ជប៉ុន​បញ្ជាក់​ជំហរ​ចង់​ឲ្យ​ការ​បោះឆ្នោត​នៅ​កម្ពុជា មាន​ភាព​សេរី​និង​យុត្តិធម៌

ក្នុងដំណើរមកកាន់ប្រទេសកម្ពុជា ទីប្រឹក្សារបស់លោក ស៊ីនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់ពីជំហរ របស់ប្រទេសជប៉ុន ចង់ឃើញការបោះឆ្នោត នៅកម្ពុជា ប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ លោកទីប្រឹក្សារូបនោះបានថ្លែងដូច្នេះ នៅក្នុងជំនួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា កាលពីថ្ងៃសុក្រម្សិលម៉ិញ។
ជប៉ុន​បញ្ជាក់​ជំហរ​ចង់​ឲ្យ​ការ​បោះឆ្នោត​នៅ​កម្ពុជា មាន​ភាព​សេរី​និង​យុត្តិធម៌
ពីឆ្វេងទៅស្ដាំ៖ លោក កងតារ៉ូ សូនូរ៉ា ទីប្រឹក្សានាយករដ្ឋមន្ត្រីជប៉ុន និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៤ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 24, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក កង់តារ៉ូ សូនូរ៉ា (Kentaro SONOURA) ទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់ពីជំហរ របស់ប្រទេសជប៉ុន «ដែលចង់ឃើញការបោះឆ្នោត ក្នុងខែកក្កដាខាងមុខនេះ ជាការបោះឆ្នោត ដែលប្រព្រឹត្តទៅ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌»។ នេះ ជាការអះអាង របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ដែលបានថ្លែងប្រាប់ ក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួប រវាងលោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងលោក កង់តារ៉ូ សូនូរ៉ា ក្នុងព្រឹកថ្ងៃទី២៣ ខែមីនា។

លោក កង់តារ៉ូ សូនូរ៉ា  កំពុងមានវត្តមាន នៅក្នុងប្រទេសកម្ពុជា ដើម្បីជួបជជែក ពីបញ្ហាមួយចំនួន នៅក្នុងតំបន់ និងពីកិច្ចសហប្រតិបត្តិការទ្វេភាគី ជប៉ុន-កម្ពុជា។ ទីប្រឹក្សានាយករដ្ឋមន្ត្រីជប៉ុន​រូបនេះ ត្រូវជួបពិភាក្សា ជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងមន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាលកម្ពុជា ជាច្រើននាក់ នៅក្នុងរយៈពេល នៃដំណើរទស្សនកិច្ចរបស់លោក។

លោក ជុំ សុន្ទរី បានស្រង់សំដីទីប្រឹក្សានាយករដ្ឋមន្ត្រីជប៉ុន មកបញ្ជាក់ទៀតថា លោក សូនូរ៉ា មិនមានបំណង ចង់ជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទេ តែចង់ឃើញកម្ពុជា នៅតែមានចំណងទាក់ទងដ៏ល្អប្រសើរដដែល ជាមួយសហគមន៍អន្តរជាតិ។

អ្នកនាំពាក្យ បានស្រង់ចម្លើយ របស់រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅក្នុងជំនួបនោះ មករៀបរាប់ថា វិធានការធ្វើចំពោះគណបក្សសង្គ្រោះជាតិ ប្រធានគណបក្ស លោក កឹម សុខា និងមន្ត្រីគណបក្សទាំង១១៨រូបនោះ ធ្វើឡើង ដោយផ្អែកលើអង្គច្បាប់ យ៉ាងត្រឹមត្រូវ ដើម្បីរក្សានូវសន្តិភាព និងស្ថិរភាពរបស់ប្រទេស។

គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងសំខាន់ជាងគេ នៅកម្ពុជា ត្រូវបានរំលាយ ដោយអំណាចសាលក្រម ដ៏ចម្រូងចម្រាស របស់តុលាការកំពូល កាលពីពាក់កណ្ដាលខែវិច្ឆិកា។ តុលាការដដែល ក៏បានសម្រេចដកហូតសិទ្ធិធ្វើនយោបាយ ពីមន្ត្រីគណបក្សនេះ ចំនួន១១៨នាក់ដែរ។ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយរួច ច្បាប់កែថ្មីស្ដីពីគណបក្សនយោបាយ ដែលទើបធ្វើវិសោធនកម្ម ដោយរដ្ឋសភាគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាត ឲ្យរឹបអូសយកអសនៈទាំងអស់ ទាំងថ្នាក់ជាតិ ទាំងថ្នាក់មូលដ្ឋាន របស់គណបក្សប្រឆាំង ទៅចែកឲ្យគណបក្សផ្សេង ឬគណបក្សប្រជាជនកម្ពុជាខ្លួនឯង។

នៅក្រោយ​វិធានការទាំងនេះ ប្រទេសធំៗជាច្រើន មានសហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបជាដើម បានប្រកាស​ព្យួជំនួយ​របស់ផងខ្លួន សម្រាប់គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត នៅកម្ពុជា។ ផ្ទុយទៅវិញ ប្រទេសជប៉ុន នៅតែបន្តផ្ដល់ជំនួយរបស់ខ្លួន និងព្រមទាំងបានប្រកាស កាលពីខែកុម្ភៈកន្លងមក បន្ថែមជំនួយ ប្រមាណជា ៨០០លានយ៉េន (ត្រូវជា៧,៦លានដុល្លារ) មកឲ្យកម្ពុជា ដោយរាប់បញ្ចូលទាំង ហិបឆ្នោត​ផលិតនៅប្រទេសជ៉ប៉ុន និងសម្ភាៈមួយចំនួនទៀត សម្រាប់បម្រើឲ្យកាបោះឆ្នោត។

ប្រទេសជប៉ុន មិនបានចូលរួម ជាមួយបណ្ដាប្រទេសទាំង៤៥ ដែលបានចេញសេចក្ដីថ្លែងការណ៍រួម កាលពីថ្ងៃពុធ នៅក្នុងអង្គប្រជុំលើកទី៣៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ អំពាវនាវឲ្យប្រទេសកម្ពុជា ត្រូវស្ដារនីតិសម្បទា របស់គណបក្សប្រឆាំងឡើងវិញ រួមទាំងមន្ត្រីរបស់គណបក្សផង ព្រមទាំងត្រូវលប់ចោល នូវការធ្វើវិសោធនកម្មទាំងអស់ នៃច្បាប់​ស្ដីពីគណបក្សនយោបាយ ដែលត្រូវបានធ្វើឡើង យ៉ាងចម្រូងចម្រាសក្នុងពេលកន្លងមកនោះទេ។

ប៉ុន្តែតំណាងអចិន្រ្តៃយ៍ នៃប្រទេសជប៉ុន ប្រចាំក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ បានលើកឡើង នៅក្នុងការថ្លែងមួយដោយឡែកថា៖

«ជប៉ុនបន្តសន្ទនា ជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណង បង្កើតឲ្យមានការសន្ទនានយោបាយ រវាងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានា និងបង្កើតឲ្យមាន នូវលំហរដោយសេរី ឈានទៅរកការបោះឆ្នោត នៅខែកក្កដា ឆ្នាំ២០១៨ ដែលឆ្លុះបញ្ចាំង ពីឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជា។ ជប៉ុន ក៏បានរំឮកពីកិច្ចខិតខំ​ប្រឹងប្រែង​ជាបន្ត​របស់ខ្លួន ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស៍ និងបានបង្ហាញពីក្តីសង្ឃឹមថា ខ្លួនអាចជួយដល់ស្ថានការណ៍បច្ចុប្បន្នបាន។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...