ក្រុមបច្ចេកទេសគណបក្សទាំងពីរ ពិភាក្សាលើការកែទម្រង់ បោះឆ្នោត
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៨ សីហា ២០១៤
- កែប្រែចុងក្រោយ: August 28, 2014
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោមសមាសភាព១០នាក់ នៃភាគីទាំងសងខាង របស់បក្សទាំងពីរ នាល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ លោក ប៊ិន ឈិន ដឹកនាំគណបក្សប្រជាជនកម្ពុជា ឯលោក គួយ ប៊ុនរឿន ដឹកនាំគណបក្សសង្គ្រោះជាតិ បាននាំក្រុមបច្ចេកទេសរបស់ខ្លួន នាវិមានរដ្ឋសភា ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃស្ថាប័ន គ.ជ.ប ព្រមទាំងសេចក្តីព្រាងច្បាប់ស្នើវិសោធនកម្ម ច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
សមាសភាពមន្រ្តីជាន់ខ្ពស់សំខាន់ៗនៃគណបក្សទាំងពីរ ដែលបានចូលរួមមាន ខាងគណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន, លោក អេង ឆៃអៀង, លោក សុន ឆៃ, លោក ញ៉ែម ប៉ុញ្ញរិទ្ធ, លោក ហូរ វ៉ាន់ និងកញ្ញា គឹម មនោវិទ្យា។ ឯខាងគណបក្សប្រជាជនកម្ពុជារួមមាន លោក ប៊ិន ឈន, លោក ព្រំ សុខា, លោក ជាម យៀប, លោក កើត រិទ្ធិ, លោក សក់ សេដ្ឋា និងលោក សិក ប៊ុនហុក។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិម្នាក់ បានលើកឡើង មុននឹងបន្តកិច្ចពិភាក្សានេះថា ដើម្បីឲ្យស្របតាមស្មារតីកិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ ខែកក្កដា ក្រុមការងារវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់បក្សទាំងពីរ បានធ្វើការផ្តោតសំខាន់ទៅលើសេចក្តីស្នើច្បាប់ ស្តីពីការប្រព្រឹត្តទៅរបស់ស្ថាប័នគ.ជ.ប និងសេចក្តីព្រាងច្បាប់នៃការស្នើវិសោធនកម្មច្បាប់បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ជាបន្តបន្ទាប់។
សូមរំលឹកថា កាលពីថ្ងៃទី១១ ខែសីហា ក្រុមការងារវិសោធនកម្មរដ្ឋធម្មនុញ្ញ របស់បក្សទាំងពីរខាងលើ បានបញ្ចប់កិច្ចប្រជុំរបស់ពួកគេ ជាមួយនឹងគោលការណ៍បីចំណុច ដែលត្រូវបានយកមកពិភាក្សា និងសម្រេច។
គោលការណ៍ទាំងបីនោះ រួមមាន អនុម័តសេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៧៦ និងការបង្កើតជំពូក១៥ថ្មី ស្តីពីអង្គការៀបចំការបោះឆ្នោត និងធ្វើការបោះឆ្នោតជ្រើសតាំងសមាសភាពគ.ជ.បថ្មី។ រៀបចំសេចក្តីព្រាងសេចក្តីស្នើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃស្ថាប័ន គ.ជ.ប និងរៀបចំសេចក្តីព្រាងសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ និងទីបី ស្វ័យភាពនៃការរៀបចំមន្ត្រីបោះឆ្នោត នៅថ្នាក់ក្រោមជាតិ តាមរយៈការគំទ្រនៃតំណាងបក្សទាំងពីរ សម្រេចដាក់ក្នុងសេចក្តីស្នើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។