កីឡាអូឡាំពិច២០១២៖ ពិធីសម្ភោធថ្ងៃដំបូង សំរាប់ទទួល កីឡាគ្រប់ប្រភេទ
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: July 29, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គឺថ្ងៃនោះតែម្ដង ដែលការជួបប្រកួត កីឡាអូឡាំពិកលើកទី១៧ នៃសម័យកាលទំនើប បានចាប់ផ្ដើម។ ៤ឆ្នាំបន្ទាប់ពីទីក្រុង ប៉េកាំង នៃសារធារណរដ្ឋប្រជាមានិតចិន ទីក្រុងឡុងដ៍នៃចក្រភព្រអង់គ្លេស នៅឆ្នាំនេះ បានទទួលការប្រកួត ជាលក្ខណៈ អន្តរជាតិដ៏ធំជាងគេនេះ នៅជារៀងរាល់៤ឆ្នាំម្ដង ដែលមានអ្នកចូលរួមមកពីគ្រប់ទិសទី នៃពិភពលោក។ ការប្រកួតបាន ចាប់ផ្ដើមពីយប់ថ្ងៃទី២៧កក្កដានេះ ហើយនឹងមានរយះពេល១៧ថ្ងៃ ដើម្បីផ្ដល់ទៅអោយកីឡាករគ្រប់រូប នូវឱកាសថ្លៃថ្លា ក្នុងការដណ្ដើម មេដាយ (មាស ប្រាក់ និងសំរិត) មកជូនមាតុប្រទេសរបស់ខ្លួន។
ពហុកីឡាដ្ឋានជាតិ ស្រ្តាតហ្វ័រ ក្នុងពេលសម្ភោធបើកប្រកួតកីឡាអូឡាំពិក ទីក្រុងឡុងដ៍ឆ្នាំ២០១២។
ពីធីសម្ភោធនៅយប់ថ្ងៃដំបូង ចក្រភព្រអង់គ្លេសទាំងមូល រាប់ពីព្រះមហាក្សត្រីយ៉ានី នៃប្រទេសនេះផង បានបង្ហាញទៅ កាន់ពិភពលោកថា នូវមានភាពសប្បាយរីករាយ និងមោទនភាពជាខ្លាំង ក្នុងនាមជាម្ចាស់ផ្ទះ ដែលបានមករៀបចំកីឡា អូឡាំពិកដ៏ធំនេះ។ នៅក្នុងពហុកីឡាដ្ឋានជាតិ ស្រ្តាតហ្វ័រ បានទទួលផ្ទុកបណ្ដាជន អោយចូលទៅទស្សនាអបអរ ពិធី សម្ភោធថ្ងៃដំបូងនេះ មានចំនួនដល់ទៅជាង ៨០ ០០០នាក់ ដែលក្នុងនោះរួមមាន ថ្នាក់ដឹកនាំកំពូល នៃបណ្ដាប្រទេសជាង ៦០មកចូលរួមផង។
យើងបានឃើញ នូវការរៀបចំឈុតឆាតសម្ដែង របៀបអង់គ្លេស គួរអោយរំភើប និងកោតស្ងប់ស្ងែង ដ៏អស្ចារ្យមួយ ដែល ដឹកនាំរៀបក្រឡា ដោយសមិទ្ធិករភាពយន្ដ របស់អង់គ្លេសម្នាក់ ឈ្មោះ ដានី ប៊យលី (Dany Boyle)។
ការលោតឆ័ត្រយោង ដោយ ព្រះមហាក្សត្រីយ៉ានី ជាមួយនឹង ភ្នាក់ងារ០០៧
ភាពយន្ដខ្នាតខ្លីមួយ មានរយះពេល ប្រហែលជាង២នាទី ត្រូវបានគេថតទុក ដោយសំដែងតួរដោយ ដានីញ៉ែល ក្រេជ (Daniel Craig) ដើរតួរជា ហ្សែម ស៊្បន ឬភ្នាក់ងារ០០៧។ នៅលើផ្ទាំងសំពត់សរ ដែលគេបានបញ្ចាំងខ្សែរភាពយន្ដនេះ នៅក្នុងពហុកីឡាដ្ឋាន គេឃើញ ភ្នាក់ងារ០០៧ បានចាកចេញពីព្រះបុរមរាជវាំង ប៊ែកឃីញហាម (Buckingham) ដង្ហែ ស្ដេចស្រីរបស់ខ្លួន ជិះនៅក្នុងអេលីកុបទែរមួយ ឆ្ពោះមកកាន់ពហុកីឡាដ្នាន ដើម្បីចូលរួមក្នុងពិធីសម្ភោធនេះ។
លុះភាពយន្ដបានបញ្ចាំង ពេលអេលីកុបទែរ បានធ្វើដំណើរជិតមកដល់ គេក៏ស្រាប់តែឃើញអេលីកុបទែរមែនទែននេះ ផុសចេញ នៅពីលើពហុកីឡាដ្ឋាន មកតែម្ដង។ ដូចបានគ្រងទុក ស្ដេចស្រីសិប្បនិមិត្ត និងភ្នាក់ងារសំងាត់អង់គ្លេស ទាំងពីរកាយ បានបន្ដសម្ដែងជាបន្ដទៅទៀត ដោយបានលោតឆ័ត្រយោង ចូលមកក្នុងពហុកីឡាដ្ឋាន រហូតលុះត្រា ព្រះមហាក្សត្រីយ៉ានី អេលីហ្សាប៊ែត ទី២ និងស្វាមី (មែនទែន) បានបញ្ចេញព្រះកាយ នៅលើវេទិកា។
ឈុតឆាក បានប្រព្រឹត្តទៅក្រោមស្នូរទះដៃ យ៉ាងកងរំពង ពីទស្សនិកជន ជាមួយនឹងសកម្មរេរាំនៃ ភ្លើងហ្វាបញ្ចាំងចុះឡើង ពេញទាំងក្នុងពហុកិឡាដ្ឋាន និងបាញ់ឡើងទៅលើមេឃ។ ពិធីសម្ភោធបានធ្វើបន្ដ ជាមួយនឹងព្រះរាជសង្កថាស្វាគមន៍ របស់មហាក្សត្រីយ៉ានី រហូតមានការគាំទ្រ ដោយការបាញ់ កាំជ្រួចយ៉ាងល្អពិសេស៕
សូមទស្សនា ខ្សែរភាពយន្ដខ្លីនេះ និងការបាញ់កាំជ្រួចនៅលើពហុកីឡាដ្ឋាន ដូចតទៅ៖
--------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ