បក្ស សម រង្ស៊ី បដិសេធច្បាប់បីពាក់ព័ន្ធតុលាការ
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៤ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 04, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤ លោកគង់ គាំ ប្រធានគណបក្សសម រង្ស៊ី បានបដិសេធមិនទទួលស្គាល់ច្បាប់បីពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ ហើយបានស្នើឲ្យព្រឹទ្ធសភា គម្បីបង្វិលច្បាប់ទាំងបីនោះ ទៅកាន់រដ្ឋសភាពហុបក្ស ដើម្បីធានាថាច្បាប់ត្រូវបានបង្កើតឡើងត្រឹមត្រូវ។
ជញ្ជីងយុត្តិធម៌ របស់ក្រុមអ្នកតវ៉ា នៅមុខសាលាដំបូងថែទី២១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Kessor)
ច្បាប់ - តាមរយៈលិខិតផ្ញើជូនលោក អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ លោក គង់ គាំ ប្រធានគណបក្សសម រង្ស៊ី សរសេរថា ដំណើរការតាក់តែងច្បាប់នីមួយៗត្រូវមានតម្លាភាព គណនេយ្យភាព និងការចូលរួមទូលំទូលាយពីមជ្ឈដ្ឋានទាំងអស់ជាចាំបាច់។ លិខិតដដែលសង្កត់ធ្ងន់ថា៖ «ការបញ្ជូនច្បាប់មកព្រឹទ្ធសភានេះ គឺធ្វើឲ្យអនាគតប្រព័ន្ធតុលាការកម្ពុជា ស្ថិតក្រោមឥទ្ធិពលនីតិប្រតិបត្តិ (រដ្ឋាភិបាល) យ៉ាងធ្ងន់ធ្ងរ។»
លោក គង់ គាំ ប្រធានគណបក្សសម រង្ស៊ី តាមរយៈលិខិតរបស់ខ្លួនបានលើកហេតុផលថា អ្នករាយការណ៍ពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ សង្គមស៊ីវិលជាតិ អន្តរជាតិ និងក្រុមសមាជិករដ្ឋសភារបស់គណបក្សសង្គ្រោះជាតិ បានវាយតម្លៃប្រហាក់ប្រហែលគ្នាថា ច្បាប់ដែលទាក់ទងដល់ប្រព័ន្ធតុលាការ កំពុងដាក់ព្រះរាជតួនាទីរបស់ព្រះមហាក្សត្រ និងគោលការឯករាជ្យរបស់តុលាការ ឲ្យឃ្លាតឆ្ងាយពីបទដ្ឋានអន្តរជាតិ និងបទដ្ឋានយុត្តិធម៌។
កាលពីដើមខែ ឧសភា ឆ្នាំ២០១៤ សេចក្តីព្រាងច្បាប់ចំនួនបីគឺ ស្តីពីរៀបចំអង្គការតុលាការ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា ត្រូវបានរដ្ឋសភាឯកបក្សគណបក្សប្រជាជនកម្ពុជា អនុម័តទាំងចម្រូងចម្រាស ហើយបានបញ្ជូនបន្តមកព្រឹទ្ធសភា បើទោះជាច្បាប់ទាំងបីនេះ រងការរិះគន់ជាបន្តបន្ទាប់ពីសំណាក់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ក៏ដោយ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានលើកឡើងថា កាលដែលច្បាប់ដ៏មានសារៈសំខាន់នេះ ធ្វើឡើងដោយគណបក្សតែមួយក្នុងរដ្ឋសភា ខណៈគណបក្សសង្គ្រោះជាតិបន្តធ្វើពហិការ មិនទទួលស្គាល់ពីភាពស្របច្បាប់របស់រដ្ឋសភាឯកបក្ស ហើយថាច្បាប់ទាំងនេះ នឹងមិនទាន់ស្របតាមបទដ្ឋានអន្តរជាតិនោះ វានឹងធ្វើឲ្យមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ តាមរយៈប្រព័ន្ធយុត្តិធម៌ មិនឯករាជ្យ ពោលគឺនៅតែស្ថិតនៅក្រោមឥទ្ធិពលរបស់រដ្ឋាភិបាល។
«ការដាក់ស្ថាប័នតុលាការ ឲ្យស្ថិតនៅក្រោមអង្គនីតិប្រតិបត្តិ ត្រូវបានបង្ហាញឲ្យឃើញយ៉ាងជាក់ច្បាស់។ សេចក្តីព្រាងច្បាប់ ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា តំបូងឡើយ មានបទបញ្ញត្តិមួយចែងថា តុលាការ នឹងមិនត្រូវស្ថិតនៅក្រោមនីតិប្បញ្ញត្តិ ឬនីតិប្រតិបត្តិ ឬគណបក្សនយោបាយណាមួយឡើយ។ ប៉ុន្តែបញ្ញត្តិនេះ ត្រូវបានលុបចោលវិញ មុនពេលរដ្ឋសភាអនុម័តច្បាប់ថ្មីទាំងនេះ។» នេះជាការសង្កត់ធ្ងន់របស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន កាលពីចុងខែឧសភា ឆ្នាំ២០១៤ ចំពោះការបង្កើតច្បាប់ទាំងបី។
តែសម្រាប់លោក ជាម យៀប មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចសម្ភាសជាមួយវិទ្យុក្នុងស្រុកកាលពីពេលថ្មីៗនេះ បានពន្យល់ថាច្បាប់ទាំងបីនេះ បង្កើតឡើងស្របតាមនីតិវិធីច្បាប់ និងអាចធានាបានយុត្តិធម៌ ក្នុងប្រព័ន្ធតុលាការកម្ពុជា។ លោកជាម យៀប បានបញ្ជាក់ថា៖ «យ៉ាងណាបើមានច្បាប់មិនសូវល្អ វាប្រសើរជាងអត់ច្បាប់៕»