វិធីបំបាត់ការធុញទ្រាន់ ជាមួយនឹងមិត្តភក្តិរបស់អ្នក
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: May 17, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើអ្នកធ្នាប់មានការធុញទ្រាន់ ជាមួយនឹងមិត្តភក្តិរបស់អ្នកទេ? ប្រាកដណាស់បើមិត្តភក្តិអ្នក និងរូបអ្នកធ្វើអ្វីដដែលៗ នោះពេលខ្លះវាច្បាស់ជាមានការធុញទ្រាន់មិនខាន។
ខាងក្រោមនេះ ជាវិធីសាស្រ្តមួយចំនួន ដែលអាចបញ្ចៀសនូវការធុញទ្រាន់របស់អ្នកបាន៖
១.ស្នើឱ្យមានសកម្មភាពផ្សេងៗខុសប្លែក៖
ឧទាហរណ៏៖ នៅចុងសប្តាហ៏អ្នក និងមិត្តភក្តិរបស់អ្នក តែងតែទៅមើលខ្សែភាពយន្ត។ ដូច្នេះអ្នកអាចសាក បបួលគាត់ដូចជា ទៅហែលទឹក ឬលេងកីឡាផ្សេងៗ ដើម្បីជៀសវាង នូវសកម្មភាពដដែលៗពេក។
២. ណែនាំមិត្តភក្តិថ្មី៖
ពេលខ្លះមិត្តភក្តិថ្មីអាចជួយបន្ថែមការរីករាយរបស់អ្នកបាន ដូចជាគេមាននូវសកម្មភាពអ្វីប្លែកថ្មី ដែលអាចធ្វើឲ្យអ្នកភ្លេច នូវការធុញទ្រាន់បាន។ តែក៏មិនមានន័យថា ត្រូវភ្លេចមិត្តភក្តិចាស់នោះដែរ។
៣. ពន្យល់ដល់គាត់ ក្នុងមធ្យោយបាយដ៏ល្អ ថាពេលខ្លះអ្នកមានការធុញទ្រាន់៖
អ្នកអាចសាកនិយាយដូចជា «ពេលខ្លះខ្ញុំមានអារម្មណ៏ថា យើងគួរតែធ្វើអ្វីម្យ៉ាងប្លែកពីនេះ ដើម្បីឲ្យកាន់តែមានភាពរីករាយ បន្ថែមទៀត»។ ត្រូវនិយាយឲ្យគាត់យល់ថា អ្នកមានការធុញទ្រាន់ ប៉ុន្តែមិនត្រូវនិយាយចំៗថា អ្នកធុញនោះទេ។
៤. អញ្ជើញគាត់ទៅធ្វើសកម្មភាពអ្វី ដែលអ្នកចូលចិត្ត៖
បើអ្នកចូលចិត្តទៅមើលការប្រគុំតន្ត្រី អ្នកអាចសាកល្បងសួរគាត់ ថាគាត់ចង់ទៅទីនោះដែរទេ។ បើអ្នកចូលចិត្តលេងបាល់ទាត់ សាកបបួលគាត់ តើគាត់ចង់លេងដែរទេ។ ហើយបើអ្នក និងគាត់យល់ស្របនោះ នឹងប្រាកដជាមានភាពសប្បាយរីករាយ។
៥. ពេលខ្លះអ្នកត្រូវតែជាមនុស្សលេចធ្លោរជាងគេ៖
មនុស្សគ្រប់រូប តែងតែមានការគិតខុសប្លែកពីគ្នា ដូច្នេះអ្នកមិនចាំបាច់ខ្វល់ខ្វាយ ថាអ្នកដទៃគេគិតយ៉ាងណា ឬក៏មានការខ្មាសអៀននោះទេ។ បើអ្នកមានសមត្ថភាពអ្វីពិសេស អ្នកអាចបង្ហាញពីភាពអស្ចារ្យរបស់អ្នក ឲ្យមនុស្សគ្រប់គ្នាបានដឹង នោះប្រាកដជាមានភាពទាក់ទាញ។
៦. ធ្វើដំណើរកំសាន្តទៅកាន់តំបន់មាត់សមុទ្រ ឬតំបន់ណាប្លែកដែលមិនធ្លាប់ទៅ៖
វាអាចធ្វើឲ្យអ្នកកាន់តែស្គាល់គាត់កាន់តែច្បាស់ ព្រោះវាស្ថិតនៅក្នុងកាលៈទេសៈមួយថ្មី ឥរិយាបថថ្មី និងកន្លែងថ្មី។ ជាងនោះទៅទៀត ធ្វើឲ្យអ្នកកាន់តែមានភាពជិតស្និតជាមួយគ្នា។
៧. មនុស្សតែងតែចាប់អារម្មណ៏អ្នក នៅពេលដែលអ្នកដឹងរឿងសំងាត់របស់គេ៖
ឧទាហរណ៏ៈ អ្នកដឹងថាគាត់ចូលចិត្តក្រុមបាល់ទាត់លីវើភូល (Liverpool) ដូច្នេះអ្នកអាចរកទិញជាបន្តោងសោរូបក្រុមបាល់ទាត់នោះ ទៅឲ្យគាត់ នោះគាត់ប្រាកដជាភ្ញាក់ផ្អើល និងរំភើបជាមិនខាន។
៨. ចូលរួមជាមួយនឹងក្លឹប ឬក្រុមកីឡាណាមួយ៖
បើអ្នកចូលចិត្តរាប់អានមិត្តភក្តិថ្មីៗ ហើយអ្នកមានចំណង់ចំនូលចិត្តអ្វីៗ ប្រហាក់ប្រហែលគ្នានោះ វាមិនធ្វើឲ្យអ្នកធុញនោះទេ។ ឧទាហរណ៏៖ អ្នក និងមិត្តភក្តិរបស់អ្នកចូលចិត្តលេងបាល់ទាត់ដូចគ្នា ដូច្នេះអ្នកអាចបបួលគាត់ទៅ ហ្វឹកហាត់នៅក្រុមបាល់ទាត់ណាមួយដូចជា ភ្នំពេញក្រោន ណាហ្គាខប ឬបឹងកេតជាដើម...។ល។
៩. អ្នកមិនត្រូវចាកចេញពីក្រុមចាស់ ឬមិត្តភក្តិចាស់របស់អ្នកទេ៖
អ្នកអាចដើរកំសាន្តជាមួយមិត្តភក្តិចាស់ៗ យូរៗម្តង ដើម្បីឲ្យទំនាក់ទំនងមិត្តភាពកាន់តែជិតស្និត និងកុំឲ្យពួកគេយល់ថា អ្នកដូចជាចង់ចាកឆ្ងាយពីពួកគេ។ ទោះជាយ៉ាងណា ការកសាងមិត្តភាព ប្រសើរជាងកសាងសត្រូវ ដូច្នេះអ្នកត្រូវតែព្យាយាមរក្សាមិត្តភក្តិឲ្យបានគង់វង្ស។
១០. កុំច្រឡោតខឹងនៅពេលដែលគាត់ បដិសេដរឿងអ្វីមួយ៖
ទោះបីជាបងប្អូននឹងគ្នាបង្កើត ឬមិត្តភក្តិដ៏ជិតស្និតប៉ុណ្ណា ក៏តែងតែមានចំណង់ចំណូលចិត្តខុសគ្នាដែរ ដូច្នេះវិធីដែលល្អអ្នកត្រូវចេះអត់ឱនឲ្យគ្នា និងព្យាយាមរកអ្វីដែលអ្នកទាំង២ ចាប់អារម្មណ៏ដូចគ្នា ទើបធ្វើទៅទទួលបានភាពរីករាយទាំងអស់គ្នា៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ