ខ័ណ្ឌ ច័ន្ទសុផល ដៀល សឿ សុធារ៉ា ថា«ផ្កាប់មុខ»ទូលគុណទេវតា៧មករា
- ដោយ: ប្រាថ្នា អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី០៨ មករា ២០១៥
- កែប្រែចុងក្រោយ: January 11, 2015
- ប្រធានបទ: រំលឹកខួប
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មើលមួយភ្លែត នៅលើទំព័រហ្វេសប៊ុក របស់តារាៗមួយចំនួន និងបើនិយាយពីអ្នកគោរព ស្រលាញ់ និងដឹងគុណថ្ងៃ៧មករា គ្មានអ្នកណាលើសអ្នកនាង សឿ សុធារ៉ា នោះទេ ព្រោះដើម្បីជាការដឹងគុណដល់ថ្ងៃ ៧មករា តារាស្រីសម្តីផ្អែមរូបនេះ សុខចិត្តកាត់សក់ដ៏ស្រស់ស្អាតរបស់ខ្លួន។ ប៉ុន្តែសម្រាប់តារាហ្វេសប៊ុក លោក ខ័ណ្ឌ ច័ន្ទសុផល ដែលជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាមួយរូបដូចគ្នា សកម្មភាពរបស់តារាស្រីកូនមួយ ជាការដឹងគុណដ៏ជ្រុលហួសហេតុ និងរហូតដល់«ផ្កាប់មុខ» ។
នៅលើទំព័រហ្វេសប៊ុករបស់តារាស្រីសាច់នៅតែសខ្ចី បានសរសេរនៅចំថ្ងៃបុណ្យរំលឹកខួបទី៣៧ នៃថ្ងៃ៧មករា១៩៧៩ថា៖ «ថ្ងៃនេះនាងខ្ញុំបានសំរេចចិត្តកាត់សក់ការ៉េ ដើម្បីជាការដឹងគុណទេវតាមករំដោះជាតិ ៧ មករា ព្រោះជាថ្ងៃដែលឪពុកម្តាយនាងខ្ញុំ និងប្រជាជាតិខ្មែរទាំងអស់បានរួចផុតពីសេចក្តីស្លាប់ពីរបបប៉ុលពត ប្រល័យពូជសាសន៍ ខ្មៅងងឹតហើយបានរស់រានមានជីវិតដល់សព្វថ្ងៃនេះ និងបានផ្តល់ភាពកក់ក្តៅដល់នាងខ្ញុំ និងបងប្អូនរបស់នាងខ្ញុំទាំងអស់គ្នា»។
អ្នកនាងសឿ សុធារ៉ា បានសរសេរលើកតម្កើង រម្លឹកគុណបុណ្យ៧មករាបន្តថា៖ «បើគ្មានទេវតារំដោះជាតិ ៧ មករាទេ ខ្ញុំនិងក្រុមគ្រួរសារក៏មិនបានភាពកក់ក្តៅពីស្វាមីនាងខ្ញុំដែរ»។ តារាសម្ដែងសាច់ស កូនមួយរូបនេះ បានសរសេរយ៉ាងផ្អែមរលួយ ឲ្យស្វាមីរបស់នាងលោក សាពូន មីដាដា ទៀតថា៖ «ដាដា អូននិងគ្រួសារត្រូវការបងណាស់»។
ទំនងជាខ្នាញ់នឹងតារាសាច់សខ្ចី ដែលប្រើសម្ដីផ្អែមជាងទឹកឃ្មុំដាក់ស្វាមី ដោយយកថ្ងៃ៧មករា មកបាំងពីមុខនោះ លោក ខ័ណ្ឌ ច័ន្ទសុផល តារាហ្វេសប៊ុកដ៏ល្បីដែលមាននិន្នាការខាងគណបក្សប្រជាជនកម្ពុជា និងជាគូរបដិបក្សឆ្លើយឆ្លងកាច់កុងដ៏ខ្លាំងក្លាម្នាក់ ជាមួយអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ បានសរសរព្រលះដាក់ផ្លែឱ្យតារាស្រីថ្ពាល់ខួចអ្នកនាង សឿ សុធារ៉ាថា ការកាត់សក់ការ៉េរបស់តារាស្រីខាងលើនេះ ដើម្បីតែចង់ស្អាតខ្លួនឯងប៉ុណ្ណោះ មិនមែនដើម្បីសងគុណថ្ងៃ៧មករានោះទេ។ បើលះបង់ដើម្បីដឹងគុណ៧មករាមែន គួរតែកោសក់ហើយបួស៧ថ្ងៃ នេះទើបគេហៅថាជាការដឹងគុណ។ តារាហ្វេសប៊ុកបានហៅការសរសេររបស់តារាសម្ដែង ថាមានលក្ខណៈ«ផ្កាប់មុខ»។
«យក៧មករាធ្វើអាជីវកម្ម»
លោក ខ័ណ្ឌ ច័ន្ទសុផល ដែលស្រលាញ់ប្តូរផ្តាច់នឹងថ្ងៃ៧មករាដែរនោះ បានសរសេរនៅលើទំព័រហេ្វសប៊ុករបស់លោកថា៖ «មិនមែនមើលបំណាំស្អីទេ! តែកុំផ្កាប់មុខពេក! ទទួលយកមិនបានទេលោកស្រី! កាត់សក់ការ៉េ ចង់ស្អាតខ្លួនឯងសោះ! ថាមកដឹងគុណថ្ងៃ៧មករា ណាឆ្កុយ! បើកោរត្រង៉ោល បួស៧ថ្ងៃ ហើយនិយាយថា ដើម្បីសងគុណ៧មករា អាណ្នឹងអាចជឿខ្លះ! អ៊ិចឹងបានបក្សប្រឆាំង នាំគ្នាដៀលថា ម្នាក់ៗយក៧មករាធ្វើអាជីវកម្ម។»
មិនត្រឹមតែលោក សុផល ទេ ដែលលើកឡើងបែបនេះ តែទស្សនិកជននិងប្រិយមិត្តមួយចំនួន ក៏ហួសចិត្តនឹងការសរសេររបស់តារាសម្ដែងកូនមួយនេះដែរ។ ប្រិយមិត្តចំនួនទៀតយល់ថា ការដែលតារារូបនេះស្មោះស័្មគ្រ លះបង់ដល់ថ្ងៃ៧មករាដូចនេះ ក៏ព្រោះតែតារាស្រី ដែលកាន់តែអស់ប្រជាប្រិយភាពរូបនេះ ឆ្លៀតឱកាសយកមុខមាត់ពីថ្នាក់ដឹកនាំកំពូលរបស់រដ្ឋាភិបាល។ ប៉ុន្តែអ្នកនាង សឿ សុធារ៉ា បានសរសេរតបនឹងការចោទប្រកាន់ខាងលើវិញថា ការធ្វើនេះមិនមែនជាការឆ្លៀតឱកាសប្តូរយកមុខមាត់អ្វីនោះទេ ការធ្វើនេះ គ្រាន់តែជាទឹកចិត្តផ្ទាល់ខ្លួននាងតែប៉ុណ្ណោះ សម្រាប់ជាការដឹង និងស្គាល់គុណទេវតារំដោះជាតិ ៧មករា៕