សម រង្ស៊ី ត្រូវ​កោះ​ឲ្យ​ចូល​ខ្លួន​ម្ដង​ទៀត ពី​បទ​ប្រមាថ​ស្ដេច

ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាមួយ តាំងពីថ្ងៃទី ១៦ ខែសីហានេះ បង្គាប់ឱ្យលោក សម រង្ស៊ី ប្រធានចលនាសង្រ្គោះជាតិ ចូលខ្លួនមកបំភ្លឺ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ ពាក់ព័ន្ធនឹងបទប្រមាថព្រះមហាក្សត្រ ដែលប្ដឹងដោយរដ្ឋាភិបាលកម្ពុជា។
សម រង្ស៊ី ត្រូវ​កោះ​ឲ្យ​ចូល​ខ្លួន​ម្ដង​ទៀត ពី​បទ​ប្រមាថ​ស្ដេច
លោក សម រង្ស៊ី (រូបលុតជង្គង់) ចូលគាល់ព្រះមហាក្សត្រ និងសម្ដេចម៉ែ បន្ទាប់ពីលោកបានវិលត្រឡប់ ចូលកម្ពុជាវិញ ក្នុងឆ្នាំ២០១៣។ (រូបថត MONOROOM.info)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២២ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 22, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដីកាកោះមួយ ដែលចេញ​នៅ​ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨ ដោយលោក ហម ម៉េងសែ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ និងដែលទើបធ្លាក់ មកដល់ដៃអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃពុធ ទី២២ ខែសីហានេះ បានបង្គាប់ឲ្យមេដឹកនាំប្រឆាំងកម្ពុជា ដ៏សំខាន់ និងជាប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី ត្រូវចូលខ្លួនទៅបំភ្លឺ នៅតុលាការរាជធានីភ្នំពេញ ​នៅព្រឹក ថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខ ពីបទប្រមាថព្រះចេស្ដា ក្រោមច្បាប់ថ្មីមួយ ដែលរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ទើបនឹងធ្វើវិសោធនកម្ម។

ច្បាប់ធ្វើវិសោធនកម្ម ទៅលើក្រមព្រហ្មទណ្ឌកម្ពុជា ត្រង់មាត្រា ៤៣៧ ស្ទួន ជំពូកទី១ ចែងថា៖ «ការប្រមាថ ចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតីបុគ្គល ក៏អាចត្រូវបានផ្តនា្ទទោស ពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាព ពាក់ព័ន្ទនឹងការប្រមាថ ចំពោះអង្គព្រះមហាក្សត្រ»។

ដីការបស់លោក ហម ម៉េងសែ នៅបានបង្គាប់ឲ្យលោក សម រង្ស៊ី ដែលកំពុងរស់នៅក្នុងប្រទេសបារាំង ត្រូវយកឯកសារផ្សេងៗ ដែលទាក់ទងនឹងសំនុំរឿងខាងលើ ទៅជាមួយផង ប្រសិនបើមាន។ លោក ហម ម៉េងសែ ព្រមានថា បើមិនចូលខ្លួន តាមការកំណត់ទេ លោកនឹងចេញដីកា បង្គាប់ឲ្យនាំខ្លួន។

សំនុំរឿងនេះ ជាករណីក្ដីក្ដាំចុងក្រោយបង្អស់ ដែលបានកើតមាន ទៅលើលោក សម រង្ស៊ី ដែលជាគូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះរបស់កម្ពុជា ក្នុងពេលបច្ចុប្បន្ន។ រដ្ឋាភិបាលលោក ហ៊ុន សែន បានប្ដឹងលោក សម រង្ស៊ី ឡើងទៅតុលាការ បន្ទាប់ពីលោក បានបង្ហោះសារលើទំព័រហ្វេសប៊ុក នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០១៨ អះអាងថា ព្រះរាជសារមួយច្បាប់ ដែលសរសេរ ក្នុងព្រះបរមនាម របស់ព្រះមហាក្សត្រនេះ គឺជាលិខិតក្លែងក្លាយ ឬជាលិខិត ដែលធ្វើឡើង ក្រោមការគំរាមកំហែង ពីលោក ហ៊ុន សែន។

ការអះអាងនោះ របស់មេដឹកនាំប្រឆាំង បានបង្កការក្ដៅក្រហាយ ដល់រដ្ឋាភិបាលលោក ហ៊ុន សែន រហូតលុះត្រាលោក អង្គ វឌ្ឍវឌ្ឍនា ​រដ្ឋមន្ត្រីយុត្តិធម៌ បានធ្វើ«​អធិ​បញ្ជា» ទៅ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ឲ្យចាត់ការ​តាម​ផ្លូវច្បាប់ ​ចំពោះ​លោក សម រ​ង្ស៊ី។ នេះ បើតាមការអះអាង របស់លោក គីម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅពេលនោះ។

ប៉ុន្តែ លោក សម រង្ស៊ី បានប្រតិកម្មធ្ងន់ៗ​តបវិញ ទៅនឹងចំណាត់ការរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដោយអះអាងសារជាថ្មី ពីការកោះហៅ នៃ«តុលាការអាយ៉ង» និងបានបញ្ជាក់បន្ថែម​ពីជំហររបស់លោក ក្នុងការជឿជាក់ថា ព្រះរាជសារនៃព្រះមហាក្សត្រ ចុះថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៨ គឺជា«លិខិតក្លែងក្លាយ» ឬជាលិខិតធ្វើឡើង ក្រោមការសម្លុតគម្រាមកំហែង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...