អ្នកដំណើរមួយរូបរងការចោទថា បានបំបែកកញ្ចក់បង្អួចយន្ដហោះ
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៤ សីហា ២០១៤
- កែប្រែចុងក្រោយ: August 04, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទន្ទឹមនឹងគ្រោះថ្នាក់យន្ដហោះ ចេះតែកើតមានជាបន្តបន្ទាប់ អ្នកដំណើរមួយរូបដែលបានជិះលើយន្ដហោះ ថមសុន អ៊ែរវេស (Thomson Airways) ទំនងជាបានវាយបំបែកកញ្ចក់បង្អួចយន្ដហោះ បានមួយជាន់ជាស្ថាពរហើយ នៅក្នុងពេលដែលយន្ដហោះ កំពុងហោះនៅលើអាកាស។
យន្ដហោះប្រភេទ ប៊ូអីង ៧៨៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ថមសុន អ៊ែរវេស។ (រូបថតក្រុមហ៊ុន)
គ្រោះថ្នាក់យន្ដហោះ - ព្រឹត្តិការណ៍ដ៏ខ្មៅងងឹត ជាបន្តបន្ទាប់នៃការបាត់ខ្លួន និងធ្លាក់យន្ដហោះ ហៀបតែនឹងបន្តភាគរបស់ខ្លួនបន្ថែមទៀត នៅប្រទេសអៀឡង់ កាលពីចុងសប្ដាហ៍មុន។ អ្នកដំណើរមួយរូប ដែលរហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងពីមូលហេតុអ្វីនៅឡើយ ទំនងជាបានវាយបំបែកកញ្ចក់បង្អួចយន្ដហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ ថមសុន អ៊ែរវេស ដែលខ្លួនកំពុងជិះកាលពីថ្ងៃទី២៥ ខែកក្កដាមុន ចេញពីរដ្ឋផ្លរីដ (Floride) សហរដ្ឋអាមេរិក ឆ្ពោះមកកាន់ក្រុង មេនឆេស្ទើរ (Manchester) នៃចក្រភពអង់គ្លេស។
បន្ទាប់ពីយន្ដហោះបានចុះចតដល់ព្រលានយន្ដហោះភ្លាម បុរសដ៏អស្ចារ្យម្នាក់នេះ ត្រូវបានឃាត់ខ្លួនជាបន្ទាន់ ហើយបន្ទាប់មក ត្រូវបានចោទប្រកាន់ជាផ្លូវការ ពីបទបង្កគ្រោះថ្នាក់ដល់ការហោះហើរ ដោយអាជ្ញាធរអង់គ្លេស កាលពីចុងសប្ដាហ៍មុន។ នេះបើតាមការប្រកាសឲ្យដឹង របស់នគរបាលក្រុងមេនឆេស្ទើរ។
ជាសំណាងល្អ ដែលបុរសឈ្មោះ នីកូឡា វ៉ាយថឃើរ (Nicholas Whitaker) អាយុ ៤៣ឆ្នាំរូបនេះ បានបំបែកត្រឹមតែកញ្ចក់ទីមួយ នៃបង្អួចយន្ដហោះប្រភេទ ប៊ូអីង ៧៨៧ តែប៉ុណ្ណោះ។ តាមអ្នកជំនាញខាងយន្ដហោះមួយរូប បានថ្លែងបញ្ជាក់ប្រាប់សារព័ត៌មានអង់គ្លេស ដេល្លីមែល (Daily Mail) ឲ្យដឹងថា ប្រសិនជាកញ្ចក់ទាំងពីរជាន់ ត្រូវបានបំបែកនោះ យន្ដហោះទាំងមូលនឹងឃ្លោង បាត់លំនឹង ហើយគ្រោះថ្នាក់ក៏អាចកើតមានឡើងដែរ។ អ្នកជំនាញរូបនោះ បានអះអាងទៀតថា៖ «បំបែកកញ្ចក់ជាន់ខាងក្នុងយន្ដហោះ មិនជាស្រួលប៉ុន្មានទេ ហើយបំបែកកញ្ចាក់ខាងក្រៅ គឺពិតជាមិនអាចទៅរួចឡើយ»។
ប៉ុន្តែផ្ទុយស្រឡះពីការលើកឡើង របស់អ្នកជំនាញម្នាក់នេះ ព្រោះ នីកូឡា វ៉ាយថឃើរ ទំនងជាបានបំបែកកញ្ចក់ជាន់ខាងក្នុងនេះ ដោយប្រើតែមួយកណ្ដាប់ដៃប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ក៏ទង្វើដែលគ្មានហេតុផល របស់បុរសអ្នកដំណើរនេះ សក្ដិសមនឹងត្រូវបកស្រាយឲ្យបានច្បាស់ នៅក្នុងសវនាការថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ខាងមុខ៕