រដ្ឋអ៊ីស្លាមប្រើកុមារឲ្យបាញ់សម្លាប់បុរសម្នាក់ ដែលជាប់ចោទពី«ចារកម្ម»
- ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ភ្នំពេញ ថ្ងៃទី ១១ មិនា ២០១៥
- កែប្រែចុងក្រោយ: March 11, 2015
- ប្រធានបទ: រដ្ឋអ៊ីស្លាម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងវីដេអូដែលមានរយៈពេលជាង១០នាទី ដាក់បង្ហោះកាលពីថ្ងៃអង្គារ គេឃើញបុរសម្នាក់ ដែលគេស្គាល់ថា ជា Muhammad Said Ismail Musallam ជាតិអារ៉ាប់ពាក់កណ្ដាលអ៊ីស្ត្រាអែល ពាក់អាវពណ៌លឿង និងលិខិតឆ្លងដែន នៃប្រទេសអ៊ីស្ត្រាអែល។ បុរសម្នាក់នេះ ត្រូវបានចោទប្រកាន់ ថាបានធ្វើ«ចារកម្ម» ឲ្យក្រុមមួយហៅថា Mossad។
បន្ទាប់មក កុមារដែលឈរនៅក្បែរនោះ បានបាញ់បុរសនេះ មួយគ្រាប់ចំកណ្ដាលក្បាល មុននឹងបន្ថែមជាច្រើនគ្រាប់ទៀត ពីលើសាកសព ដោយស្រែកឡើងថា «ព្រះអាឡាហ៍ ដ៏ខ្ពស់ខ្ពស់ជាងគេ (Allah Akbar)»។
នៅជិតកុមារនោះ ជាយុវជនម្នាក់ទៀត ដែលគេស្គាល់ថា មានជាតិបារាំង ជាបងថ្លៃរបស់ មហាមេដ ម៉េរាហ៍ (Mohamed Merah) ភេវរជនម្នាក់ទៀត ដែលបានបាញ់សម្លាប់ កុមារជាតិជ្វីហ្វជាច្រើននាក់ នៅក្រុងទូលូ ប្រទេសបារាំង។ នេះបើតាមអ្នកការសែតបារាំង ជំនាញខាងការស្រាវជ្រាវ ពីភេវរកម្ម។ យុវជននេះឈ្មោះ សាប៊្រី អេស៊ីដ (Sabri Essid) ហើយបាននិយាយគម្រាម នៅក្នុងវីដេអូនោះ ថានឹងតាមវាយប្រហារ លើជនជាតិអ៊ីស្ត្រាអែល ឬជ្វីហ្វ ទាំងនៅក្នុងប្រទេសបារាំង និងនៅកន្លែងផ្សេងទៀត។
យុវជននេះ បាននិយាយឡើង នៅក្នុងវីដេអូនេះថា៖ «អូ.. ពួកជាតិជ្វីហ្វទាំងឡាយ! ព្រះអាឡាហ៍ បានអនុញ្ញត ឲ្យសម្លាប់ជនជាតិពួកឯង នៅក្នុងទឹកដីបារាំង និងនៅលើទឹកដី នៃរដ្ឋអ៊ីស្លាម។ ក្រុមយុវជន"តោ" របស់យើង នឹងសម្លាប់ជនទាំងអស់ណា ដែលក្រុម Mossad ដ៏ឆ្កួតលីលា បញ្ជូនឲ្យមកធ្វើចារកម្ម លើក្រុមកងស្ម័គ្រប្រយុទ្ធ និងបណ្ដាជនដែលកាន់សាសនាអ៊ីស្លាម។ (...) ការកាន់កាប់ទឹកដី នៃមហាកម្លាំងអ៊ីស្លាម ទើបតែចាប់ផ្ដើមប៉ុណ្ណោះ តែពួកជ្វីហ្វកំពុងញ័រខ្លួន ព្រោះទិសដៅរបស់យើង ជិតបានសម្រេចហើយ។»
សូមបញ្ជាក់ដែរថា សាប៊្រី អេស៊ីដ បានបាត់ពីការឃ្លាំមើល របស់អាជ្ញាធរបារាំង តាំងពីមួយឆ្នាំកន្លងមកហើយ។ កាលពីបីឆ្នាំមុន បន្ទាប់ពី មហាមេដ ម៉េរាហ៍ ត្រូវបានកងកម្លាំងរ៉េដ របស់បារាំងបាញ់សម្លាប់រួច គឺយុវជន សាប្រ៊ី អេស៊ីដ នេះហើយ ជាអ្នករៀបចំបុណ្យសព ឲ្យ មហាមេដ ម៉េរាហ៍ (ក្នុងអំឡុងចុងឆ្នាំ២០១២)៕
សូមអានអត្ថបទដែលទាក់ទងឡើងវិញ ពីមហាមេដ ម៉េរាហ៍ ដោយចុចនៅលើទីនេះ និងនៅទីនេះទៀត។
វីដេអូដកស្រង់ ពីការបាញ់សម្លាប់៖
វីដេអូពាក់ព័ន្ធដទៃទៀត៖