មុត ចន្ថា៖ កឹម សុខា បន្ត​មិន​គាំទ្រ​«វត្តមាន»​ជន​ភៀស​ខ្លូន​អូស្រ្តាលី នៅ​កម្ពុជា

បើទោះជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងពីជំហរកម្ពុជា ក្នុងការទទួលជនភៀសខ្លួន ពីប្រទេស​អូស្ត្រាលី​ក៏​ដោយ តែលោក កឹម សុខា អនុប្រធានរដ្ឋសភា នៅតែរក្សាគោលជំហររបស់ខ្លួន ក្នុងការជម្រុញឲ្យរដ្ឋាភិបាលកម្ពុជា និង​អូស្ត្រាលី​ពីចារណាឡើងវិញ ។ នេះបើតាមការបញ្ជាក់របស់លោក មុត ចន្ថា នាយខុទ្ទកាល័យលោក កឹម សុខា។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៤ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 24, 2014
  • ប្រធានបទ: អន្តោប្រវេសន៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាយខុទ្ទកាល័យអនុប្រធានទី១នៃរដ្ឋសភា លោក មុត ចន្ថា បាន​អះអាង​ពី​ជំហរ​របស់ លោក កឹម សុខា ថា​នៅ​តែ​បន្ត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី​ពិចារណា​ជា​ថ្មី ជុំ​វិញ​ករណី​ទទួល​យក​ជន​ភៀស​ខ្លួន​ខុស​ច្បាប់ ពី​ប្រទេស​អូស្ត្រាលី​មក​កម្ពុជា។ លោក​បាន​ថ្លែង​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា លោក កឹម សុខា បាន​ស្នើ​លិខិត​ទៅ​ភាគី​ទាំង​សង​ខាង​រួច​ហើយ និង​ក៏​បាន​ជួប​ជា​មួយ​លោកស្រី សារ៉ា ហាន់សុងយ៉ុង (Sarah Hanson-Young) សមាជិក​ព្រឹទ្ធ​សភា​អូស្ត្រាលី នៃ​គណបក្ស​បៃតង​អូស្ត្រាលី ដើម្បី​ពិភាក្សា​ពី​បញ្ហា​ខាង​លើ​នេះ​ដែរ។

ការប្រកាសជំហរជាថ្មីរបស់លោក កឹម សុខា ដោយ​នាយ​ខុទ្ទកាល័យ​របស់​លោក​ខាង​លើ​នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​លិខិត​មួយ របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សរសេរ​មក​​កាន់​លោក ហេង សំរិន ប្រធាន​រដ្ឋសភា កាល​ពី​ថ្ងៃទី១៧ ខែ​វិច្ឆិកា ឆ្នាំ២០១៤ អះអាង​ពី​ករណីយកិច្ច​របស់​ប្រទេស​កម្ពុជា ដែល​ត្រូវ​តែ​អនុវត្ត​ដោយ​ស្រប​តាម​អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី២៩ ខែ​កញ្ញា ឆ្នាំ​២០១៤។ លោក ហ៊ុន សែន បាន​សរសេរ​យ៉ាង​មុតមាំ​ថា ការ​ទទួល​យក​ជន​ភៀស​ខ្លួន​​ទាំង​នោះ ពី​ប្រទេស​អូស្ត្រាលី បាន​ធ្វើ​ឡើង​ដោយ​ឈរ​លើ គោលការណ៍​ស្ម័គ្រ​ចិត្ត និង​មនុស្ស​ធម៌ និង​គ្មាន​ការ​បង្ខិត​បង្ខំ​អ្វី​ឡើយ។

ប៉ុន្តែលោក មុត ចន្ថា បានរំលឹកឡើងវិញដែរថា៖ «ប្រទេសកម្ពុជា នៅមិនទាន់មានលក្ខខណ្ឌសមស្រប ក្នុង​ការទទួលយកជនភៀសខ្លួនទាំងនោះ នៅឡើយទេ។ ដោយបញ្ហាសិទ្ធិ បញ្ហាសេដ្ឋកិច្ច បញ្ហាតុលាការ បញ្ហា​អយុត្តិធម៌​សង្គមជាច្រើន ដែលនៅមិនទាន់បានដោះស្រាយរួចនៅឡើយ សម្រាប់ប្រជាជនកម្ពុជា។»

សូមរម្លឹកថា កាលពីថ្ងៃ២៧ ខែតុលា ឆ្នាំ២០១៤ លោកកឹម សុខា អនុប្រធានទីមួយនៃរដ្ឋសភា បានផ្ញើ​លិខិត​ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈប្រធានរដ្ឋសភា លោក ហេង សំរិន ដោយស្នើសុំឲ្យ​លោក​នាយករដ្ឋមន្រ្តី ពិចារណាឡើងវិញ នូវការទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលី មកកម្ពុជានោះ។

កន្លងមកសង្គមស៊ីវិលមួយចំនួន ដែលជំនាញខាងសិទ្ធិមនុស្ស ធ្លាប់បានសម្តែងការព្រួយបារម្ភ ចំពោះ​ការ​ទទួល​យកជនភៀសខ្លួនទាំងនោះ មកកម្ពុជាដែរ ដោយសារប្រទេសកម្ពុជា នៅតែជាប្រទេសក្រីក្រ និងកំពុង​កសាងខ្លួនឡើងវិញ។ ហើយម្យ៉ាងទៀត ប្រទេសកម្ពុជា មិនមែនជាប្រទេសទិសដៅចុងក្រោយ ដែលក្រុម​ជនភៀសខ្លួនទាំងនោះ ខិតខំជិះទូកឆ្លងមហាសមុទ្រ ដើម្បីទៅតាំងទីលំនៅរបស់ពួកគេឡើយ៕

សូមចុចអានឡើងវិញ នូវកម្រង់អត្ថបទដែលទាក់ទងនឹងសំនុំរឿងនេះ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...