គ្រោះថ្នាក់ MH370 បណ្ដាលពីសម្ពាធធ្លាក់ចុះដ៏គំហុក ក្នុងយន្ដហោះ?
- ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៨ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 30, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គ្រោះថ្នាក់នៃយន្ដហោះ MH370 ទំនងជាបណ្ដាលមកពី ការធ្លាក់ចុះយ៉ាងគំហុក នៃសម្ពាធក្នុងយន្ដហោះ ដែលធ្វើឲ្យទាំងអ្នកបើកបរ អ្នកបម្រើការ និងទាំងអ្នកដំណើរ ខ្វះខ្យល់អ៊ុកស៊ីសែន សម្រាប់ដកដង្ហើម។ យន្ដហោះប្រហែលជាបានបន្តដំណើររបស់ខ្លួន ដោយស្វ័យប្រវត្ត (គ្មានអ្នកបើកបរ) នៅប៉ុន្មានម៉ោងក្រោយមក រហូតបានមកធ្លាក់ក្នុងមហាសមុទ្រ។
យន្ដហោះប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ។ (រូបថតក្រុមហ៊ុន)
បាត់យន្ដហោះ - មើលទៅ ដំណើរការស៊ើបអង្កេតនៃការបាត់ខ្លួន របស់យន្ដហោះប៊ូអីងមួយនេះ ចេះតែមានទៅមុខ ហើយមិនដឹងពេលណាចប់នោះទេ។
បើតាមក្រុមអ្នកស៊ើបអង្កេត របស់ការិយាល័យសុវត្ថិភាពដឹកជញ្ជូន (ATSB) នៃប្រទេសអូស្ត្រាលី ដែលនៅបន្តធ្វើការ រុករកយន្ដហោះបាត់ខ្លួននេះនៅឡើយនោះ បានឲ្យដឹងថា គ្រោះថ្នាក់ធ្លាក់ក្នុងមហាសមុទ្រនៃយន្ដហោះ របស់ក្រុមហ៊ុនម៉ាឡេស៊ីនេះ ទំនងបណ្ដាលមកពី ការធ្លាក់ចុះយ៉ាងគំហុក នៃសម្ពាធក្នុងតួយន្ដហោះ។ សម្ពាធធ្លាក់ចុះ ធ្វើឲ្យខ្វះនូវខ្យល់អ៊ុកស៊ីសែន បង្ក«ភ្លាមៗ»ឲ្យទាំងអ្នកបើកបរ អ្នកបម្រើការ និងទាំងអ្នកដំណើរបាត់បង់ស្មារតី ហើយយន្ដហោះបានបន្តដំណើររបស់ខ្លួន ដោយស្វ័យប្រវត្តិប៉ុន្មានម៉ោងក្រោយមក រហូតធ្លាក់បោកខ្លួនក្នុងមហាសមុទ្រ ខណៈពេលដែលម៉ាស៊ីនប្រតិកម្មរបស់យន្ដហោះ បានឆេះផ្ទុះឡើង។
របាយការណ៍របស់ក្រុមអ្នកស៊ើបអង្កេតនេះ អាចនឹងធ្វើឲ្យអ្នកផងមិនសូវជឿ ប៉ុន្តែការពិតឬយ៉ាងណានោះ ស្ថិតនៅជាករណីដ៏ប្រាកដនិយមមួយ ដោយសារតែហេតុការណ៍បែបនេះ ធ្លាប់កើតមានម្ដងហើយ។
កាលពីឆ្នាំ២០០៥ យន្ដហោះមួយនៃក្រុមហ៊ុន ហេលីយ៉ូ អ៊ែរវ៉េស (Helios Airways) បានបន្តហោះក្នុងរយៈពេល២ម៉ោងទៀត ខណៈពេលដែលអ្នកបើកបរទាំងអស់ បានបាត់បង់ស្មារតី ដោយសារការធ្លាក់ចុះនៃសម្ពាធនេះ មុននឹងយន្ដហោះបានធ្លាក់បោកខ្លួន នៅប្រមាណជាជាង១០គីឡូម៉ែត្រ ពីរដ្ឋធានី អាតែន ប្រទេសក្រិច។
នាយក្រុមស៊ើបអង្កេត នៃការិយាល័យអូស្ត្រាលីនេះ បានជឿជាក់យ៉ាងច្រើន ថាយន្ដហោះម៉ាឡេស៊ី ត្រូវបានបន្តដំណើរដោយកម្មវិធីបើកបរជាស្វ័យប្រវត្តិ នៅមុនពេលវាធ្លាក់ក្នុងសមុទ្រ។ ការរុករកតួយន្ដហោះ បានកំពុងបន្តធ្វើទៅទៀត នៅចម្ងាយ ១៨០០គីឡូម៉ែត្រ ពីឆ្នេរខាងលិចនៃកោះអូស្ត្រាលី ក្នុងលំហខាងត្បូងនៃមហាសមុទ្រឥណ្ឌា ហើយបានកំណត់ជាថ្មី នូវផ្ទៃក្រឡារុករក ដែលមានទំហំប្រមាណជា៦០ ០០០ គីឡូម៉ែត្រការ៉េ។
នៅក្នុងការរុករកជាថ្មីនេះ ក្រុមអ្នករុករកនឹងចាប់ផ្ដើម កំណត់ទីតាំងនៅបាតសមុទ្រជាដំបូង ដែលអាចមានរយៈពេល៣ខែ ហើយការរុករកនៅជំហានជាបន្តទៀត យ៉ាងហោច១២ខែទៅមុខ៕