យន្ដហោះ«Etihad»ត្រឡប់មកចុះចតវិញ ព្រោះមាស៊ីនប្រតិកម្មខូច
- ដោយ: ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី២៨ កញ្ញា ២០១៦
- កែប្រែចុងក្រោយ: September 30, 2016
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកដំណើរច្រើនរយនាក់ នៅយន្ដហោះប៊ូអីង ដែលហោះឆ្ពោះ ទៅប្រទេសអូស្ត្រាលី កាលពីថ្ងៃអង្គារ បានជួបនូវហេតុការណ៍ ដ៏គួរឲ្យភ័យភិតមួយ បន្ទាប់ពីយន្ដហោះ ដែលពួកគេជិះនេះ បានរងគ្រោះ ព្រោះការខូចម៉ាស៊ីនប្រតិកម្មមួយចំហៀង នៅពេលដែលយន្ដហោះ បានងើបខ្លួនហោះចេញពីព្រលានបានបន្តិច។ ជាសំណាងល្អ ពួកគេមិនមាននរណាម្នាក់រងរបួសទេ បន្ទាប់ពីយន្ដហោះ បានត្រឡប់មកចុះចត ដោយសុវត្តិភាពវិញ នៅព្រលានយន្ដហោះដដែល។
គ្រោះថ្នាក់បានកើតឡើង នៅក្រោយការហោះងើបខ្លួនពីដី កាលពីថ្ងៃអង្គារទី២៧ ខែកញ្ញានេះ វេលាម៉ោង ១១ និង១៥នាទី ម៉ោងក្នុងស្រុក នៃយន្ដហោះប៊ូអីង (Boeing 777) នៃក្រុមហ៊ុនអាកាសចរណ៍ «Etihad» មួយគ្រឿង ដែលបានហោះចេញ ពីព្រលានយន្ដហោះអន្តរជាតិ នៃរាជាណាចក្រ «Abou Dhabi» របស់ប្រទេសអេមៀរ៉ាត់អារ៉ាប់រួម ដើម្បីឆ្ពោះទៅកាន់ក្រុង ស៊ីដនី នៃប្រទេសអូស្ត្រាលី។ នេះបើតាមការអះអាង របស់អ្នកនាំពាក្យនៃក្រុមហ៊ុនអាកាសចរណ៍ខ្លួនឯង នៅថ្ងៃបន្ទាប់។
អ្នកនាំពាក្យរូបនោះ បានបញ្ជាក់ថា៖ «នៅមុនការចុះចត អ្នកបើកបរយន្ដហោះ រួមនឹងសមាជិកបម្រើការ នៅលើយន្ដហោះ បានអនុវត្តន៍តាមក្រមប្រតិបត្តិ នៃការចុះចតជាបន្ទាន់ ដែលពួកគេបានធ្វើជាទៀតទាត់ នៅរៀងរាល់ការហ្វឹកហាត់»។ លោកបានសាទរ ដល់ក្រុមសមាជិកបម្រើការ នៅលើយន្ដហោះទាំងនោះ ទាក់ទងនឹងការសម្រេចបាន នូវក្រមប្រតិបត្តិនោះ ប្រកបដោយជំនាញ បូករួមទាំងសភាពនឹងនរ របស់ពួកគេ ដើម្បីធានាទៅដល់សុវត្ថិភាព របស់អ្នកដំណើរ រហូតដល់ការចុះចត បានចប់ចុងចប់ដើម។
កាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅ អ្នកដំណើរជាច្រើននាក់ របស់យន្ដហោះអ៊ែរប៊ូស (Airbus A330-200) បានរងរបួស នៅពេលដែលយន្ដហោះមួយគ្រឿងនេះ របស់ក្រុមហ៊ុនអាកាសចរណ៍ដដែល បានហោះទៅប៉ះ នឹង«ខ្យល់គួច»ដ៏ខ្លាំងមួយ នៅមុនការចុះចត នៃជើងហោះហើររបស់ខ្លួន ក្នុងព្រលានយន្ដហោះ នៃរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។
ក្រុមហ៊ុនអាកាសចរណ៍ «Etihad» ជាក្រុមហ៊ុនមួយដែលមានភាពរីកចម្រើនមិនឈប់ឈរ និងខ្លាំងក្លា នៅក្នុងរយៈពេលចុងក្រោយនេះ។ ការរីកចម្រើននេះ មានមូលហេតុមួយភាគធំ បណ្ដាលមកពីទីតាំងកណ្ដាលដ៏ល្អ នៃព្រលានយន្ដហោះ «Abou Dhabi» ដែលជាកន្លែងជួបប្រមូលផ្ដុំ នៃជើងហោះហើរនានា និងធំៗ នៅក្នុងពិភពលោក។ ក្រុមហ៊ុននេះ មានយន្ដហោះ នៅក្នុងបញ្ជីហោះហើររបស់ខ្លួន ចំនួន១២៣គ្រឿង (រាប់ទាំងយន្ដហោះប៊ូអីង ទាំងយន្ដហោះអ៊ែរប៊ូស)។ យន្ដហោះចំនួន ១៧៩គ្រឿងទៀត កំពុងស្ថិតក្នុងការបញ្ជាទិញ ហើយនឹងត្រូវដឹកបញ្ជូន យកទៅឲ្យក្រុមហ៊ុនអាកាសចរណ៍នេះ នៅមុនឆ្នាំ២០២៥៕