វ៉ា គឹមហុង៖ រដ្ឋាភិបាល​មិន​អាច​អត់​ឱន​ឲ្យ អ៊ុំ សំអាន ទេ!

សកម្មភាពលោក អ៊ុំ សំអាន ជាទង្វើ«ញុះញង់» ដែលរាជរដ្ឋាភិបាល មិនអាចអត់អោនឲ្យបានឡើយ។ រដ្ឋាភិបាល​នឹង​ប្រើ​វិធានការ​ច្បាប់ ចំពោះទង្វើនោះ។ នេះជាការថ្លែងរបស់លោក វ៉ា គឹមហុង ក្នុង​សន្និសីទ​សារព័ត៌មាន កាល​ពី​ថ្ងៃ​ទី២៨ ខែ​សីហា ឆ្នាំ​២០១៥ នៅទីស្តីការគណរដ្ឋមន្រ្តី។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៩ សីហា ២០១៥
  • កែប្រែចុងក្រោយ: September 03, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅចំពោះការលើកឡើង របស់លោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រមកពីគណបក្សប្រឆាំង ទាក់ទងនឹងផែនទី​ព្រំដែនកម្ពុជា ដែលលោកទើបនឹងរកបាន ពីបណ្ណាល័យមួយ នៅសហរដ្ឋអាមេរកនោះ លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា របស់រដ្ឋាភិបាលលោក ហ៊ុន សែន បានថ្លែងព្រមានថា រដ្ឋាភិបាល​នឹងចាត់វិធានការ ផ្លូវច្បាប់ប្រឆាំងលោក អ៊ុំ សំអាន ដោយបានហៅទង្វើរបស់លោក សំអាន ថាជាការ​ញុះញង់។ ការ​ថ្លែងរបស់លោក គឺមហុង បានធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ​២០១៥ នៅទីស្តីការគណរដ្ឋមន្រ្តី ដោយលោកស្នើ កុំឲ្យមានការចោទប្រកាន់ មកលើមន្រ្តីរដ្ឋាភិបាល។

ក្រោយការផ្ទៀងផ្ទាត់ផែនទី ជាមួយផែនទី ដែលឲ្យខ្ចីដោយ UN នោះមក លោក អ៊ុំ សំអាន តំណាងរាស្រ្ត​គណបក្សសង្គ្រោះជាតិ បានបន្តស្វែងរកផែនទី នៅក្រៅប្រទេស ពិសេសពីប្រទេសមហាអំណាច។ លោក​បាន​សរសេរ នៅលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៧ ខែសីហា នេះថា៖ «ខ្ញុំបានមករកផែនទី នៅ​បណ្ណា​ល័យ​សភា (Library of Congress)សហរដ្ឋអាមេរិក Washington DC។ ហើយបានរកឃើញ និងទទួលផែនទី​បោន របស់កម្ពុជា ចំនួន២៦ផ្ទាំង ទាំងផែនទី Digital និងផែនទីក្រដាស។ ផែនទីទាំងនេះ សម្តេចតាយកមក​សុំឲ្យ សហរដ្ឋអាមេរិក ទទួលស្គាល់ខ្សែព្រំដែនកម្ពុជា នៅថ្ងៃទី២ ខែមេសា ឆ្នាំ១៩៦៤។ (...) ផែនទីទាំងនេះគ្មាន​ត្រា​យួន និងហត្ថលេខាលោក ឌិត មុន្ទី (ប្រធានតុលាការកំពូលបច្ចុប្បន្ន) និងលោក លីវ វ៉ាន់ ឡើយ ឆ្នាំ១៩៨៥ ដូច​ផែនទី​រដ្ឋាភិបាលទេ។»

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥នេះបានលើកឡើងថា រដ្ឋាភិបាលកម្ពុជា នឹងចាត់វិធានការផ្លូវច្បាប់ភ្លាមៗ នឹងមិនលើកលែងបុគ្គលណា ឬក្រុមណា ដែលបាននិយាយថា រដ្ឋាភិបាល​កម្ពុជា ប្រើប្រាស់ «ផែនទីចោរ» ឬ«ផែនទីក្លែងក្លាយ» នោះឡើយ។ ជាមួយនឹងការដាក់កំហិតនេះ លោកបន្តថា លោកនឹង​ចាំបាច់បន្តសុំផែនទី ពីបណ្តាប្រទេសសណា មកធ្វើការផ្ទៀងផ្ទាត់ទៀតដែរ អ្វីដែលលោកស្នើសុំ​កន្លង​មកនេះ គ្រាន់តែដើម្បីឲ្យប្រជាពលរដ្ឋ អស់ចិត្តប៉ុណ្ណោះ។ ការពិត ផែនទីដែលរដ្ឋាភិបាល កំពុងប្រើប្រាស់នេះ ត្រូវ​​បានព្រះមហាក្សត្រ ក៏ដូចជារដ្ឋសភា បានយល់ព្រម ឲ្យរដ្ឋាភិបាលប្រើប្រាស់សន្ធិសញ្ញា បំពេញបន្ថែម​ឆ្នាំ២០០៥ រួច​មកហើយ។

ប្រធានគណៈកម្មាធិការកិច្ចការព្រំដែន កម្ពុជា លោក វ៉ា គឹមហុង អះអាងថា មិនបានដឹងច្បាស់ថា តើ​ព្រះបរមរតន​កោដ្ឋ ពិតជាបានយកផែនទីកម្ពុជាតម្កល់ទុក នៅអង្គការសហប្រជាជាតិ កាលពីឆ្នាំ១៩៦០ ឬ​យ៉ាង​ណានោះទេ។ លោកបានអះអាងថា៖ «យើងអត់ហ៊ានថា លោក (សម្តេច សីហុន) ផ្ញើ ឬមិនផ្ញើ»។ លោកថា កាល​នោះ លោកគ្រាន់តែជាមន្រ្តីធម្មតាម្នាក់ នៅក្នុងក្រសួងការបរទេសកម្ពុជាប៉ុណ្ណោះ។ លោកមិនបានដឹង ពីការចេញចូលឯកសារ ឬផ្ញើឯកសារទៅក្រៅប្រទេសទេ។ លោកថាអតីតរដ្ឋលេខាធិការ ក្រសួង​ការបរទេស លោក ហួត សម្បត្តិ ទើបអាចដឹងព្រោះ ជាអ្នកដឹងលឺពីការចេញចូល ឯកសារទាំងនោះ។

ចំពោះប្រធានក្រុមស្រាវជ្រាវកិច្ចការព្រំដែន នៃរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ក៏ធ្លាប់បានថ្លែងថា៖ «ប្រវត្តិ​សាស្រ្តនិយាយតៗគ្នា ថាយើងបានតម្កល់ផែនទី នៅឆ្នាំ១៩៦៣-១៩៦៩។ តាមពិត (ឆ្នាំ) ៦៣ដល់ ៦៩នេះ គឺ​ជា​ផែនទីទម្លាក់គ្រាប់បែក ដែលបានឈ្លានពាន ហើយគេបានប្រាប់ថ្ងៃខែឆ្នាំដែលទម្លាក់គ្រាប់បែក។» នៅ​ចំពោះ​ការថ្លែងឡើង របស់លោក អ៊ុំ សំអាន ខាងលើនេះ លោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវកិច្ចការ​ព្រំដែន នៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី ថ្ងៃទី២៧ សីហា ឆ្នាំ២០១៥នេះ បានផ្ញើលិខិតទៅអ្នក​តំណាង​រាស្ត្រ​រូប​នេះ ដើម្បីខ្ចីផែនទីយកមកផ្ទៀងផ្ទាត់ ជាមួយផែនទីដែលក្រុមស្រាវជ្រាវ។ លោក សុខ ទូច បន្តទៀតថា លោក អ៊ុំ សំអាន នឹងរៀបចំជូនតាមសំណើនៅពេលឆាប់ៗនេះ។

តាមមាត្រា២ នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានចែងថា បូរណភាពទឹកដី របស់ព្រះរាជាណាចក្រកម្ពុជា មិនអាច​រំលោភបានដាច់ខាត ក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ ក្នុងផែនទីខ្នាត១/១០០.០០០ ធ្វើនៅចន្លោះ​ឆ្នាំ​១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ ជាអន្តរជាតិ នៅចន្លោះឆ្នាំ១៩៦៣-១៩៦៩៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...