ប្រតិកម្មលើការចោទប្រកាន់របស់លោកហ៊ុន សែន ស្ដីពីការបង្កើតចលនារំលំរដ្ឋាភិបាល
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: May 17, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាលោក ហ៊ុន សែន បានលើកឡើងថា ពលរដ្ឋខ្មែរនៅបរទេសមួយចំនួន មានបំណងចង់ផ្ដួលរំលំ រដ្ឋាភិបាលបច្ចុប្បន្ន និងរបបរាជានិយម ហើយពួកគេទាំងនោះ កំពុងជ្រកក្រោមស្លាកគណបក្សប្រឆាំង។ តែបើតាមប្រជាពលរដ្ឋ គណបក្សប្រឆាំង និងអ្នកវិភាគ ការថ្លែងរបស់លោកហ៊ុន សែន ជាការបំបាក់ស្មារតីប្រជាពលរដ្ឋ នៅខណៈពេលការបោះឆ្នោតឈានជិតមកដល់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃរដ្ឋាភិបាលកម្ពុជា។
ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី បានធ្វើឡើង ក្នុងពិធីសម្ពោធពុទ្ធិកអនុវិទ្យាល័យខេត្តព្រៃវែង កាលពីថ្ងៃទី១៦ ខែឧសភាកន្លងមកនេះ។ ក្រុមចំនួន៥ ដែលលោកបានលើកឡើង មានដូចជា ចលនាខ្លារំដោះ ចលនាអំណាចប្រជាជន ចលនាមហាចក្រខប រណសិរ្សរំដោះជាតិខ្មែរ ចលនាអតីតទាហានមៃហ្វក ដែលពួកគេទាំងនោះមានទីតាំង នៅសហរដ្ឋអាមេរិក និងក្រុមមួយចំនួន បានពង្រីកកម្លាំងខ្លួននៅក្នុងប្រទេសថៃ។
ឆ្លើយតបនឹងការលើកឡើងខាងលើ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានអះអាងថា គ្មានជនណាម្នាក់នៅក្នុងគណបក្សលោក ចង់ផ្ដួលរដ្ឋាភិបាលតាមបែប «ហិង្សា» នោះទេ។ តាមគោលនយោបាយរបស់គណបក្ស គឺប្រឆាំងនូវរាល់យន្តការ នៃការប្រើប្រាស់កម្លាំងហិង្សា ដែលជា«បទឧក្រិដ្ឋ»។ លោកបន្តថា គណបក្សសង្រ្គោះជាតិអាចផ្តួលបក្សកាន់អំណាច តាមរយៈការបោះឆ្នោតបាន បើ គ.ជ.ប អព្យាក្រឹត្យ ឯករាជ្យ ហើយមានការបោះឆ្នោតមួយដោយសេរីនិងយុត្តិធម៌នោះ។ លោកយល់ថា បើគ្មានលួចបន្លំសន្លឹកឆ្នោត គ្មានការគំរាមកំហែង និងមានការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដោយស្មើភាពគ្នា បក្សលោកនឹងអាចជោគជ័យបាន។
លោកអុំ វិចិត្រ ជាប្រជាពលរដ្ឋម្នាក់មានចំណាប់អាម្មណ៍ ចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីនេះថា ជាការ«បំភិតបំភ័យផ្នែកសតិអារម្មណ៍»។ ពិសេសចំពោះប្រជាពលរដ្ឋណា ដែលមានការយល់ដឹងតិច មានវ័យចំណាស់ និងមានការភ័យខ្លាចច្រើន។ លោកថា នេះជាការគំរាមកំហែងដោយប្រយោល ចំពោះប្រជាពលរដ្ឋ ដែល«មិនបោះឆ្នោតឲ្យគណបក្សប្រជាជន» និងអ្នកដែលចង់ចូលរួមជាមួយបក្សប្រឆាំងជាដើម។
លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម បានលើកឡើងថា បើពិតជាមានការបង្កើត ចលនាផ្តូលរំលំរដ្ឋាភិបាលមែននោះ វាជា«បទឧក្រិដ្ឋ»។ ទង្វើនេះអាចប៉ះពាល់ដល់សន្តិសុខជាតិ មិនគួរថ្នាក់ដឹកនាំ យកមកនិយាយជាសាធារណៈបែបនេះទេ។ បើលើកឡើងជាសាធារណៈបែបនេះ តើនឹងទៅចាប់អ្នកណាបាន? លោកសន្និដ្ឋានថា នេះជាសារនយោបាយច្រើនជាង។ ក្នុងនាមអ្នកនយោបាយ គួតែលើកពីគោលនយោបាយ និងយុត្តិសាស្រ្តល្អៗរបស់ខ្លួន ដែលផ្តល់ប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនរបស់ខ្លួន ហើយក៏អាចធ្វើការរិះគន់ និងបង្អាប់ដល់គោលនយោបាយ ឬយុត្តិសាស្ត្ររបស់បក្សផ្សេងទៀត ដែលខ្លួនគិតថាមិនស្របតាមខ្លួន។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានទាញចំណាប់អារម្មណ៍ ទៅលើដំណើរការប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតនាថ្ងៃខាងមុខ ដោយចោទជាសំនួរថា តើការចង់ផ្លាស់ប្តូររដ្ឋាភិបាលនោះ តាមរបៀបណា? លោកបង្ហាញនូវជម្រើសបី៖ ទីមួយតាមរយៈសន្លឹកឆ្នោត ទីពីរតាមការធ្វើបាតុកម្មដោយសន្តិវិធី ទីបីធ្វើឡើងដោយអំពើហិង្សា។ ចំពោះលោក មិនគាំទ្រនូវជម្រើសទីបីទេ ព្រោះជាទង្វើមួយខុសនឹងច្បាប់។ តែជម្រើសទីមួយ និងទីពីរត្រឹមត្រូវដែលច្បាប់ទទួលស្គាល់។ លោកថា ទោះបីជាមានការទាមទារដោយសន្តិវិធី (អហិង្សា) ឲ្យមានការផ្លាស់ប្តូរររដ្ឋាភិបាលក៏ដោយ មិនមានអ្វីសុខច្បាប់នោះទេ ជាសិទ្ធិក្នុងការបញ្ចេញមតិ ហើយគាត់ (ហ៊ុន សែន) មិនអាចធ្វើការហាមឃាត់បាននោះទេ។ សម្រាប់ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សរូបនេះ ការលើកឡើងរបស់នាយករដ្ឋមន្ត្រី ជាការបំភិតបំភ័យចំពោះប្រជាពលរដ្ឋ និងអ្នកដែលចង់ចូលរួមក្នុងឆាកនយោបាយ។
ឯអ្នកវិភាគសង្គម និងនយោបាយ លោក ឡៅ ម៉ុងហៃ យល់ថា ជានិច្ចកាលនៅពេលកៀកនឹងការបោះឆ្នោតម្តងៗ តែងតែមានការទិះតៀនគ្នា និងស្វែងរកចាប់កំហុសគ្នាទៅវិញទៅមក។ លោកបន្តថា គ្មានយន្តការណាមួយ ដែលអាចឲ្យសមាជិកបក្សប្រឆាំងជ្រើសរើស ការផ្ដួលរំលំរដ្ឋាភិបាល ដោយការប្រើប្រាស់នូវអំពើហិង្សានោះទេ។ ដោយលោកពន្យល់ថា ទាំងនេះសុទ្ធសឹងតែជារឿងនយោបាយ។ ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ ស្របពេលជាមួយ គណបក្សប្រឆាំងគ្រោងនឹងធ្វើមហាបាតុកម្មអហិង្សាមួយ ដែលមានសមាជិកចូលរួមប្រមាណជាប្រាំពាន់នាក់។ ដូច្នេះការលើកឡើងខាងលើ ជាការបំបាក់ស្មារតី ដល់អ្នកដែលមានបំណងចូលរួមទាំងនោះ និងជាការ«បង្ខំ»ឲ្យស្ថិតនៅក្រៅឆាកនយោបាយ ឬជាការ«ជម្រុញ»ឲ្យចូលរូម ក្នុងបក្សកាន់អំណាចដោយប្រយោល។
លោក កែម ឡី បន្តថា បើពិតជាមានដូចការលើកឡើងនោះមែន ក្រសួងមានសមត្ថកិច្ចត្រូវធ្វើការស៊ើបអង្កេតដោយសម្ងាត់ ស៊ីជម្រៅ និងមានតម្លាភាពទើបអាចទទួលយកបាន។ លោកបន្តថាទោះមាន ឬមិនមានករណីនេះក្តី ការលើកឡើងនេះ វាអាចបង្ករឲ្យមានការភ័យខ្លាច ចំពោះប្រជាពលរដ្ឋស្លូតត្រង់ ដែលចង់ចូលរួមក្នុងឆាកនយោបាយ។ លោកថាសារនេះ ក៏ជារនាំងសម្រាប់ប្រជាពលរដ្ឋ និស្សិត មន្ត្រីរាជការ ដែលមានបំណងចូលរួមជាមួយបក្សប្រឆាំង ឲ្យមានការខ្លាចរអារ ចំពោះការចាប់ខ្លួនដែរ។ ចំណែកលោក អ៊ូ វីរៈ យល់ថា បើលោកនាយករដ្ឋមន្រ្តីមានការភ័យខ្លាច ចំពោះលទ្ធផលនៃ ការបោះឆ្នោត នេះអាចជាការគំរាមជាមុនមួយ ឬអាចប្រើប្រាស់តុលាការ ជាឧបករណ៍ក្នុងដៃរបស់គាត់ គៀបសង្កត់សេរីភាពរបស់គណបក្សប្រឆាំង។
គួររម្លឹកថា នេះជាលើកឡើងទីពីរហើយ ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចោទថាមានការបង្កើត ជាចលនាចង់ផ្តួលរំលំរដ្ឋាភិបាល។ លើកទីមួយ ជាការថ្លែងស្ដីពី ចលនាកងទ័ពសេរីកម្ពុជា (CFF) ដឹកនាំដោយលោក ឈុន យ៉ាសិទ្ធិ ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៨ នៅសហរដ្ឋអាមេរិក។ ក្នុងឆ្នាំ២០០០ ក្រុមនេះបានបើកការវាយប្រហារ លើរដ្ឋាភិបាលក្រុងភ្នំពេញ ហើយក៏ត្រូវបានបង្ក្រាបយ៉ាងចាស់ដៃ ពីសំណាក់កងកម្លាំងរាជរដ្ឋាភិបាលវិញដែរ។ តុលាការកម្ពុជា បានកាត់ទោសលោក ឈុន យ៉ាសិទ្ធ កំបំាងមុខ ពីបទបានឃុបឃិត ប្រព្រឹត្តអំពើភេរវកម្ម និងប្រើប្រាស់អាវុធខុសច្បាប់។ តែនៅសហរដ្ឋអាមេរិក មេចលនារូបនេះ ត្រូវបានចាប់ខ្លួន ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារនៅក្នុងប្រទេសកម្ពុជា និងត្រូវបានតុលាការនៅទីនោះ កាត់ទោសអោយជាប់ពន្ធនាគារអស់មួយជីវិត៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៧ ឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ