យន្ដហោះបាត់ខ្លួន៖ ស្ត្រីអង់គ្លេសម្នាក់ ឃើញយន្ដហោះឆេះជិតទឹកដីថៃ
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី៣ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 04, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នេះជាការរកឃើញនូវចំណុចថ្មីមួយទៀត ទាក់ទងនឹងយន្ដហោះប៊ូអ៊ីង របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ បន្ទាប់ពីយន្ដហោះនេះបានបាត់ខ្លួន ជិត៣ខែកន្លងទៅហើយ។ អ្នកទេសចរណ៍ជាតិអង់គ្លេសមួយរូប បានលើកឡើងប្រាប់អាជ្ញាធររបស់ប្រទេសអូស្ត្រាលី ដែលទទួលបន្ទុករុករកយន្ដហោះ នៅក្នុងមហាសមុទ្រឥណ្ឌាខាងត្បូងនោះថា ខ្លួនបានឃើញយន្ដហោះមួយ បានឆេះនៅក្បែរនឹងព្រំដែននៃប្រទេសថៃ ក្នុងយប់កើតហេតុជួនចំពេល នឹងការបាត់ខ្លួនរបស់យន្ដហោះ MH370។
រូបគំនូរ បង្ហាញពីយន្ដហោះឆេះធ្លាក់។ (រូបថត ចេញពីរូបគំនូរព្រៀង)
បាត់យន្ដហោះ - សារព័ត៌មានអង់គ្លេស ឌឹថែម៍ (The Times) បានរាយការណ៍នៅថ្ងៃអង្គារទី៣ ខែមិថុនានេះថា ស្ត្រីអ្នកទេសចរណ៍ជាតិអង់គ្លេស អ្នកស្រី កាតឺរីន ធេ (Katherine Tee) បានឃើញយន្ដហោះដ៏ធំជាមួយនឹងអណ្ដាតភ្លើង ក្នុងខណៈពេលដែលអ្នកស្រី បានចេញកាណូតឯកជនមួយ ជាមួយនឹងស្វាមីអ្នកស្រី ទៅកំសាន្ដនៅលើមហាសមុទ្រឥណ្ឌា ចន្លោះដែនទឹកនៃប្រទេសឥណ្ឌា និងប្រទេសថៃ។
អ្នកស្រីនិយាយថា «ខ្ញុំឃើញទម្រង់ភ្លើងដ៏វែងមួយ មានពណ៌ទឹកក្រូចស្រស់ ជាមួយនឹងផ្សែងពណ៌ខ្មៅចេញតាមពីក្រោយ។ () ខ្ញុំគិតដំបូងភ្លាមនោះថា នេះអាចជាផ្កាយធ្លាក់ ព្រោះខ្ញុំចូលចិត្តរឿងបែបនេះណាស់។ តែនៅពេលមើលឲ្យយូរបន្ដិត វាមានរាងដូចជាយន្ដហោះមួយ កំពុងឆេះ! វាបានធ្វើឲ្យខ្ញុំចាប់អារម្មណ៍ ព្រោះខ្ញុំមិនដែលឃើញយន្ដហោះ ជាមួយនឹងពណ៌ទឹកក្រូចស្រស់បែបនេះទេ។»
អ្នកស្រី កាតែរីន ធេ និងស្វាមីបានត្រឡប់មកកាន់ក្រុងភូកេត ប្រទេសថៃវិញ នៅពីរថ្ងៃក្រោយមក ប៉ុន្តែអ្នកស្រីមិនបានរាយការណ៍ពីការមើលឃើញរបស់អ្នកស្រី ភ្លាមៗនោះទេ។ អ្នកស្រីបានរៀបរាប់ថា «ខ្ញុំខ្លាចគេថា ខ្ញុំឆ្កួត»។ ប៉ុន្តែបន្ទាប់ពីបានមើលបទយកការណ៍មួយ ស្ដីពីការរុករុកយន្ដហោះយ៉ាងសម្បើមដៃនោះ អ្នកស្រីបានសម្រេចចិត្តយកទិន្នន័យ នៃតំបន់ (GPS) ដែលកាណូតរបស់អ្នកស្រី បានឆ្លងកាត់នៅយប់នោះ យកមកពិនិត្យឡើងវិញ។ ការសិក្សាឡើងវិញនេះ បានធ្វើឲ្យអ្នកស្រីច្បាស់ក្នុងចិត្តថា ទិន្នន័យនៃតំបន់តាំងនៅរបស់កាណូត វាប្រហាក់ប្រហែលនឹងដំណើរត្រឡប់ក្រោយ របស់យន្ដហោះបាត់ខ្លួន MH370។
អ្នកស្រីបានឲ្យដឹងទៀតថា៖ «មកដល់ពេលនេះ ខ្ញុំមានការជឿជាក់ច្បាស់ក្នុងចិត្ត ហើយខ្ញុំចង់ដាក់របាយការណ៍ នៃការសិក្សាទាំងនេះ ទៅឲ្យអាជ្ញាធរដែលកំពុងធ្វើកិច្ចការនេះ»។
បើទោះជា ការរាយការណ៍របស់អ្នកស្រី មានរយៈពេលយឺតបន្តិចមែន ប៉ុន្តែវាបានធ្វើឲ្យចំណុចសង្ស័យ ទៅលើការបាត់ខ្លួនរបស់យន្ដហោះ បែកចេញទៅរឿងមួយទៀត។ នៅក្រោយពេលដែលយន្ដហោះ បានដាច់ការទាក់ទងមកផែនដី ប្រព័ន្ធរលកអាកាសរបស់កងទ័ពថៃ ក៏បានចាប់បានពីដំណើររបស់យន្ដហោះ មិនស្គាល់អត្តសញ្ញាណមួយ ដែលមានដំណើរមិនទៀង នៅក្នុងដែនអាកាសរបស់ខ្លួនដែរ ។
កាលពីពីរសប្ដាហ៍មុន សៀវភៅមួយមានចំណងជើងថា «យន្ដហោះ MH370៖ អាថ៌កំបាំង» បានលើកយកសម្ដីប្រហាក់ប្រហែលគ្នា របស់សាក្សីមួយរូប លោក ម៉ៃ ម៉ាកខេ (Mike McKay) ជនជាតិញ៉ូហ្សេឡេន ដែលបានស្ថិតនៅក្នុងមូលដ្ឋានចម្រាញ់ប្រេងមួយ នៅក្នុងឈូងសមុទ្រថៃ ថាបានឃើញតួយន្ដហោះ បានឆេះនៅលើមេឃ នៅក្នុងពេលតែមួយ ដែលយន្ដហោះបានដាច់ទំនាក់ទំនង មកផែនដីនោះ។
អ្នកនិពន្ធជាតិអង់គ្លេសនៃសៀវភៅនេះ លោក នីជេល ខាវថន (Nigel Cawthorne) ដែលជាអ្នកសារព័ត៌មានមួយរូបដែរនោះ បានភ្ជាក់ហេតុការណ៍នេះ ទៅនឹងសមយុទ្ធយោធា ដែលបានរៀបចំធ្វើរួមគ្នា រវាងប្រទសថៃ និងសហរដ្ឋអាមេរិក នៅក្នុងសមុទ្រចិនខាងត្បូង នៅពេលនោះ ហើយបានលើកការសង្ស័យមួយមកនិយាយថា «សមាជិកម្នាក់នៅក្នុងសមយុទ្ធ ទំនងជាបានបាញ់ដោយច្រឡំ ចំយន្ដហោះ» បន្ទាប់មកហេតុការណ៍នេះ ត្រូវបានគេលាងសម្អាតយ៉ាងស្អាត។
តើការបាត់ខ្លួន របស់យន្ដហោះ ដែលភ្ជាប់ជើងហោះហើរ MH370 ពីរដ្ឋធានីកូឡាឡំពួរ ឆ្ពោះទៅរដ្ឋធានីប៉េកាំង នឹងស្ថិតនៅជាអាថកំបាំងរហូតទៅមែន ឬយ៉ាងណា?
រូបថតអ្នកស្រី កាតឺរីន ធេ និងយន្ដហោះប៊ូអីង របស់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ ៖