មេទ័ពអាមេរិក ដាក់គម្នាបមេទ័ពថៃ បន្ទាប់ពីអាមេរិកផ្អាកជំនួយដំបូង
- ដោយ: មនោរម្យ.អាំងហ្វូ ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៤ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 24, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មេបញ្ជាការកងទ័ពអាមេរិក បានទូរស័ព្ទជជែកជាមួយមេទ័ពថៃ លោក ប្រាយុទ ចាន់អ៊ូចារ នៅយប់ថ្ងៃសុក្រនេះ ដើម្បីថ្លែងឲ្យវិលត្រឡប់មករក «គោលការណ៍ប្រជាធិបតេយ្យ»វិញ បន្ទាប់ពីការដណ្ដើមកាន់កាប់អំណាច របស់កងទ័ពថៃ ដោយរដ្ឋប្រហារមួយក្នុងប្រទសថៃ កាលពីថ្ងៃព្រហស្បត្តិ៍ទី២២ ខែឧសភា។ ការជួបជជែកនេះ បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានផ្អាកជំនួយលើកដំបូងរបស់ខ្លួនមួយ ដែលមានទឹកប្រាក់ប្រមាណជា ៣,៥លានដុល្លា។
ទាហានកាន់កាំភ្លើងយន្ដ ត្រូវបានដាក់ពង្រាយនៅចំនុចមួយចំនួន ក្នុងរាជធានីបាងកក។ (រូបថត REUTERS)
នយោបាយថៃ - ក្រសួងការបរទេសអាមេរិក ដែលគេស្គាល់ថា ជាមន្ទីរប៉ង់តាហ្គោន នោះ បានថ្លែងអះអាងថា ការទាក់ទងតាមទូរស័ព្ទមួយ បានធ្វើឡើងរវាងអគ្គមេបញ្ជាការកងទ័ពអាមេរិក លោក រ៉េម៉ុង អូឌែនណូ (Raymond Odierno) និងអគ្គមេបញ្ជាការកងទ័ពថៃ លោក ប្រាយុទ ចាន់អ៊ូចារ (Prayuth Chan-o-cha) កាលពីថ្ងៃសុក្រ (វេលាយប់ បើប្រៀបធៀបម៉ោងក្នុងប្រទេសកម្ពុជា) ។
អ្នកនាំពាក្យរបស់មន្ទីប៉ង់តាហ្គោន លោក ចន គៀប៊ី (John Kirby) បានថ្លែងថា៖ «លោកឧត្ដមសេនីយ៍អាមេរិក បានបញ្ជាក់យ៉ាងច្បាស់ថា យើងរងចាំឲ្យបានប្រាកដសិន នូវការវិលត្រឡប់មកវិញ នូវគោលការណ៍ប្រជាធិបតេយ្យ នៅក្នុងប្រទេសថៃ នៅពេលណាមួយដែលឆាប់បំផុត»។
សហរដ្ឋអាមេរិក មានទាហានជើងទឹកចំនួន៧០០នាក់ និងនាវាមួយចំនួន ស្ថិតក្នុងប្រទេសថៃ ដើម្បីអនុវត្តគម្រោងធ្វើសមយុទ្ធមួយ ដែលនឹងត្រូវបញ្ចប់នៅថ្ងៃអង្គារខាងមុខ ហើយមិនត្រូវបានលប់ចោលនោះទេ។ តែអ្នកនាំពាក្យរបស់ក្រសួងការពារជាតិអាមេរិក បានព្រមានទុកថា គេនៅមិនទាន់ដឹង ពីដំណើរការនៃសមយុទ្ធ ដែលកើតក្រោយព្រឹត្តិការណ៍រដ្ឋប្រហារ នឹងមានសភាពបែបណានោះនៅឡើយ។
សហរដ្ឋអាមេរិក បានបរិហារ និងថ្កោលទោស តាំងពីថ្ងៃព្រហស្បត្តិ នូវរដ្ឋប្រហារយោធា នៅក្នុងប្រទេសថៃនេះ ហើយបាននិយាយថា នឹងសើរើឡើងវិញ នូវជំនួយទាំងឡាយ និងចំណងទាក់ទងផ្នែកយោធារបស់ខ្លួន ជាមួយនឹងប្រទេសថៃ។
ប៉ុន្តែកាលពីថ្ងៃសុក្រនេះដដែល អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី មែរី ហាហ្វ (Marie Harf) បានប្រកាសថា សហរដ្ឋអាមេរិកបានផ្អាកជំនួយយោធា ប្រមាណជា៣,៥លានដុល្លារ ដែលប្រទេសមហាអំណាច ត្រូវផ្ដល់ទៅឲ្យក្រុងបាងកក ជារៀងរាល់ឆ្នាំ។ លោកស្រី មែរី ហាហ្វ បានថ្លែងបន្តថា សហរដ្ឋអាមេរិក នឹងបន្តពិចារណាបន្ថែម ទៅលើជំនួយផ្សេងៗទៀត ដែលកាលពីឆ្នាំ២០១៣កន្លងទៅ ជំនួយទាំងនោះមានចំនួនសរុបប្រមាណជា ១០,៥លានដុល្លារ។
មិនត្រឹមតែប៉ុណ្ណោះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបញ្ជាក់ទៀតថា ទីក្រុងវ៉ាស៊ីតោន នឹងសើរើពិនិត្យឡើងវិញ ពីការប្រើប្រាស់លំអិតពីជំនួយរបស់ខ្លួន ទៅតាមរយៈអង្គការអន្តរជាតិនានា តួយ៉ាងដូចជា អាស៊ាន ថាតើប្រទេសថៃបានទទួលចំនួនប៉ុន្មាន។ ការផ្អាករុះរើ ឬការសើរើឡើងវិញ ពីជំនួយទាំងនេះ ជាការអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក ដែលបានកំណត់ឲ្យប្រទេសមហាអំណាចមួយនេះ ធ្វើទៅកាន់ប្រទេសណាមួយ ដែលរដ្ឋាភិបាលដែលចេញពីការបោះឆ្នោត ត្រូវបានទម្លាក់ដោយរដ្ឋប្រហារ៕