AirAsia៖ កន្ទុយយន្ដហោះដែលធម្មតាមានប្រអប់ខ្មៅ ត្រូវបានស្រង់ឡើងមកលើ
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១០ មករា ២០១៥
- កែប្រែចុងក្រោយ: January 10, 2015
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពីរសប្ដាហ៍បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់យន្ដហោះ ដែលភ្ជាប់ជើងហោះហើរ QZ8501 នៅថ្ងៃសៅរ៍ទី១០ ខែមករានេះ ក្រុមរុករកតួយន្ដហោះ បានស្រង់ឡើងមកខាងលើផ្ទៃទឹក នូវផ្នែកខាងក្រោយរបស់យន្ដហោះ អ៊ែរប៊ូស។ ពោងបំប៉ោងធំៗចំនួនពីរ ត្រូវបានយកមកប្រើ ដើម្បីជួយលើកឡើងមកលើ នូវកំណាត់តួយន្ដហោះ ដែលមានទំហំធំជាងគេ បើប្រៀបធៀបទៅនឹងការរកឃើញបំណែកមុនៗ។ ក្រុមអ្នករុករក បានលើកយកតួកន្ទុយខាងក្រោយនេះ ពីជម្រៅប្រមាណជា៣០ម៉ែត្រក្រោមទឹក។
អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន អាអេហ្វប៉េ (AFP) ដែលស្ថិតនៅលើនាវាចម្បាំង KRI Banda Aceh របស់ប្រទេសឥណ្ឌូនេស៊ី សម្រាប់បម្រើឲ្យយុទ្ធនាការស្រង់តួយន្ដហោះនេះ បានរៀបរាប់ថា បំណែកតួយន្ដហោះដែលស្រង់បាន ជាកន្ទុយដែលមានលាបពណ៌ក្រហមទាំងអស់ និងមានសរសេរអក្សរ Asia ពីលើពណ៌ស។
លោក ម៉ានណាហាន់ ស៊ីម៉ូរ៉ានគៀ (Manahan Simorangkir) អ្នកនាំពាក្យរបស់កងទ័ពឥណ្ឌូនេស៊ី បានថ្លែងថា៖ «យើងបានស្រង់បំណែកយន្ដហោះដ៏ធំនេះឡើងមក ដោយមានជំនួយពីដងស្ទូចបំពាក់លើនាវា។ យើងកំពុងត្រួតពិនិត្យថាតើប្រអប់ខ្មៅ នៅក្នុងនោះឬអត់។»
ប្រព័ន្ធចាប់រលកសម្លេង ដើម្បីស្វែងរកប្រអប់ខ្មៅ ត្រូវបានដាក់ឲ្យដំណើរការជាលើកដំបូង នៅថ្ងៃសុក្រទី៩ ខែមករាកន្លងមកនេះ។ ប៉ុន្តែបើតាមការរុករកជំហានដំបូងបានឲ្យដឹងថា ប្រអប់ខ្មៅទំនងជាបានផ្ដាច់ខ្លួន ចេញពីផ្នែកខាងក្រោយនៃយន្ដហោះ ដែលជាកន្លែងធម្មតាសម្រាប់ប្រអប់ខ្មៅតាំងនៅ។ អ្នកទទួលខុសត្រូវខាងការរុករកម្នាក់បានថ្លែងឡើងថា ប្រអប់ខ្មៅទំនងជាបានខ្ទាតទៅកប់ក្នុងដីបាតសមុទ្រ៕