អ្នកវិភាគ៖ បាតុកម្មរបស់បក្សប្រឆាំងនៅកម្ពុជា មិនអាចដូចថៃ
ខណៈវិបត្តិនយោបាយថៃកំពុងមានភាពរំពើតរំពើងខ្លាំង ដោយហេតុថាមហាបាតុកម្មរបស់គណបក្សជំទាស់ថៃ ដែលមានគោលបំណងចុងក្រោយផ្តួលរំលំរដ្ឋាភិបាល កំពុងអង្រួនក្រុងបាងកកឲ្យកក្រើកនោះ បានជម្រុញឲ្យមជ្ឈដ្ឋានទូទៅនៅកម្ពុជាមានចម្ងល់ថា តើមហាបាតុកម្មរបស់គណបក្សជំទាស់កម្ពុជានៅពេលខាងមុខនេះ អាចមានរូបភាព និងមានឥទ្ធិពលខ្លាំងដូចប្រទេសថៃដែរឬទេ? ជុំវិញបញ្ហានេះ ត្រូវបានអ្នកវិភាគឯករាជ្យ លើកឡើងថាមហាបាតុកម្មនៅកម្ពុជា មិនអាចដូចថៃនោះទេ ព្រោះលក្ខខណ្ឌ និងស្ថានភាពនយោបាយរបស់ប្រទេសទាំងពីរមិនដូចគ្នា?
ទិដ្ឋភាពបាតុកម្ម មើលពីក្រោយមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក កឹម សុខា។ (រូបថត គណបក្ស)
នយោបាយ - អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា លោក សុខ ទូច បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ថាវិបត្តិនយោបាយនៅប្រទេសថៃ មិនអាចមានផលប៉ះពាល់ខ្លាំងដល់ប្រទេសកម្ពុជានោះទេ ហើយគម្រោងមហាបាតុកម្មរបស់គណបក្សជំទាស់កម្ពុជា នៅពេលឆាប់ៗខាងខាងមុខនេះ ក៏មិនអាចមានរូបភាព ដូចមហាបាតុកម្មរបស់គណបក្សជំទាស់ថៃ ដែលកំពុងធ្វើនៅទីក្រុងបាងកកនោះទេ ព្រោះមានហេតុផលសំខាន់ៗ៣ចំណុច៖
ទី១. អ្នកនយោបាយរបស់គណបក្សជំទាស់កម្ពុជា ពុំទាន់មានភាពចាស់ទុំ និងពុំទាន់មានយុទ្ធសាស្រ្តគ្រប់គ្រាន់ ក្នុងការធ្វើបាតុកម្មទ្រង់ទ្រាយធំនោះទេ។
ទី២. គណបក្សជំទាស់របស់ប្រទេសកម្ពុជា ពុំទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដូចគណបក្សជំទាស់របស់ប្រទេសថៃ ខណៈលិទ្ធិប្រជាធិបតេយ្យរបស់ប្រទេសថៃ ក៏មានភាពល្អប្រសើរជាងនៅកម្ពុជាផងដែរ។
ទី៣. គណបក្សជំទាស់របស់កម្ពុជាពុំមានថវិការ ធនធានមនុស្ស (..) គ្រប់គ្រាន់ ហើយក៏ពុំទាន់បានត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់គ្រប់គ្រងប្រទេស ក្នុងករណីទទួលបានជ័យជំនះ។
នៅពេលសួរថា តើរដ្ឋាភិបាលកម្ពុជា អាចមានការអត់ធ្មត់ ឬចាត់វិធានការក្នុងកម្រិតណា ប្រសិនបើមហាបាតុកម្មអហិង្សារបស់គណបក្សសង្រ្គោះជាតិ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី១០ធ្នូ មានការរីរាលដាល ដូចមហាបាតុកម្មនៅប្រទេសថៃនោះ? អ្នកវិភាគនយោបាយដដែលនេះ ហាក់ដូចជាមានការស្ទាក់ស្ទើរ ក្នុងការអត្ថាធិប្បាយ តែលោកបានបញ្ជាក់ខ្លីថា៖ «ខ្ញុំគិតថា មិនមានបញ្ហាដល់ថ្នាក់ណ្នឹងទេ»។
អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានថ្លែងប្រាប់វិទ្យុសម្លេងសហរដ្ឋអាមេរិក (ផ្សាយជាខេមរភាសារ) នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣នេះថា ក្នុងការទាមទារឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះចេញពីតំណែង ទោះករណីណាក៏ដោយ គណបក្សជំទាស់របស់លោកដាច់ខាតមិនប្រើប្រាស់អំពើហិង្សានោះទេ។
អនុប្រធានគណបក្សជំទាស់រូបនេះបញ្ជាក់ថា៖ «បើសុំគាត់ចុះដោយកិត្តិយស ខ្ញុំគិតថាប្រហែលជាប្រជាពលរដ្ឋនៅគោរពគាត់ហើយ យើងនឹងកសាងប្រទេសបានល្អប្រសើរ។ តែបើសិនជាគាត់ចុះមិនចុះក៏ដោយ គណបក្សសង្គ្រោះជាតិក៏មិនមានការប្រើប្រាស់អំពើហិង្សាដែរ»។ តែលោក កឹម សុខា មិនធ្វើអត្ថាធិប្បាយ ចំពោះយុទ្ធសាស្រ្តបន្ទាប់របស់គណបក្សលោកនោះទេ ជាពិសេសក្នុងករណីដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែមិនព្រមចុះចេញពីតំណែងនោះ។
ទាក់ទងនងនឹងការជាប់គាំងនយោបាយកម្ពុជាក្រោយការបោះឆ្នោតនេះ រដ្ឋមន្រ្តីការពារជាតិកម្ពុជា លោក ទៀ បាញ់ ក្នុងពេលអញ្ជើញជាអធិបតី ទទួឧទ្ធម្ភាគចក្រពីប្រទេសចិន កាលពីពេលថ្មីនេះ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា កងទ័ពកម្ពុជាបានបានត្រៀម«លក្ខណៈសម្បត្តិ»រួចជាស្រេច ក្នុងការការពាររដ្ឋធម្មនុញ្ញ។
ជុំវិញករណីនេះ អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា បានអះអាងថា វិបត្តិនយោបាយ និងបាតុកម្មនៅកម្ពុជា ពិតជាមិនដូចប្រទេសថៃនោះទេ ព្រោះកន្លងមកគ្រាន់តែបាតុករកម្ពុជាបាតុកម្មតាមដងផ្លូវ ត្រូវបានសមត្ថកិច្ចកម្ពុជាបង្រ្កាបយ៉ាងចាស់ដៃ ដោយបាញ់គ្រាប់ពិតមានស្លាប់ និងរបួសច្រើនអ្នក រីឯសមត្ថកិច្ចថៃរហូតមកដល់ពេលនេះ នៅតែមានការអត់ធ្មត់ខ្ពស់បំផុត ដោយមិនបានប្រើអំពើហិង្សាលើបាតុករនោះទេ បើទោះជាបាតុករជ្រុលនិយមរាប់ម៉ឺននាក់ ដើរពាសពេញផ្លូវ និងចូលកាន់កាប់ក្រសួងរបស់រដ្ឋជាច្រើនក៏ដោយ៕
---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ