បេសកកម្មបន្លាលួសរបស់ កូហ្វី អាណាន់ អតីតអគ្គលេខាធិការ អ.ស.ប
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២០ សីហា ២០១៨
- កែប្រែចុងក្រោយ: August 20, 2018
- ប្រធានបទ: វីរភាព
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមសង្ខេបជូនដូចខាងក្រោម ពីវីរភាព ស្នាដៃ ដ៏សំខាន់ៗមួយចំនួន របស់លោក កូហ្វូ អាណាន់ (Kofi Annan) ឥស្សរជនការទូតជាន់ខ្ពស់ មានដើមកំណើតពីប្រទេសហ្គាណា (ទ្វីបអាហ្វ្រិកខាងលិច) ហើយដែលត្រូវបានជ្រើសតាំង ឲ្យក្លាយជាអគ្គលេខាធិការទី៧ នៃអង្គការសហប្រជាជាតិ៖
ស្នាដៃដ៏ធំជាងគេ របស់លោក កូហ្វី អាណាន់ គឺការកែទម្រង់ស្ថាប័នពិភពលោកមួយនេះ ទាំងក្នុងដំណើរការខាងក្នុង និងនៅលើឆាកអន្តរជាតិ។ ចាប់ពីលោកបានឡើងកាន់កាប់តំណែង ជាមេដឹកនាំកំពូល នៃស្ថាប័ននេះមក អង្គការសហប្រជាជាតិ បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងជម្លោះ-សង្គ្រាម រវាងប្រទេសជាច្រើន ជាពិសេសនៅអៀរ៉ាក់ រួមនឹងសំនុំរឿងអន្តរជាតិផ្សេងៗទៀត។
លោកបានកាន់កាប់តំណែង ជាអគ្គលេខាធិការ អ.ស.ប ចំនួន២អាណត្តិ រាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៧ មកទល់នឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៦។ ប៉ុន្តែនៅពេលលោកបានបញ្ចប់តំណែង ដ៏កំពូលនេះទៅ លោកបានរងការចោទប្រកាន់ ថាមានជាប់ពាក់ព័ន្ធ ឬប្រើឥទ្ធិពលរបស់ខ្លួន នៅក្នុងសំនុំរឿងអំពើពុករលួយ ជុំវិញកម្មវិធី «ប្រេងកាត ប្ដូរជា ចំណីអាហារ (Oil-for-Food Programme)» ដែលជាកម្មវិធីមនុស្សធម៌មួយ របស់អង្គការសហប្រជាជាតិ ដើម្បីជួយដល់ប្រជាជន នៅអៀរ៉ាក់។ ប៉ុន្តែការចោទប្រកាន់នេះ មិនមានមូលដ្ឋានច្បាស់លាស់ ដែលអនុញ្ញាតឲ្យតុលាការ នៅក្នុងប្រទេសបារាំង អាចដាក់កំហុស ឬផ្ដន្ទាទោស ដោយផ្ទាល់ទៅលើរូបលោកឡើយ។
សំដីមាស
សកម្មភាព និងស្នាដៃរបស់លោក ត្រូវបានទទួលស្គាល់ និងទីបំផុត លោកត្រូវបានជ្រើសរើស ឲ្យទទួលពានរង្វាន់ណូបែលសន្តិភាព ក្នុងឆ្នាំ២០០១ ចំពោះស្នាដៃនៃ«ការខិតខំប្រឹងប្រែងរបស់លោក ដើម្បីធ្វើឲ្យពិភពលោក មានការរៀបចំប្រសើរជាងមុន និងមានសន្តិភាពជាងមុន»។
នៅពេលលោក បានទៅទទួលពានរង្វាន់នេះ ក្នុងរាជធានី អូស្លូ នៃរាជាណាចក្រ ណ័រវេស លោក កូហ្វី អាណាន់ បានថ្លែងឡើងថា៖ «ខ្ញុំបានព្យាយាម រៀបចំទុកដាក់មនុស្សលោក ឲ្យនៅជាស្នូលនៃអ្វីដែលយើងកំពុងធ្វើ៖ នោះគឺការទប់ស្កាត់ជម្លោះ ដល់ការអភិវឌ្ឍ និងសិទ្ធិមនុស្ស»។
នៅក្នុងប្រវត្តិការងាររបស់លោក ដំបូងឡើយ អតីតមេដឹកនាំរូបនេះ ធ្លាប់បានធ្វើជានាយកគ្រប់គ្រង ផ្នែកទេសចរណ៍ នៅក្នុងប្រទេសហ្គាណា ដែលជាមាតុភូមិរបស់លោក ដែលមានរយៈពេល តែប៉ុន្មានឆ្នាំប៉ុណ្ណោះ។ បន្ទាប់ពីនោះមក លោកបានចំណាយពេល សឹងតែទាំងស្រុង ប្រមាណជា៤០ឆ្នាំ នៃជីវិតលោក ដើម្បីបម្រើការនៅក្នុងអង្គការសហប្រជាជាតិ។ លោកបានដឹកនាំ ផ្នែកធនធានមនុស្ស បន្ទាប់មក ផ្នែកកិច្ចការហិរញ្ញវត្ថុ របស់អង្គការសហប្រជាជាតិ មុននឹងចូលប្រឡូក ចាប់តាំងពីឆ្នាំ១៩៩៣ ក្នុងកិច្ចការថែរក្សាសន្តិភាព និងដាក់បេក្ខភាពរបស់លោក នៅបួនឆ្នាំក្រោយមក ដើម្បីក្លាយខ្លួនជាអគ្គលេខាធិការ នៃស្ថាប័នពិភពលោកដ៏កំពូលមួយនេះ។
(សូមចុចលើទំព័របន្ទាប់ ដើម្បីអានឯកសារទាំងនេះ)