សោម អូន៖ តម្លើងប្រាក់ឈ្នួលគំហុក១០០% មាន«គ្រោះ»ដល់សេដ្ឋកិច្ច
ក្នុងពេលដែលកម្មករកាន់តែច្រើនឡើងៗ បាននឹងបន្តធ្វើ«កូដកម្ម»របស់ពួកគេនោះ សហព័ន្ធសហជីពកម្មករកម្ពុជាបានសម្តែងការព្រួយបារម្ភ និងចោទគណបក្សសង្គ្រោះជាតិថា កំពុងញុះញង់កម្មករ។ សហព័ន្ធដែលមានលោក សោម អូន ជាប្រធាននេះ បានលើកហេតុផលថា គណបក្សជំទាស់កន្លងមក បានបង្ហាញគោលជំហគាំទ្រឲ្យមានការតម្តើងប្រាក់ឈ្នួលគោល ដល់កម្មករ១៦០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ ខណៈកំណើនសេដ្ឋកិច្ចកម្ពុជា មិនអាចឆ្លើយតបទៅនឹងការទាមទារ ហើយបានអះអាងទៀតថា គណបក្សសង្រ្គោះជាតិ កំពុងយកនយោបាយមកពាក់ព័ន្ធជាមួយបញ្ហាបច្ចេកទេស ដែលវាអាចបង្កគ្រោះថា្នក់ដល់សេដ្ឋកិច្ច និងសង្គម។
ក្រុមកម្មករ ដែលដង្ហែក្បួនបាតុកម្មមកកាន់ទីលានប្រជាធិបតេយ្យ នៅថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)
វិស័យការងារ - លើសពីការចេញសេចក្តីថ្លែងការណ៍ ដែលបានចេញកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ លោក សោម អូន ប្រធានសហព័ន្ធសហជីពកម្មករកម្ពុជា ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ បានពន្យល់ថា មុនការសម្រេចតម្លើងប្រាក់ខែ ក្នុងកម្រិតណាមួយឲ្យកម្មករ ដៃគូពាក់ព័ន្ធមានទាំងរដ្ឋាភិបាល សហជីព និងភាគីនិយោជក បានសិក្សាស្វែងយល់គ្រប់ជ្រុយជ្រោយរួចអស់ហើយ អំពីលទ្ធភាពនៃការតម្លើង និងការធានានិរន្តរភាពសេដ្ឋកិច្ច។
លោក សោម អូន បញ្ជាក់ថា៖ «ការឡើងគំហុក១០០% គ្រោះថ្នាក់ណាស់សម្រាប់សេដ្ឋកិច្ចប្រទេសជាតិយើង យើងគួរយកលទ្ធភាពនេះ(...)។ ការប្រជុំកន្លងមករវាងដៃគូពាក់ព័ន្ធ មាន២៣នាក់ឯភាព រីឯ២នាក់ទៀតបដិសេធចំពោះលទ្ធផលនេះ។ យើងមើលគោលការណ៍ប្រជាធិបតេយ្យ មតិភាគច្រើនគោរពមតិភាគតិច ឬមតិភាគតិចគោរពមតិភាគច្រើន? ដូច្នេះអ្នកនយោបាយ មិនគួរពាក់ព័ន្ធរឿងបច្ចេកទេសនោះទេ វាជាការព្រួយបារម្ភ។»
សូមរម្លឹកថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ដៃគូពាក់ព័ន្ធដែលមានសមាសភាពក្រសួងការងារ សហជីព និងភាគីនិយោជក បានសម្រេចតម្លើងប្រាក់ឈ្នួល ដល់កម្មកររោងចក្រកាត់ដេរក្នុងរយៈពេល១ឆ្នាំៗ ចាប់ពី១៥ដុល្លារ ដល់១៧ដុល្លារ ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៨។ សេចក្ដីសម្រេចនេះ បានបូកជាមួយប្រាក់ខែគោល មានស្រាប់ចំនួន៨០ដុល្លារ នៅឆ្នាំ២០១៤នេះ ដែលធ្វើឲ្យកម្មករអាចទទួលបានប្រាក់ខែគោលចំនួន៩៥ដុល្លារ ហើយរហូតដល់ឆ្នាំ២០១៨ ទើបកម្មករទទួលបានប្រាក់ខែគោល១៦០ដុល្លារ។
គោលការណ៍ប្រជាធិបតេយ្យ ដែលមានការរៀបចំទុក ដើម្បីឈ្នះ?
សេចក្ដីសម្រេចនេះ បានធ្វើឲ្យមេដឹកនាំសហជីពមួយចំនួន សម្ដែងការខកចិត្ត និងអំពាវនាវឲ្យកម្មករធ្វើ«កូដកម្ម» ព្រោះការតម្លើងនេះ វាមិនអាចឆ្លើយតបទៅនឹងតម្រូវការក្នុងការទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។ សេចក្តីអំពាវនាវ និងការតវ៉ានេះ ត្រូវបានគណបក្សសង្រ្គោះជាតិសម្តែងការគាំទ្រ និងអំពាវនាវឲ្យកម្មករចូលរួម ជាមួយខ្លួន ក្នុងការដាក់សម្ពាធលើរដ្ឋាភិបាល ដើម្បីទទួលបានជោគជ័យជាមួយគ្នា។
ទាក់ទងនឹងសមាសភាពប្រជុំ នៅក្នុងគណកម្មាធិការដើម្បីសម្រេចពីការតម្លើងប្រាក់ឈ្នួលនោះ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (ស៊ីខាវឌូ) បានលើកឡើងពីភាពគ្មានតុល្យភាពក្នុងការបោះឆ្នោត ដោយសារតែសម្លេងពីខាងក្រសួងមានចំនួនដល់ទៅ ១១សម្លេង បូករួមនឹងសម្លេងពីខាងនយោជក ដែលមាន៧សម្លេងដែរនោះរួចទៅហើយ។ ចំណែកសហជីពតំណាងឲ្យកម្មករ មានតែ៧សម្លេងប៉ុណ្ណោះ ហើយសហជីពចំនួនប្រាំបានគាំទ្រ ការតម្លើងប្រាក់ឈ្នួលនេះ។ សូមអានអត្ថបទដែលទាក់ទងនេះឡើងវិញ ដោយចុចនៅលើទីនេះ។
ជុំវិញការលើកឡើងរបស់លោក សោម អូន ត្រូវបានអនុប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ ក្នុងទឹកដីខេត្តកំពង់ឆ្នាំង ចំពោះមុខហ្វូងបាតុករបានលើកឡើងថា មូលហេតុដែលមិនអាចតម្លើងប្រាក់ឈ្នួលឲ្យបានដូចការទាមទាររបស់កម្មករ ព្រោះរដ្ឋាភិបាលបច្ចុប្បន្នជារដ្ឋាភិបាលពុករលួយ។ អនុប្រធានគណបក្សជំទាស់រូបនេះបន្ថែមថា កម្មករត្រូវចូលរួមជាមួយគណបក្សសង្រ្គោះជាតិ ទាមទារប្រាក់ឈ្នួលគោល ១៦០ដុល្លារឲ្យបានត្រឹមឆ្នាំ២០១៤នេះ ដោយមិនត្រូវរង់ចាំដល់ឆ្នាំ២០១៨នោះទេ៕
---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ