ចាប់ខ្លួនស្ត្រី២នាក់ ពីបទលក់ទារក១ខួប ថ្លៃ១៥០០ដុល្លានៅវៀតណាម
- ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៧ សីហា ២០១៤
- កែប្រែចុងក្រោយ: August 10, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្ត្រីពីរនាក់ ក្នុងនោះម្នាក់ ជានាយិការមជ្ឈមណ្ឌលកុមារកំព្រា ត្រូវបានឃាត់ខ្លួនដោយនគរបាលវៀតណាម ពីបទជួញដូរទារកម្នាក់អាយុ១ឆ្នាំ។
ស្ត្រីសង្ស័យទាំងពីរនាក់។ (រូបថតការសែតវៀតណាម)
ជួញដូរទារក - ស្ត្រីនាយិការមជ្ឈមណ្ឌលកុមារកំព្រា ក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម ត្រូវបានជាប់សង្ស័យពីបទជួញដូរ កុមារអាយុ១ឆ្នាំមួយរូប ដែលត្រូវបានយកមកខ្លួនចិញ្ចឹម។ ជាពិសេសទៅទៀត មជ្ឈមណ្ឌលកុមារកំព្រាដែលស្ថិតក្នុងវត្តបូឌី (Bo De) មានឈ្មោះបោះសម្លេងយ៉ាងល្បី នៅក្នុងការចិញ្ចឹមបីបាច់ កុមារដែលត្រូវបានបោះបង់ចោល ក្នុងនោះមានទាំងកុមារពិការអវយវៈ កូនភឿក និងពិការភ្នែកជាដើម។
អ្នកស្រីនាយិកា ង្វៀន ធីថាញ់ ត្រឹង (Nguyen Thi Thanh Trang) អាយុ៣៦ឆ្នាំ ត្រូវបានឃាត់ខ្លួនកាលពីសប្ដាហ៍មុន បន្ទាប់ពីការស៊ើបអង្កេតរបស់នគរបាលវៀតណាម បានធ្វើឡើងទៅលើករណីទារកអាយុ១ខួប ថាបានលក់ដោះដូរទៅនឹងទឹកប្រាក់ ប្រមាណជា៣៥លានដុង (ប្រមាណជា ១៥០០ដុល្លារ ឬ១២០០អ៊ឺរ៉ូ)។
ស្ត្រីម្នាក់ទៀត អាយុ៣៥ឆ្នាំ ក៏ត្រូវបានឃាត់ខ្លួនដែរ ខណៈមនុស្សបីនាក់ទៀតត្រូវបានកោះហៅ ឲ្យចូលទៅស្រាយបំភ្លឺ។ នេះបើតាមរបាយការណ៍របស់សារព័ត៌មានផ្លូវការ ផ្សាយជាភាសាវៀតណាម របស់របបកុម្មុយនីស។
ទារកកំព្រា ត្រូវបានគេយកមកផ្លុងចោលកាលពីមួយឆ្នាំមុន នៅនឹងមាត់ច្រកចូលរបស់មជ្ឈមណ្ឌលកុមារកំព្រា នៅបន្ទាប់ពីទារកដ៏កំសត់ ទើបបានកើតពីឧទរភ្លាម។ សារព័ត៌មានផ្លូវការ បានរាយការណ៍ទៀតថា ទារកតូចរូបនេះ បានបាត់ខ្លួននៅពេលក្រោយមក ដោយមិនដឹងមូលហេតុ។
ប៉ុន្តែនគរបាលវៀតណាម បានរកឃើញថាមជ្ឈមណ្ឌល បានបញ្ជូនទារកទៅឲ្យមនុស្សម្នាក់ទៀត ដោយប្ដូរជាមួយនឹងទឹកប្រាក់ ១៥០០ដុល្លា។ នៅក្នុងពេលនេះ នគរបាលកំពុងតាមដានរកទៀតថា តើមានករណីបែបនេះ បានកើតមានពីមុនមកឬទេ នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រា ដែលមានកុមាររស់នៅប្រមាណជា១៤៥នាក់៕