មេដឹកនាំបក្សធ្លាក់ឆ្នោត នឹងមានឋានៈស្មើទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២១ សីហា ២០១៨
- កែប្រែចុងក្រោយ: August 21, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្ថាប័ន «ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» មួយ នឹងត្រូវបង្កើតឡើង ដោយមានសមាជិកមកពីគណបក្ស ដែលធ្លាក់ឆ្នោត ក្នុងការបោះឆ្នោតជាតិ ថ្ងៃទី២៩ ខែកក្កដា។ នេះ បើតាមការប្រកាសឡើង របស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីផុតអាណត្តិ នៅថ្ងៃនេះ ដោយហៅស្ថាប័នថ្មីនេះ ថាជា«យន្តការថ្មី ដើម្បីឆ្លើយតបនឹងផលប្រយោជន៍ពលរដ្ឋ»។
បុរសខ្លាំងកម្ពុជា បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់លោក ពី«ភារកិច្ច» របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ មានបួនចំណុច៖
១) ផ្តួចផ្តើមគំនិត ឬផ្តល់មតិ នៅលើការរៀបចំគោលនយោបាយ ដល់រាជរដ្ឋាភិបាល (ធាតុចូល)។
២) ចូលរួមផ្តល់យោបល់ ដល់សេចក្តីព្រាងច្បាប់ របស់រាជរដ្ឋាភិបាល មុនគណរដ្ឋមន្រ្តីអនុម័ត។ ឧត្តមក្រុមប្រឹក្សាមានអណត្តិ ធ្វេីញាត្តិជូនព្រឹទ្ធសភាតតាំង និងច្បាប់ ដែលបានអនុម័ត ដោយរដ្ឋសភា។
៣) ឧត្តមក្រុមប្រឹក្សានេះ បានចូលរួមផ្តល់យោបល់ ដល់នាយករដ្ឋមន្រ្តី ចំពោះភាពអសកម្ម ឬបទរំលោភណាមួយ របស់មន្រ្តី ឬនាយករដ្ឋមន្រ្តី។
៤) ការបង្កើតឧត្តមក្រុមប្រឹក្សានេះ គឺតាមរយៈព្រះរាជក្រឹត្យ។
លោក ហ៊ុន សែន បានពន្យល់បន្តថា សមាសភាព និងយន្តការ នៃការបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» រួមមាន៖
១) សមាសភាពដោយស្ម័គ្រចិត្ត មកលើគណបក្សដែលបានចូលរួមបោះឆ្នោត អាណត្តិទី៦ ជាមួយនឹងការឯកភាព ពីនាយករដ្ឋមន្រ្តី។
២) គណបក្សនីមួយៗមានតំណាង០២រូបដែលជាប្រតិភូ និងតែងតាំង ដោយព្រះរាជក្រឹត្យ ស្នើដោយនាយករដ្ឋមន្រ្តី។
៣) ប្រធានឧត្តមក្រុមប្រឹក្សា គឺអនុវត្តន៍បាន គោលកាណ៍បន្តវេនមួយខែម្តង តាមលេខរៀង បញ្ជីបោះឆ្នោត។
៤) ត្រូវមានលេខាធិការដ្ឋានមួយ ទទួលខុសត្រូវ ដោយមន្ត្រីទីស្តីការគណៈរដ្ឋមន្រ្តី និងមន្រ្តីម្នាក់ មកពីគណបក្សនីមួយៗ។
៥) លេខាធិការដ្ឋាន និងកន្លែងប្រជុំ ស្ថិតនៅក្នុង វិមានសន្តិភាព។
រីឯកិច្ចដំណើរការ នៃស្ថាប័នថ្មីនេះ ត្រូវបានបញ្ជាក់ទៀតថា៖
១) ប្រជុំមួយខែម្តង តាមការកោះប្រជុំ របស់ប្រធានបន្តវេន។
២) ប្រជុំជាមួយនាយករដ្ឋមន្រ្តី ៦ខែម្តង ឬជាការចាំបាច់របស់នាយករដ្ឋមន្រ្តី ដែលធ្វើនៅចន្លោះពេលនេះ តាមការកោះប្រជុំ របស់នាយករដ្ឋមន្រ្តី។
៣) ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់នេះ នឹងត្រូវបញ្ចប់ អនុលោមតាមអាណត្តិ របស់រដ្ឋាភិបាល។
ទីប្រឹក្សាលោក ហ៊ុន សែន និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ បានថ្លែងឲ្យដឹងបន្ថែម នៅថ្ងៃទី២១ ខែសីហានេះថា មេដឹកនាំពីររូប ពីគណបក្សនីមួយៗ ក្នុងនោះអាចជា ប្រធាន អនុប្រធាន ឬអគ្គលេខាធិការគណបក្ស នឹងក្លាយជាសមាជិក របស់«ឧត្តមក្រុមប្រឹក្សា និងផ្ដល់យោបល់»។ មេដឹកនាំទាំងពីរូបនោះ មានម្នាក់នឹងត្រូវតែងតាំង ជាប្រធានប្រតិភូ (មកពីគណបក្ស) ហើយមានឋានៈស្មើទេសរដ្ឋមន្ត្រី ខណៈម្នាក់ទៀត នឹងត្រូវតែងតាំង ជាអនុប្រធានប្រតិភូ (មកពីគណបក្ស) ហើយមានឋានៈស្មើរដ្ឋមន្ត្រី។
លោក ឈឹម ផលវរុណ បានបន្តនៅចំពោះក្រុមអ្នកយកព័ត៌មានថា ប្រធានប្រតិភូ និងមានប្រាក់បៀវត្ស ជាកញ្ចប់ថវិកាជាតិ នៅក្នុងប្រអប់ទីស្តីការគណៈរដ្ឋមន្ត្រី។ លោកថា៖ «ប្រតិភូមានពីរនាក់ ក្នុងមួយគណបក្សនោះ មានមួយជាប្រធានប្រតិភូ ដែលមានឋានៈស្មើនឹងទេសរដ្ឋមន្ត្រី ឯអនុប្រធានប្រតិភូ មានឋានៈស្មើនឹងរដ្ឋមន្ត្រី ហើយនឹងមានប្រាក់បៀវត្ស ដែលជាកញ្ចប់ថវិកាជាតិ នៅក្នុងប្រអប់ទីស្តីការគណៈរដ្ឋមន្ត្រី»។
«យន្តការលួងចិត្ត ឬជាយន្តការផ្ដល់រង្វាន់»
អតីតមន្ត្រីច្បាប់ និងជាអ្នកឃ្លាំមើល បញ្ហានយោបាយខ្មែរ លោក ព្រហ្ម គិត បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅមុននេះបន្តិច ថា ស្ថាប័នថ្មីខាងលើ គ្រាន់តែជា «យន្តការលួងចិត្ត ឬជាយន្តការផ្ដល់រង្វាន់» ទៅឲ្យគណបក្សតូចៗ ដែលមួយចំនួនត្រូវបានបង្កើតឡើង យ៉ាងប្រថុចញ៉ុច តែប៉ុន្មានសប្ដាហ៍ មុនការបោះឆ្នោតជាតិ ឆ្នាំ២០១៨នេះប៉ុណ្ណោះ។
លោក ព្រហ្ម គិត បានលើកឡើងថា៖ «ឧត្តមក្រុមប្រឹក្សាស្អីហ្នឹង ទោះបង្កើតឡើង តាមព្រះរាជក្រិត្យក៏ដោយ តែនៅក្រោមការគ្រប់គ្រង របស់ទីស្ដីការគណរដ្ឋមន្ត្រី ស៊ីប្រាក់ខែរបស់ទីស្ដីការគណរដ្ឋមន្ត្រី អញ្ចឹងវាជាស្ថាប័ន ដែលនៅក្រោមរដ្ឋាភិបាលលោក ហ៊ុន សែន និងគ្មានប្រយោជន៍អ្វីឡើយ។ ផ្ទុយទៅវិញ ខ្ញុំយល់ថា វាគ្រាន់តែពង្រីកក្បាលរដ្ឋាភិបាល ដែលរងការចោទប្រកាន់ថា គ្មានបានការស្រាប់នោះ ឲ្យកាន់តែធំឡើង និងចំណាយថវិកាជាតិ ដោយខ្ជះខ្ជាយប៉ុណ្ណោះ។»។
អតីតអ្នកច្បាប់ បានបន្តទៀតថា មិនត្រឹមតែប៉ុណ្នឹងទេ ការបង្កើត«ឧត្ដមក្រុមប្រឹក្សា»នេះ ជាការជាន់ឈ្លី ស្ថាប័នជាតិផ្សេងទៀត ជាពិសេសស្ថាប័នព្រះមហាក្សត្រតែម្ដង។ លោកថា៖ «មុននឹងនិយាយថា បង្កើតស្ថាប័ននេះឡើង តើលោក ហ៊ុន សែន បានពិគ្រោះជាមួយស្ថាប័នជាតិ ធំៗផ្សេងទៀតហើយឬនៅ? តើព្រះមហាក្សត្រ គ្រាន់តែជាក្សត្រ ដែលគង់រង់ចាំចេញព្រះរាជក្រិត្យ ឲ្យលោក ហ៊ុន សែន បង្កើតស្ថាប័ននេះស្ថាប័ននោះ ស្រេចនឹងចិត្តដូច្នេះឬ?»។
សូមបញ្ជាក់ដែរថា គណបក្សចំនួនបួន បានបដិសេធមិនចូលរួម តាមការអញ្ជើញរបស់លោក ហ៊ុន សែន ទេ គឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដឹកនាំដោយលោក ខឹម វាសនា - គណបក្សមាតុភូមិយើង ដឹកនាំដោយលោក ច័ន្ទ ប៊ុនហន - គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដឹកនាំដោយលោក យ៉េង វីរៈ និងគណបក្សខ្មែរឈប់ក្រ ដឹកនាំដោយលោក ក្រវ៉ាញ ដារ៉ន។ រីឯគណបក្សខ្មែរសាធារណៈរដ្ឋ ដែលដឹកនាំដោយលោក លន់ ឬទិ្ធ បានចូលរួមតាមការអញ្ជើញ តែប្រកាសមិនទាន់គាំទ្រ គម្រោងខាងលើនៅឡើយ ដោយសុំដកឃ្លា ទៅពិគ្រោះយោបល់ ជាមួយសហសេវិក របស់ខ្លួនសិន៕