តុលាការ​កំពូល​បន្ត​ឲ្យ​ឃុំ​ខ្លួន កឹម សុខា ដដែល

តុលាការកំពូលកម្ពុជា បានសម្រេចតម្កល់សាលដីកា របស់សាលាឧទ្ធរណ៍ ទុកជាបានការ ដោយបន្តឃុំខ្លួន ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដាក់ក្នុងពន្ធនាគារដដែល។ នេះ បើតាមសាលដីការ ដែលទើបនឹងប្រកាសចេញ កាលពីវេលាថ្ងៃត្រង់ ថ្ងៃពុធទី២២ ខែសីហា មុននេះបន្តិច។
តុលាការ​កំពូល​បន្ត​ឲ្យ​ឃុំ​ខ្លួន កឹម សុខា ដដែល
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២២ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 22, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មិនមានអ្វី គួរឲ្យភ្ញាក់ផ្អើលទេ! បន្ទាប់ពីបានបន្តជំនុំជម្រះ លើបណ្តឹងសុំនៅក្រៅឃុំ ជាលើកទី២ ក្នុងព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះរួច តុលាការកំពូលកម្ពុជា នៅតែសម្រេចបន្ត ឲ្យឃុំខ្លួនលោក កឹម សុខា ប្រធាននៃគណបក្សសង្គ្រោះជាតិ ឲ្យនៅក្នុងពន្ធនាគារដដែល ដោយតំកល់សាល​ដីកា​សាលា​ឧទ្ធរណ៍​ ក្នុងន័យថា ការបន្ត​ឃុំ​ខ្លួន​ មេដឹកនាំបក្សប្រឆាំង គឺដើម្បី​សាកសួរ​ និង​ការពារ​ កុំ​ឲ្យ​មាន​បទ​ល្មើស​​ថ្មី​កើត​ឡើង។

លោកតំណាងរាស្ត្រ កឹម សុខា ប្រធានគណបក្សប្រឆាំងធំ តែមួយគត់នៅកម្ពុជា ត្រូវបានកងកម្លាំងនគរបាល ចូលទៅចាប់ខ្លួន ទាំងមានអភ័យឯកសិទ្ធិសភា នៅវេលាម៉ោង ០០ និង៣៥នាទី យប់​រំលង​អាធ្រាត ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដល់ក្នុងគេហដ្ឋានរបស់លោក ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ មេដឹកនាំបក្សប្រឆាំងរូបនេះ ត្រូវបានបញ្ជូនទៅឃុំខ្លួន មកទល់នឹងពេលនេះ នៅឯពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជិតព្រំដែនខ្មែរ-យួន។

 

មេដឹកនាំគណបក្សប្រឆាំងរូបនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទ ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស (ឬឃុបឃិតជាមួយបរទេស)» ជុំវិញការថ្លែងជាសាធារណៈមួយ កាលពីជាង៤ឆ្នាំមុន នៅក្នុងប្រទេសអូស្ត្រាលី ដែលវីដេអូនៃការថ្លែងនេះ ត្រូវបានយកមកផ្សព្វផ្សាយឡើងវិញ នៅមុនការចាប់ខ្លួនប៉ុន្មានថ្ងៃ។ ប្រសិនជាតុលាការរកឃើញថា លោក កឹម សុខា ពិតជាបានប្រព្រឹត្តិ​កំហុសមែននោះ លោកអាចនឹងរងការផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ ពី១៥ ទៅ៣០ឆ្នាំ ទៅតាមច្បាប់​ក្រមព្រហ្មទណ្ឌកម្ពុជា។

កាលពីថ្ងៃទី២៦ ខែកញ្ញាកន្លងមក បណ្ដឹងឧទ្ធរណ៍ចូលទៅសាលាឧទ្ធរណ៍ ដែលបានហៅការឃុំខ្លួនលោក កឹម សុខា ថាធ្វើឡើងដោយខុសច្បាប់នោះ ត្រូវបានសាលាឧទ្ធរណ៍ច្រានចោល។ តុលាការកម្ពុជាថ្នាក់កណ្ដាលមួយនេះ បានតំកល់ទុកការសម្រេចឃុំខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញ ថាមានភាពត្រឹមត្រូវតាមច្បាប់ ខណៈហេតុការណ៍ទាំងអស់នេះ ត្រូវបានគណបក្សប្រឆាំង អង្គការសហប្រជាជាតិ សហភាពអ៊ឺរ៉ុប បណ្ដាប្រទេសធំៗ រួមអង្គការអន្តរជាតិផ្សេងជាច្រើនផង ចាត់ទុកថា ធ្វើឡើងក្រោមហេតុផលនយោបាយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...