ធី សុវណ្ណថា ជឿថា សមត្ថកិច្ចនឹងចាប់ឃាតករសម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី២៤ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 25, 2014
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កញ្ញា ធី សុវណ្ណថា ដែលជាតារាហ្វេសប៊ុកពូកែថ្វីមាត់ ខាងរិះគន់រដ្ឋាភិបាលកម្ពុជាមិនសំចៃ បានប្រកាសថានឹងជូនរង្វាន់ ជាទឹកប្រាក់១០០ដុល្លារ ដល់ភ្នាក់ងារនគរបាលរូបណា ដែលចាប់ឃាតករបាញ់សម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ បាន។ នៅលើទំព័រហ្វេសប៊ុករបស់កញ្ញា មានដាក់រូបថតមួយសន្លឹករបស់នាងផ្ទាល់ខ្លួន កាន់ក្រដាសប្រាក់ដុល្លារ ១០០ដុល្លារមួយសន្លឹក ដោយមានសរសេរថា «១០០ដុល្លារ ខ្ញុំនឹងជូនប៉ូលីស បើចាប់ឃាតករបាន។ ប្រាក់នេះតិចតួច តែជាទឹកចិត្តរបស់ខ្ញុំជាពលរដ្ឋម្នាក់ ដើម្បីចូលរួមលើកទឹកចិត្តប៉ូលីស ចាប់ឃាតក។»។
លោកឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបានឃាតករឈរជំទែង បាញ់ប្រហារដោយកាំភ្លើងខ្លី ប្រមាណជា១០គ្រាប់ កាលពីវេលាម៉ោង ប្រមាណជា ៧ នឹង ១៨ នាទី យប់ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០១៤ ធ្វើឲ្យបុរសមានប្រាក់វ័យកណ្ដាលម្នាក់នេះ ដេកស្លាប់ភ្លាមៗ ក្នុងថ្លុកឈាមយ៉ាងអាណោចអាធម។ អំពើមនុស្សឃាតនៅជិតរង្វង់មូលអាងទឹក កណ្ដាលរាជធានីភ្នំពេញ យ៉ាងជាក់ស្តែងបែបនេះ បានបង្កការតក់ស្លុតដល់ពលរដ្ឋទូទៅ ដោយសារពួកគេយល់ថា សុវត្ថិភាពសាធារណៈក្នុងប្រទេសមួយនេះ មិនមានភាពធានាឲ្យបានច្បាស់លាស់នោះទេ។ ករណីឃាតកម្មជាច្រើន បានកើតឡើង តែឃាតករ និងជននៅពីក្រោយភាគតិចណាស់ ដែលត្រូវបានអាជ្ញាធរចាប់មកផ្ដន្ទាទោស។ តែផ្ទុយទៅវិញ នៅក្នុងករណីខ្លះ គេស្រាប់តែឃើញមានឃាតករសិប្បនិមិត្ត ត្រូវបានចាប់ឲ្យមកទទួលទោស ជំនួសឃាតករពិតទៅវិញ។
ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ធី សុវណ្ណថា កញ្ញាវោហាបានរូបនេះ បានរៀបរាប់ថា៖ «មានរឿងក្តីឃាតកម្មច្រើនមែនទែន ប៉ុន្តែអត់មានប៉ូលីសណាចាប់ឃាតករបាន។ អញ្ចឹងហើយក្នុងនាមខ្ញុំជាយុវជន ខ្ញុំឃើញដំណឹងនេះ ជាដំណឹងមួយដ៏តក់ស្លុត សម្រាប់ប្រជាជនខ្មែរ។»
យ៉ាងណាក៏ដោយ កញ្ញា ធី សុវណ្ណថា តារាហ្វេសប៊ុកវ័យ១៩ឆ្នាំ នៅតែជឿជាក់ថា ឃាតករដែលសមត្ថកិច្ច កំពុងតែស្វែងរកចាប់ខ្លួនមកដាក់ទោសនោះ គឺជាឃាតករពិតប្រាកដ ព្រោះវាផ្ដល់រូបភាពល្អច្រើនដល់រដ្ឋាភិបាល ហើយវាមិនដូចជាករណីឃាតកម្មពីមុនៗនោះទេ។
កញ្ញា ធី សុវណ្ណថា ពន្យល់បន្ថែមថា៖ «ព្រោះករណីនេះ ឃាតកម្មនេះមានការចាប់អារម្មណ៍ ពីមហាជនក្នុងហ្វេសប៊ុក ដោយសារតែពួកគាត់មានប្រព័ន្ធទំនើប អញ្ចឹងសូម្បីតែឃាតករម៉េចក៏ គាត់ជួយវិភាគមុនប៉ូលិសទៀត គឺគាត់បានធ្វើការវិភាគ គាត់ឃើញវិដេអូអី គឺគាត់ធ្វើការវិភាគហ្មង ថាឃាតករហ្នឹងមានអីខ្លះៗតាមកុំព្យូទ័រ ឬស្មាតហ្វូនរបស់ពួកគាត់។ អញ្ចឹងខ្ញុំគិតថា បើប៉ូលីសលើកណ្នឹង ចាប់ខុសចំឃាតករសុប្បនិមិត្តមែន នឹងធ្វើឱ្យមហាជន ឬប្រជាពលរដ្ឋហ្នឹង បាក់ទឹកចិត្តលើប៉ូលីសកាន់តែខ្លាំងជាងមុន។»
បើទោះបីជា ប្រាក់រង្វាន់១០០ដុល្លានេះ ជាការលើកទឹកចិត្តមិនច្រើនដល់សមត្ថកិច្ច ប៉ុន្តែក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បានធ្វើការរិះគន់ និងលើកឡើងទាំងមិនយល់ ពី«អ្វីជាអំពើពុករលួយ»ថា នាងកំពុងទិញទឹកចិត្តរបស់សមត្ថកិច្ច និងប្រព្រឹត្តអំពើពុករលួយ។ មនុស្សមួយចំនួនបានសរសេរថា សន្តានចិត្តដែលកញ្ញាធី សុវណ្ណថា ដែលបានធ្វើការសន្យាចំពោះសមត្ថកិច្ចបែបនេះ មិនមែនជាសញ្ញាណល្អទេ។ នេះសរបញ្ជាក់ឱ្យឃើញថាភាពស្អាតស្អំ របស់សមត្ថកិច្ចត្រូវបានបាត់បង់ ការបំពេញតួនាទីនិងភារកិច្ចរបស់ពួកគាត់ គឺដើម្បីប្រាក់មិនមែនជាកាត្វកិច្ច។ អ្នកប្រើប្រាស់ហ្វេសប៊ុកមួយរូប បានសរសេរថា៖ «ចង់ឲ្យសមត្ថកិច្ចបង្ហាញពីជំនាញពិតប្រាកដ និងភាពទទួលខុសត្រូវ ក្នុងនាមជាមន្រ្តីរបស់រដ្ឋ ការពាប្រជាពលរដ្ឋ»។
ប៉ុន្តែសម្រាប់មនុស្សមួយចំនួនទៀត បានគាំទ្រ សុវណ្ណថា តារាក្មេងថា៖ «ប្រើលុយ១០០ដុល្លារ ដើម្បីលើកទឹកចិត្តប៉ូលីស បែរជាថា ជាទង្វើពុករលួយទៅវិញ។ ខ្ញុំសូមឆ្លើយថា ១០០ដុល្លារ របស់នាង ទោះបីជាអំពើពុករលួយក៏ដោយ ប៉ុន្តែវាអាចជំរុញទឹកចិត្តប៉ូលីសឲ្យចាប់ឃាតករ មិនដូចបុគ្គលខ្លះ បានតែរិះគន់ ហើយបុគ្គលមួយចំនួនទៀត ប្រើលុយទឹកចិត្តមនុស្សឲ្យប្រព្រឹត្តអំពើថោកទាប ដួចបុគ្គលដែលបានបាញ់សម្លាប់លោកឧកញ៉ាអញ្ចឹង។»
ចំណែកម្ចាស់គណនីម្នាក់ទៀត បានសរសេរគាំទ្រទឹកចិត្តតារាហ្វេសប៊ុកដែរ និងហៅក្រុមអ្នករិះគន់ថា ជា«អ្នកដែលចាំតែចាប់កំហុសគេ ចេះតែនិយាយអត់ចេះគិតអីសោះ»។
សម្រាប់កញ្ញា ធី សុវណ្ណថា វិញ បានសរសេរតបថា៖ «លើកទឹកចិត្តប៉ូលីសចាប់ឃាតករខុសដែរឬ? ហេតុអ្វីរិះគន់ខ្ញុំ? ការឲ្យរង្វាន់ប៉ូលីសចាប់ឃាតករ គឺប្រឈមមុខនឹងកំហឹងឃាតករ តើខ្ញុំចង់បានមុខមាត់ ដោយយកជីវិតខ្លួនឯងទៅប្រថុយឬ?»៕