
ព្រហ្ម គិត៖ មានបរិបទច្រើន។ ខ្ញុំមិននិយាយពីបរិបទនយោបាយ ដែលដូចជាការបង្ហាញសាច់ដុំ ដាក់ក្រុមអ្នកគាំទ្រលោក សម រង្ស៊ី នោះទេ។ តែរឿងនេះ វាបានបង្ហាញ ពីរបៀបចាត់ចែងដំណើរប្រព្រឹត្តិទៅ នៃ«អំណាចរដ្ឋ»មួយ ដែលមិនស្គាល់ពីតួនាទី ពីភារកិច្ចរបស់ខ្លួន។ ខ្ញុំឃើញគណៈកម្មការពិសេសនេះ ត្រូវបានបង្កើតច្រើនណាស់។ ស្អីក៏ដោយ សុទ្ធតែពិសេស។ តើការចាប់ខ្លួន ជនល្មើសរាល់ដង ចាំបាច់ត្រូវបង្កើត គណៈកម្មការពិសេសដែរឬទេ? ឬធ្វើនេះ អាជ្ញាធរគ្រប់គ្រងដោយលោក ហ៊ុន សែន មានល្បិចគម្រាម កុំឲ្យលោក សម រង្ស៊ី ចូលមកក្នុងស្រុកវិញ? តែបើចង់ចាប់លោក សម រង្ស៊ី ដាក់ពន្ធនាគា មិនពិបាកទេ គឺធ្វើធម្មតា ទុកឲ្យមេបក្សប្រឆាំង ចូលមកដល់ទឹកដីកម្ពុជាសិន ហើយអញ្ជើញលោក ឲ្យបង្ហាញខ្លួនទៅ វាចប់ហើយ៕