កឹម សុខា៖ សង្រ្គោះជាតិនឹងធ្វើឲ្យអ្នកគាំទ្រ ស្គាល់ច្បាស់ពីជំហរបក្ស
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៥ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 25, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គណបក្សសង្រ្គោះជាតិ នឹងបង្ហាញឲ្យបានច្បាស់ ពីគោលជំហរនយោបាយរបស់គណបក្សដល់អ្នកគាំទ្រ ដើម្បីជៀសវាងការភ័ន្តច្រឡំ ដែលធ្វើឲ្យធ្លាក់ប្រជាប្រិយភាព។ នេះជាការពន្យល់របស់លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ខណៈដែលលោកយល់ថា ស្ថានការណ៍ចុងក្រោយនេះ ធ្វើឲ្យមានភាពស្រពិចស្រពិលពីជំហរគណបក្ស។
លោកកឹម សុខា នៅពិធីជួបជាមួយអ្នកគាំទ្រគណបក្សលោក។ (រូបថតគណបក្ស)
នយោបាយ - គោលដៅអត្ថិភាពរបស់គណក្សសង្រ្គោះជាតិ ដែលត្រូវធ្វើនៅក្នុងរដ្ឋសភា មុននឹងសម្រេចធ្វើកិច្ចការអ្វីផ្សេងទៀត គឺការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប និងការពង្រឹងតួនាទីរបស់គណបក្សជំទាស់ នៅក្នុងរដ្ឋសភា។ នេះជាការបញ្ជាក់របស់លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ដល់អ្នកសារព័ត៌មាន នៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ នេះ។
អនុប្រធានគណបក្សសង្រ្គោះជាតិដដែលនេះ សង្កត់ធ្ងន់ថា៖ «បើការបោះឆ្នោតកែទម្រង់មិនបានល្អទេ ស្រុកយើងមិនបានសុខទេ។ បោះឆ្នោតហើយនឹងឈ្លោះគ្នាទៀត។ បោះឆ្នោតរឿងធំជាងគេ។» លោកកឹម សុខា ពន្យល់ទៀតថា បើគ្មានការបោះឆ្នោតត្រឹមត្រូវ ដែលអាចផ្តល់ឱកាសដល់ប្រជាពលរដ្ឋ មានសិទ្ធិជ្រើសរើសមេដឹកនាំ ដែលគាត់ពេញចិត្ត បញ្ហានឹងនៅតែមាន។
សន្និបាតគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៤ គណបក្សសង្រ្គោះជាតិ នឹងដាក់ទិសដៅទៅមុខសម្រាប់គណបក្សសង្រ្គោះជាតិ ដើម្បីបង្កើនសកម្មភាពរបស់ខ្លួន ព្រោះរហូតមកដល់ពេលនេះ អ្នកគាំទ្ររបស់គណបក្ស ហាក់ដូចជាមានមន្ទិលសង្ស័យ ពីគោលជំហររបស់គណបក្ស។ លោកកឹម សុខា បានអះអាងទៀតថា គណបក្សសង្រ្គោះជាតិ នឹងពង្រឹកជំនឿរបស់ប្រជាពលរដ្ឋ មកលើគណបក្ស។
ប្រតិកម្មសម្តែងការពេញចិត្តពីសហគមន៍ជាតិ និងអន្តរជាតិបានធ្លាក់មកជាបន្តបន្ទាប់ ក្រោយពីគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា បង្កើតកិច្ចព្រមព្រៀងនយោបាយ ដើម្បីបិតបញ្ចប់វិបត្តិនយោបាយ ដែលបានអូសបន្លាយពេលជិតមួយឆ្នាំមកហើយនោះ។ តែទន្ទឹមនឹងនេះ ក៏មានប្រតិកម្មសម្តែងការមិនពេញចិត្តមួយចំនួន ចំពោះកិច្ចព្រមព្រៀងនយោបាយ របស់គណបក្សទាំងពីរផងដែរ ពិសេសអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ៕