រកឃើញវត្ថុដំបូង ពីយន្ដហោះបាត់ខ្លួន MH370?
- ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ភ្នំពេញ ថ្ងៃទី ១៦ មិនា ២០១៥
- កែប្រែចុងក្រោយ: March 17, 2015
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើវត្ថុនេះ ពិតជាគ្រឿងប្រដាប់ប្រដា របស់យន្ដហោះប៊ូអីង (Boeing 777) ដែលបានបាត់ខ្លួន តាំងពីជាងមួយឆ្នាំមកនោះ មែនឬ? វត្ថុនោះ ជាកន្សែងជូតដៃ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ដែលបានអណ្ដែងមកទើរ នៅលើឆ្នេរភាគខាងលិច នៃកោះអូស្ត្រាលី។
វត្ថុនេះ ត្រូវបានរកឃើញ ដោយពីរនាក់ប្ដីប្រពន្ធចូលនិវត្តន៍មួយគូ ខណៈពេលដែលអ្នកទាំងពីរ បានដើរកំសាន្ដ នៅលើឆ្នេរ នៃទីក្រុង សែវេន (Cervantes)។ អ្នកទាំងពីរបានទូរស័ព្ទហៅនគរបាល ឲ្យមកយករបស់នេះភ្លាម ដើម្បីធ្វើការវិភាគ។ បើតាមស្ថានីយទូរទស្សន៍ 9news ក្នុងស្រុក ដែលបានរាយការណ៍ ពីហេតុការណ៍នេះ បានយោងតាមការបញ្ជាក់របស់អ្នកជំនាញ ហើយថ្លែងពន្យល់ថា វាអាចជាកំណាត់ជូតដៃ របស់យន្ដហោះ MH370 ដែលអណ្ដែតច្រើនសិបថ្ងៃខែ នៅលើផ្ទៃមហាសមុទ្រ ឥណ្ឌា មុននឹងមកទើរ នៅលើទីឆ្នេរ នៃប្រទេសអូស្ត្រាលីនេះ។
សម្រាប់អ្នកស៊ើបអង្កេតវិញ ស្ថិតក្នុងសភាពស្ងាត់ស្ងៀមនៅឡើយ ប៉ុន្តែបាននិយាយ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ខ្លួនថា វាពិតជាពិបាកខ្លាំងណាស់ ដែលអះអាង ពីការជាប់ទាក់ទង រវាងវត្ថុនេះ ដែលមានច្រើនរាប់មិនអស់ និងយន្ដហោះ នៃជើងហោះហើរ MH370។ យ៉ាងណាក៏ដោយ ក្រុមអ្នកស៊ើបអង្កេត និងរុករកយន្ដហោះនេះ បាននិយាយថា ខ្លួនកំពុងធ្វើការពិនិត្យ ទៅលើកន្សែងនេះ ដើម្បីឲ្យដឹងពីប្រភពរបស់វាពិតប្រាកដ។
យន្ដហោះប៊ូអីង របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ដែលភ្ជាប់ជើងហោះហើរ ពីរដ្ឋធានីកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅរដ្ឋធានីប៉េកាំង ប្រទេសចិន បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង ពីប្រព័ន្ធចាប់រលកអាកាស យ៉ាងអាថ៌កំបាំង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ជាងមួយឆ្នាំមុន ជាមួយនឹងអ្នកដំណើរ ២៣៩នាក់។ បើទោះជា ប្រព័ន្ធផ្កាយរណបបានឆ្លុះឃើញ ថាមានវត្ថុជាច្រើនបានអណ្ដែតនៅលើផ្ទៃទឹក ប៉ុន្តែការរុករុកយ៉ាងសម្បើម ដោយប្រទេសជាច្រើន នៅក្នុងតំបន់ មិនបានរកឃើញ សូម្បីស្រមោលរបស់យន្ដហោះ បន្តិចឡើយ។
ចំពោះគ្រួសារ របស់ជនរងគ្រោះវិញ បានសម្ដែងការខឹងសម្បាររបស់ពួកគេ កាន់តែធំឡើង។ លោក ហ្សីស្លាំង វាត្រេឡូស (Ghyslain Wattrelos) ដែលមានភរិយា និងកូនពីរនាក់ បានស្ថិតនៅក្នុងយន្ដហោះ MH370 នោះ បានថ្លែងឡើងថា៖ «ខ្ញុំខឹងខ្លាំងណាស់ ហើយកាន់តែខ្លាំងឡើង ព្រោះរឿងបានកើតឡើង ជាងមួយឆ្នាំហើយ តែគ្មានដំណឹងអ្វីសោះ។ យើងដឹងច្បាស់ណាស់ ថាពួកគេកុហកយើង។ យើងគ្មានអារម្មណ៍ ទទួលបានការលើកទឹកចិត្ត នៅក្នុងហេតុការណ៍នេះសោះ។»៕