ខ្សែភាពយន្តអេងហ្គ្រីបឺត នឹងចេញនៅឆ្នាំ២០១៦
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: May 17, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីមានការពិភាក្សាគ្នាអស់ពេលជាយូរ ទីបំផុតខ្សែភាពយន្តអេងហ្គ្រីបឺត (Angry Birds) បានប្រកាសជាផ្លូវការថា នឹងធ្វើការបង្ហាញខ្លួន និងចេញលក់លើទីផ្សារនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ ដែលនាំមកជាមួយ នូវការរចនារូបភាព កាន់តែមានភាពស្រស់ស្អាត និងជាលក្ខណៈកំសាន្តយ៉ាងសម្បូរបែប។
«បក្សីផ្ទុះកំហឹង» ដែលនរណាៗក៏ស្គាល់ដែរ។
ខ្សែភាពយន្តនេះជាប្រភេទស្រ៊ីឌី (3D) ហើយវាត្រូវបានអភិវឌ្ឍន៏ កែប្រែ ផលិត និងគ្រប់គ្រង់ហិរញ្ញវត្ថុ ដោយក្រុមហ៊ុនផលិតខ្សែភាពយន្ត រ៉ូវីយ៉ូ (Rovio)។ ភាពយន្ដនេះ មានសមិទ្ធិករពីររូប លោកដេវីដ ម៉ៃ ស្សែល (David Maisel) និងលោក ចន ឃូហិន (John Cohen) ដែលលោកទាំង២ ធ្លាប់ផលិតខ្សែភាពយន្តល្បីៗដូចជា អាយរ៉ន់ម៉ែន (Iron Man) និងរឿង ដេស្ពៃខេប៊ល ម៉ី (Despicable Me) នោះជាដើម។
ប្រធានក្រុមហ៊ុនសូនី (Sony) លោក មីឆែល លីនតុន (Michael Lynton) និងអ្នកស្រី អាមី ប៉ាស្កាល់ (Amy Pascal) បាននិយាយថា «គ្រប់ស្ទូឌីយ៉ូទាំងអស់ នៅក្នុងទីក្រុងនឹងត្រូវតម្រៀបជារូបអេងហ្គ្រីបឺតទាំងអស់។ ចំពោះចំណងជើងរបស់វា នឹងធ្វើឲ្យក្មេងៗមានការភ្ញាក់ផ្អើល បង្កើនចំណេះដឹងខាងប្រាជ្ញា និងធ្វើឲ្យអ្នកទស្សនាកាន់តែជក់ចិត្ត។»
គួររំឭកថា ហ្គេមអេងហ្គ្រីបឺត បានទទួលប្រជាប្រិយភាពយ៉ាងខ្លាំងក្លា ដែលមានអ្នកទាញយកជាង ១.៧ពាន់លាននាក់ នៅលើពិភពលោក។ ដូច្នេះគេជឿថា ខ្សែភាពយន្តមួយនេះ ប្រាកដជាទទួលបានភាពជោគជ័យ បន្ថែមពីលើនោះទៀត ដោយវាមានលក្ខណៈជាសាច់រឿង។
ចំពោះនាយកចាត់ការ និងតារាសម្តែង គ្រោងការមួយនេះ មិនទាន់បានបង្ហាញនៅឡើយទេ ប៉ុន្តែគេសង្ឃឹម និងព្យាករណ៏ថា តួរសម្តែងអាចជាបុរសវ័យចំណាស់ លោក មីហ្គី រ៉ូកេ (Mickey Rourke) ខណៈដែលនាយកចាត់ការ អាចជាលោក ចន វូ (John Woo) ដែលមានជំនាញខាង ខ្សែភាពយន្តចលនារបស់បក្សីស្រាប់។
គួរបញ្ជាក់ថា ខ្សែភាពយន្តដែលគេរំពឹងថា នឹងមានភាពល្បីល្បាញមួយនេះ ត្រូវបានក្រុមហ៊ុនសូនី ជាអ្នកទទួលសិទ្ធចែកចាយផ្តាច់មុខ បន្ទាប់ពីបានដេញថ្លៃឈ្នះក្រុមហ៊ុនបច្ចេកវិទ្យាធំៗដទៃទៀត៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ