មាជ សុណ្ណារ៉ា៖ ហ៊ុន សែន ចាស់ហើយ នឹងមានគុណធម៌សម្រាប់ក្មេង
- ដោយ: ក. វិច្ចនី អត្ថបទ៖ក. វិច្ចនី ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី ១១ មីនា ២០១៥
- កែប្រែចុងក្រោយ: March 11, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«លោក ហ៊ុន សែន កាន់តែចាស់ហើយ នឹងមានគុណធម៌សំរាប់ក្មេងៗជំនាន់ក្រោយ» នេះការថ្លែង របស់លោក មាជ សុវណ្ណារ៉ា ទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីការប្រកាសសាលដីកា របស់តុលាការកំពូល នៅព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៤នេះ។ ជនត្រូវចោទរូបនេះ បានថ្លែងថា អ្នកដែលមានទោសសំលាប់មនុស្ស និងអ្នកញៀនគ្រឿងញៀន បែរជាអាចនៅក្រៅឃុំបាន ឯលោកជាអ្នកនយោបាយមានគុណធម៌ និងជាបញ្ញាវន្ដ ដែលបានរៀនសូត្រចេះដឹង មកពីស្រុកគេ បែរជាត្រូវជាប់ទោសទៅវិញ។ នេះជារឿងអយុត្តិធម៌មួយ សំរាប់រូបលោក។
តុលាការកំពូល បានប្រកាសសាលដីកា តំកល់ការសម្រេច របស់សាលាឧទ្ទរណ៍ ក្នុងការមិនឲ្យលោក មាជ សុវណ្ណារ៉ា នៅក្រៅឃុំនោះ ជាបន្តទៅទៀត។ លោក មាជ សុវណ្ណារ៉ា នឹងត្រូវបន្តជាប់ឃុំ ក្នុងពន្ធនាគារព្រៃសរ និងរងចាំការបើកសវនាការកាត់ក្តី ចំពោះសំនុំរឿងរបស់លោក នៅពេលក្រោយ។
ក្នុងឱកាសដដែលនោះ ជនត្រូវចោទ ដែលជាមន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិរូបនេះ បានបន្ថែមថា រឿងនេះជារឿងនយោបាយ។ ដូច្នេះរឿងនយោបាយ ត្រូវដោះស្រាយដោយនយោបាយ មិនមែនជាករណីឧក្រិដ្ឋកម្ម ត្រូវដោះស្រាយតាមប្រព័ន្ធតុលាកានោះទេ។
លោក មាជ សុវណ្ណារ៉ា បញ្ជាក់ថា លោកជាមនុស្សម្នាក់ នៅក្នុងចំណោមមនុស្ស ១២៣ នាក់ ក្នុងគណៈបក្សសង្រ្គោះជាតិ ហើយលោកមិនបានដឹកនាំមនុស្ស ទៅធ្វើកុបកម្មនោះទេ ពោលគឺលោកបាននាំគ្នា ទៅបញ្ចេញមតិយោបល់ ប៉ុន្តែបែជាព្រះរាជអាជ្ញាចោទប្រកាន់លោក ថាដឹកនាំមនុស្ស ទៅធ្វើកុបកម្មទៅវិញ។ បុរសមានសញ្ជាតិខ្មែរ-អាមេរិកកាំង រូបនេះ បាននិយាយទៀតថា បើសិនជាលោកមិនខ្វល់ខ្វាយ អំពីប្រជារាស្ត្រខ្មែរទេនោះ ប្រហែលជាលោកត្រឡប់ទៅអាមេរិកវិញបាត់ទៅហើយ ប៉ុន្តែលោកចង់ឲ្យខ្មែរចេះស្រលាញ់គ្នា ដូច្នេះទើបលោក នៅកម្ពុជាបន្តទៀត ដើម្បីជួយអភិវឌ្ឍន៍ប្រទេស។
មេធាវីការពាររឿងក្តី ឲ្យលោក មាជ សុវណ្ណារ៉ា លោក ជូង ជូងី បានលើកឡើងថា ការសម្រេចបន្តឃុំខ្លួនកូនក្តីរបស់លោកថា ជារឿងអយុត្តិធម៌ ព្រោះមិនមានភស្តុតាង ដាក់បន្ទុកច្បាស់លាស់។ លោកមេធាវី បានរៀបរាប់ថា ពេលដែលកូនក្តីរបស់លោក ទៅស្ពាននាគនោះ មិនមែនក្នងនាម ជាមេដឹកនាំនោះទេ ហើយសកម្មភាពនៅទីនោះ មិនមែនជារឿងកុបកម្មនោះទេ ប៉ុន្តែវាជារឿងហឹង្សាក្នុងបាតុកម្ម ហើយហឹង្សាដែលកើតមាននោះ គឺជារឿងបុគ្គលផ្ទាល់ មិនមែនលោក មាជ សុវណ្ណារ៉ា ជាអ្នកដឹកនាំបង្ករឲ្យមានហឹង្សានោះទេ៕