យករូបភាពរន្ធត់មកចុះផ្សាយ ជាការធ្វើអាជីវកម្មដ៏អសីលធម៌?
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី២០ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 24, 2014
- ប្រធានបទ: ព័ត៌មាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការយករូបភាពអកុសល្យ យកមកផ្សព្វផ្សាយ ត្រូវបានអ្នកសារព័ត៌មានជាច្រើនសម្ដែងការមិនគាំទ្រ ចំពោះបណ្តាស្ថាប័នផ្សព្វផ្សាយមួយចំនួន ដូចជាទូរទស្សន៍ កាសែត និងគេហទំព័រ យកមកធ្វើការផ្សព្វផ្សាយ ដែលវាបានប៉ះពាល់យ៉ាងខ្លាំង ទៅដល់អារម្មណ៍អ្នកទស្សនា និងសិទ្ធិរបស់ជនរងគ្រោះ។
និស្សិតផ្នែកប្រព័ន្ធផ្សព្វផ្សាយ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតម៉ង់ប្រព័ន្ធផ្សព្វផ្សាយកញ្ញា ឡេង ស្រីនិច បានបញ្ចេញទស្សនៈចំពោះបញ្ហានេះថា ការយករូបភាពអកុសលមកធ្វើការផ្សព្វផ្សាយ វាបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ទៅដល់សតិអារម្មណ៍អ្នកទស្សនា។ កញ្ញាបន្តជាច្រើនឆ្នាំកន្លងមកនេះ កញ្ញាសង្កេតឃើញថា ស្ថាប័នសារព័ត៌មានមួយចំនួនធំ នៅតែបន្តដាក់រូបភាពដែលមិនសមរម្យទាំងហ្នឹង នៅលើគេហទំព័រឬសារព័ត៌មានរបស់ខ្លួន ដោយមិនគិតទៅលើបញ្ហា ដែលវាបានកើតឡើងនោះទេ។
និស្សិតផ្នែកសារព័ត៌មានរូបនេះ បន្ថែមថា៖ «ជាក់ស្តែងរូបចំនួន វាបានធ្វើឱ្យប៉ះពាល់ទៅដល់អ្នកអានរបស់គាត់ខ្លាំង ហេតុអី? ដោយសារតែគាត់អានទៅ រូបភាពមួយចំនួន ជាពិសេសថ្មីៗនេះ រូបភាពគ្រោះថ្នាក់ចរាចរណ៍ដូចជាដាច់ដៃ ដាច់ជើង ដាច់ខ្លួនជាដើម ដែលគាត់មើលទៅ ធ្វើឱ្យមានការរន្ធត់ ភ័យខ្លាចផ្សារ។ ហើយចុះញាតិមិត្តគ្រួសារគាត់ ថាគាត់មានអារម្មណ៍បែបណា សូម្បីតែយើងអ្នកក្រៅយើង នៅតែមានអារម្មណ៍អាណិតអាសូរដែរ ចុះទម្រាំញាតិសន្តានគាត់ តើយើងមិនខ្វល់ខ្លះទេឬយ៉ាងណា ក្នុងនាមយើងជាអ្នកកាសែត?»
ចំណែកកញ្ញា មាន ស្រីរ័ត្ន ជាសមាជិកក្លឹបសាធារណៈជន កញ្ញាគាំទ្រឱ្យមាន ការដាក់រូបភាពអកុសលទាំងនេះដូចជា រូបភាពសាកសពជនរងគ្រោះ ដោយមិនមានការបិទបាំង ដាក់រូបភាពឈាម ពីការគ្រោះថ្នាក់ចរាចរណ៍ រូបភាពឃាតកម្មដែលមានការកាប់សម្លាប់ និងរូបភាពស្តែងៗមួយចំនួន ដែលជាការពិត និងបានកើតឡើងស្ដែងៗក្នុងព្រឹត្តិការណាមួយ។ ចំពោះការគាំទ្រនេះ ត្រូវបានយុវតីរូបនេះពន្យល់ថា ការដាក់រូបភាពទាំងនេះ យកទៅផ្សព្វផ្សាយ វាបានបញ្ជាក់ពីព័ត៌មាននេះ បានយ៉ាងលម្អិត។ កញ្ញា បន្តថា ក្នុងសារព័ត៌មានមួយ ត្រូវមានដើមហេតុនៃការកើតហេតុ ម្យ៉ាងបើគ្មានរូបភាពទាំងយកទៅបញ្ជាក់ ព័ត៌មាននោះហាក់មិនពេញលេញនោះទេ។
កញ្ញា ស្រីរ័ត្ន បានលើកទឡ្ហីករណ៍មកការពារអំណះអំណាងរបស់ខ្លួន យ៉ាងដូច្នេះថា៖ «ហើយការដាក់រូបភាពហ្នឹងទៀតសោត វាអាចជួយសារធារណៈជន ដូចជាករណីគ្រោះថ្នាក់ចរាចរណ៍ អញ្ចឹងនៅពេលដែលគាត់ឃើញរូបភាព ដែលថាអាក្រក់អស់ហ្នឹង គាត់ចាប់ផ្តើមប្រុងប្រយ័ត្នខ្លួន»។ ក្រៅពីជួយដាស់តឿនដល់អ្នកអាន កញ្ញាបានជឿជាក់ទៀតថា វាក៏អាចជួយប្រាប់អត្តសញ្ញាណនៃជនរងគ្រោះ ដល់ក្រុមគ្រួសារគេផងដែរ។
ជំទាស់ទៅនឹងការលើកឡើង របស់យុវតីខាងលើនេះ និស្សិផ្នែកសារព័ត៌មានម្នាក់ទៀត យុវជន អូន សេងប៉ បានលើកឡើងថា ចំពោះការដាក់បង្ហាញរូបភាពជនរងគ្រោះផ្សព្វផ្សាយ ដើម្បីឱ្យក្រុមគ្រួសារបានឃើញនេះ តើអ្នកសារព័ត៌មានមានបានគិត ទៅលើផលប៉ះពាល់ដែលកើតមានដែរឬ ថាតើរូបភាពដែលបានផ្សាយនេះ ជះឥទ្ធិពលអ្វីខ្លះដល់សង្គមទាំងមូល។ សេងប៉ បានបន្តថា៖ «នៅពេលដែលយើងបោះពុម្ភនៅលើកាសែត ថាមានមនុស្សប៉ុន្មាននាក់ដែលបានអាន ហើយក្នុងចំណោមមនុស្សទាំងហ្នឹង ថាតើអ្នកណាខ្លះ ជាអនិតិជនក្រោមអាយុ១៨ឆ្នាំ ដែលគាត់បានអាន?»
រីឯ កញ្ញា យ៉ុង ខេមរា អ្នករាយការណ៍ព័ត៌មានដ៏ល្បី របស់ទូរទស្សន៍អប្សារា បានលើកឡើងថាកញ្ញាមិនគាំទ្រនោះទេ ការដែលស្ថាប័នសារព័ត៌មានមួយចំនួន មិនមានក្រមសីលធម៌ យករូបភាពអកុសល្យរបស់ជនរងគ្រោះទាំងនោះ មកធ្វើការផ្សព្វផ្សាយជាសារធាណៈ ដោយមិនគោរពសិទ្ធិជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះ។ កញ្ញាបន្ថែមថា៖ «ពាក្យថាក្រមសីលធម៌មួយម៉ាត់ គឺដឹងដល់ពាក្យថាសីលធម៌។ សីលធម៌គឺយើងនិយាយពីការគោរពគ្នា ការគោរពសិទ្ធិគ្នាទៅវិញទៅមក អញ្ចឹងឧទាហរណ៍ថាសាកសព សូម្បីតែសាកសពក៏គាត់ចេះខ្មាស់គេដែរ។»។
លោក ពុយ គា សមាជិកក្រុមប្រឹក្សាក្រមសីលធម៌ អ្នកសារព័ត៌មានកម្ពុជា បានថ្លែងថា សម្រាប់បរិបទសារព័ត៌មាននៅប្រទេសជប៉ុន គេប្រយ័ត្នប្រយែងណាស់ ក្នុងការដាក់រូបភាពជនរងគ្រោះធ្វើការផ្សព្វផ្សាយ គេបង្ហាញតែពីការខូចខាតផ្ទះសម្បែង អាគារជាដើម។ លោកថា ចំណែកសារព័ត៌មានមួយចំនួនទៀត នៅតាមបណ្តាប្រទេសធំៗ នៅពេលដែលគេបង្ហាញពីរូបភាពសាហាវ គឺគេធ្វើទៅតាមបរិបទ។
ចំណែកគ្រូបង្រៀនផ្នែកសារព័ត៌មានលោក ឈឿន ឈានណារិទ្ធិ បានបញ្ជាក់ដែរថា បើទោះបីជាផ្សាយរូបរន្ធត់ ទទួលបានការនិយម និងមើលច្រើន ពីទស្សនិកជនមួយភាគក៏ដោយ ប៉ុន្តែអ្នកអានឬទស្សនាផ្សេងទៀត ក៏បានរិះគន់ពីបញ្ហានេះដែរ៕