ពែកមី ថា​មិន​ខ្វល់​ពី​នាយ​គ្រឿន​​បាត់​អាជីព ទោះ​គេ​ព្យាយាម​ទម្លាក់

ជាធម្មតា នាយគ្រឿន ដែលជាតារាកិត្តិយសប្រចាំកម្មវិធីផ្ទះលោកតា តែងតែយកពាក្យផ្សេងៗ មកបកប្រែ​បង្កើត​​​ជា​​រឿង​សំណើច។ ប៉ុន្តែក្រោយពីការបកស្រាយ នៃពាក្យថា«គតិបណ្ឌិត»របស់តារាកំប្លែងរូបនេះ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន អ្នក​ប្រើប្រាស់​​បណ្ដាញ​​ហ្វេសប៊ុកមួយចំនួន កាត់ន័យទៅបែបផ្សេង ដែលអាចធ្វើឱ្យ​តារា​រូប​នេះ បាត់​បង់​​អាជីព​ជា​​អ្នក​​កំប្លែង។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៤ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 24, 2014
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កំប្លែង - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៤ នេះលោក ចែម ចាន់ដារ៉ា ហៅនាយពែកមី ជាបងប្រុសបង្កើត តារាកំប្លែងនាយគ្រឿន បានបញ្ជាក់ថា លោកមិនមានការ​បារម្ភនោះ​ទេ ចំពោះការលើកឡើងថា នាយគ្រឿនអាចនឹងបាត់បង់អាជីព ព្រោះនេះគ្រាន់តែ ជាការឆ្លៀត​ឱកាស​កេងចំណេញ ផ្នែក​នយោបាយ​របស់អ្នកនយោបាយតែប៉ុណ្ណោះ។

លោកបន្តថា៖ «តាមពិតថ្នាក់ដឹកនាំ គាត់គិតច្បាស់ណាស់ មិនមែនចេះតែខឹងផ្តេសផ្តាសនោះទេ។ ហើយ​មិន​មាន​​អី​ផងដូចថ្ងៃនេះ អាគ្រឿនវាបានទៅ ជាមួយឯកឧត្តម ហ៊ុន ម៉ាណែត ទៅជួយចុះសួរសុខទុក្ខកុមារ​គថ្លង់។»។

ការបញ្ជាក់របស់នាយពែកមី បានធ្វើឡើងបន្ទាប់ពីតារាកំប្លែង ដែលកំពុងពេញនិយមពីស្រទាប់មហាជន និយាយ​​កំប្លែង​បែបមុខ​ស្ងួត នាយគ្រឿន បានបកស្រាយពាក្យ«គតិបណ្ឌិត» នៅក្នុងកម្មវិធីផ្ទះលោកតា និង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់ ​បណ្តាញ​សង្គមហ្វេសប៊ុក កាត់រូបភាព និងវីដេអូ ភ្ជាប់ខ្លួនតារារូបនេះ ទៅក្នុង​ការប្រៀប​ធៀប​ដៀមដាម ឲ្យអ្នក​ន្ទ្រើសៗ​មួយ​ចំនួន ដែលមានងារជា«គតិបណ្ឌិត»ដូចនេះ ជាពិសេសបាញ់ឆ្ពោះ ទៅ​អ្នកស្រី ប៊ុន រ៉ានី ភរិយា​លោក​នាយករដ្ឋមន្រ្តី ហុន សែន នោះតែម្ដង។

នៅក្នុងកម្មវិធីផ្ទះលោកតា កាលពីសប្តាហ៍កន្លងទៅ ដែលធ្វើការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ស៊ីធីអ៊ិន លោក ចែម សារឿន ហៅនាយគ្រឿន ជាសមាជិកនៃក្រុមកំប្លែងនាយពាក់មី បានធ្វើការពន្យល់ពាក្យ ទៅ​តាមការងឿងឆ្ងល់​ របស់តារាមួយចំនួន ដែលចូលមកលេងនៅក្នុងកម្មវិធីផ្ទះលោកតា ដែលបានឆ្ងល់ទៅ​លើ​ពាក្យ«គតិបណ្ឌិត»។ ពន្យល់ទៅពន្យល់មកចេញ ពាក្យគតិបណ្ឌិត ដែលតារាកំប្លែងរូបនេះ​​បកស្រាយតាម​ន័យ​កំប្លែង​ ដើម្បីបង្កជា​រឿង​ផ្ទុះសំណើច បង្កន័យឲ្យក្លាយទៅជា អ្នកចេះចិញ្ចឹមកូនទាទៅវិញ។

ក្រោយពីតារាកំប្លែង ដែលកំពុងទទួលបានប្រជាប្រិយភាព បានធ្វើឱ្យទស្សនិកជនផ្ទុះសំណើច ដោយការ​ពន្យល់​ពាក្យមួយនេះ មានទស្សនិកជនមួយចំនួន ដែលគាំទ្រការសម្តែងរបស់លោកបារម្ភថា នាយ​គ្រឿន​អាចនឹងបាត់បង់​អាជីពមួយនេះ។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ  មិនអាចទាក់ទង​ នាយគ្រឿន បានទេនៅ​ថ្ងៃ​នេះ។

ប្រតិកម្មចំពោះបញ្ហានេះដែរ លោក សុវណ្ណ ឬទ្ធី ហៅលោកតាវ៉ិចទ័រ ជាអ្នកដឹកនាំក្រុមកំប្លែងនាយពាក់មីផ្ទាល់ បាន​សរសេរ នៅលើទំព័រហ្វេសប៊ុកខ្លួនថា៖ «អ្នកព្យាយាមបំបែកសាមគ្គី មែនទេ? ថ្នាក់លើ‌លោកចេះណាស់ មិនចេះ​តែ​ជឿអ្នកឯងទេ ពត៌មានផ្សាយមិនពិត មិនយុត្តិធម៌ កាត់យកមួយកំណាត់​ មកផ្សាយអញ្ចឹង មិនស្លាប់​ប្រភពទៅហើយ ចូរផ្សាយពត៌មាន ដោយយុត្តិធម៌ផង»។

លោកសរសេរបន្តថា៖ «នាយគ្រឿនបកស្រាយ ក្នុងន័យកំប្លែង មានក្បាលកន្ទុយត្រឹមត្រូវ អ្នកយកទៅ​កាត់​កន្ទុយ​​ចោល អញ្ចឹងមិនវីវរនាយគ្រឿនទៅហើយ។ សូមមើលទាំងស្រុង ឡើងវិញហើយសូមពិចារណាផង តើគ្នា​មាន​​ចេតនាទេ? កុំដុតអោយខ្លោច‌ កុំរោលអោយឆៅ។»

សម្រាប់នាយ ពែកមី វិញ ក៏ធ្វើការសំណូមពរផងដែរ ទៅកាន់អ្នកប្រើប្រាស់បណ្តេញសង្គមហ្វេសប៊ុក ដែល​បានកាត់​ធ្វើការ​​កាត់ត​រូបភាពផ្សេងៗ ដើម្បីកេងចំណេញ​ផលប្រយោជអ្វីមួយ សុំមេត្តាយកហ្វេសប៊ុក​ទៅ​ធ្វើអ្វី​មួយ​ដែល​ជារឿង​ពិត និងសូមលុបបំបាត់ «ការលាបពណ៌»គ្នា ទៅវិញទៅមក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...