កម្រជួប៖ សត្វគោមួយក្បាលកើតកូនបានប្រាំក្បាល!
- ដោយ: ក. សោភណ្ឌ ( [email protected]) - ភ្នំពេញថ្ងៃទី៧ មករា ២០១៥
- កែប្រែចុងក្រោយ: January 11, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ធម្មជាតិកម្រ ដែលថ្លែងពីសត្វគោញីមួយក្បាលសម្រាលកូន បានកូនដល់ទៅប្រាំក្បាលនេះ កើតឡើងនៅ ភូមិស្នាយបាំង ឃុំកំពង់សឹង ស្រុកព្រះស្តេចខេត្តព្រៃវែង។ ហេតុការណ៍នេះបានកើតឡើង នៅយប់ថ្ងៃទី៥ឈានចូលថ្ងៃទី៦ ខែមករាឆ្នាំ២០១៥នេះ។ ប្រភពពីម្ចាស់គោ លោក កាត់ វ៉ន បានឲ្យដឹងថា កាលពីកូនលើកដំបូង មេគោនេះមានកូនភ្លោះ (ពីរក្បាល) ម្តងរួចមកហើយ។ ស្រាប់តែឥឡូវ កើតលើកទីពីរ បានកូនដល់ទៅប្រាំ ធ្វើឲ្យផ្អើលអ្នកស្រុកមកមើល។ ម្ចាស់គោបាននិយាយទៀតថា លោកចិញ្ចិមគោនេះតាមធម្មតា ដូចគេដូចឯង តែមិនដឹងថា ហេតុអ្វីបានជាមានកូនច្រើនជាងគេនោះទេ។
ម្ចាស់គោដែលកើតកូនបានច្រើនប្លែកខាងលើបានបញ្ជាក់ថា មេគោនេះប្រើពេលវេលាសម្រាលកូន ដល់ទៅ៣ដង។ លើកទី១ បាន១ក្បាល លើកទី២ បាន១ក្បាលទៀត និងលើកទី៣ បានដល់ទៅ៣ក្បាល។ ប៉ុន្តែជាអកុសល កូនគោ៣ក្បាលក្នុងចំណោមកូនគោទាំងប្រាំក្បាលបានស្លាប់ នៅរស់បានតែ២ក្បាលប៉ណ្ណោះ។ លោកបន្ថែមថា គោទាំង៥ក្បាលដែលកើតមកនោះ ១ក្បាលៗទម្ងន់ប្រហែល៤ ទៅ៥គីឡូក្រាម ចម្លែកតែកូនគោក្បាលទី៥ មានរូបរាងតូចខុសគេ និងមានទម្ងន់ប្រហែលជាកន្លះគីឡូក្រាមខុសគេ។
រឿងដ៏ចម្លែកនៅឯខេត្តព្រៃវែងនេះ ត្រូវបានអ្នកជិតខាងមួយចំនួនមិនជឿ ហើយផ្អើលទៅចោមរោមមើល រហូតដល់ផ្ទះគ្រួសារដែលចិញ្ចិមគោនោះ។ នៅក្នុងគ្រួសារនេះមានតែគោពីរក្បាលទេ ហើយសុទ្ធតែគោញីទាំងពីរ ចំណែកឯគោមួយក្បាលទៀតកើតកូនមកធម្មតា មិនមានកូនច្រើនដូចកូនជ្រូក ដូចមេគោខាងលើទេ៕