បទអន្តរាគមន៍ស្ដីពី រដ្ឋសភា«ឯកបក្ស» ឬរដ្ឋសភាមិន«គ្រប់ទឹក»នៅកម្ពុជា
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: September 23, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សភាដំបូងនីតិកាលទីប្រាំ បានបើកសម័យប្រជុំជាផ្លូវការ ក្រោមព្រះរាជាធិបតីភាពព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងពីតំណាងរាស្រ្តចំនួនតែ៦៨រូបប៉ុណ្ណោះ ដែលមកពីគណបក្សប្រជាជនកម្ពុជាតែមួយ។ នេះបង្ហាញឲ្យឃើញថា ជាការបើករដ្ឋសភា ដែលមានតែ«ឯកបក្ស»។ អ្នកវិភាគ បានហៅរដ្ឋសភា«ឯកបក្ស»នៅកម្ពុជានេះ ជារដ្ឋសភាមិន«គ្រប់លក្ខណៈ»។
រូបថតអនុស្សាវរីយ៍នៃការបើកនិតិកាលថ្មីនៃរដ្ឋសភាដែលមានអ្នកតំណាងរាស្ត្រចូលរួមតែពីគណបក្សមួយ នៅកម្ពុជាថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.vary)
រាជធានីភ្នំពេញ - លោក ចាន់ សូវេត អនុប្រធានស៊ើបអង្កេត សមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) បានចាត់ទុកថារដ្ឋសភា ដែលបានកើតឡើងនេះ ជារដ្ឋសភាមិន«គ្រប់ទឹក»។ លោកបន្តរថា លោកមិនដឹងថាកម្ពុជា នឹងទៅជាយ៉ាងណានោះទេ ទាំងសេដ្ឋកិច្ច ទាំងការអប់រំ ទាំងដំណើរការនៃលិទ្ធិប្រជាធិបេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ លោកបន្តថាករណីខាងលើមានទស្សនៈពីរផ្ទុយគ្នា «ទស្សនៈអ្នកដែលមានអំណាចរបស់រដ្ឋាភិបាលយល់ថា ការធ្វើនេះកំពុងតែអនុវត្តតាមគោលការណ៍ច្បាប់ ដែលមានជាធរមាន ឯប្រជាពលរដ្ឋបានយកហេតុផលជាក់ស្តែង នូវមន្ទិលសង្ស័យជុំវិញលទ្ធផល នៃការបោះឆ្នោត។»
អ្នកវិភាគផ្នែកវិទ្យាសាស្រ្តនយោបាយលោក សុខ ទូច បានពន្យល់តាមទំព័រហ្វេសប៊ុករបស់លោកថា ក្រោយពីប្រកាសសុពលភាព សភានិតិកាលទីប្រាំនេះ ដែលបានធ្វើឲ្យមានអ្នកឈ្នះ មានអ្នកចាញ់ និងមានអ្នកអន់។ លោកបានបន្តរថា ចំពោះអ្នកឈ្នះរួមមានគណបក្សប្រជាជន ដែលប្រជុំទៅតាមកាលកំណត់ ដោយយោងតាមមាត្រា៨២នៃរដ្ឋធម្មនុញ។ ចំពោះព្រះមហាក្សត្រគង់ប្រថាប់ នៅចពោះមុខតំណាងរាស្រ្តចំនួន៦៨រូប បានជោគជ័យ។ ឯគណបក្សសង្រោះជាតិ បានឈ្នះដោយមិនចូលប្រជុំសភាដំបូង ដោយជោគជ័យ ទាំង៥៥រូប ដោយសំអាងលើមាត្រា១,៨,៩,៧៦…។
រីឯសម្រាប់អ្នកចាញ់វិញ លោក សុខ ទូច ថាជាប្រជាជនខ្មែរជាង១៤លាននាក់ បោះឆ្នោតអោយគេគ្រប់គ្រងខ្លួន តែពួកគេគ្មាន«សមត្ថភាព»ដោះស្រាយបញ្ហា នយោបាយរួមគ្នាបាន។ ចំពោះអ្នកអន់ លោកពន្យល់ថាគឺ«ប្រទេសកម្ពុជា» ដោយសារតែការបោះឆ្នោតម្តងៗ តែងតែជាប់គាំងផ្នែកនយោបាយ ដែលធ្វើអោយល្បីពាសពេញពិភពលោក និងមានការបិទផ្លូវចរាចរណ៍ ដែលបង្ហាញពីអស្ថេរភាព ធ្វើអោយមានភាពល្បីល្បាញដល់ភ្ញៀវទេសចរណ៍។
សម្រាប់អ្នកស្រាវជ្រាវសង្គម នយោបាយឯករាជ្យនៅក្នុងប្រទេសកម្ពុជាលោក កែម ឡី បានបង្ហាញថាការបើកសភាដោយ«ឯកបក្ស»នេះ អាចប៉ះពាល់ដល់ស្ថាប័នព្រះមហាក្សត្រ ក្នុងនោះមានការបាត់បង់នូវជំនឿ និងមានការព្រួយបារម្មណ៍ពីប្រជាពលរដ្ឋ។ លោកបន្តរថា អ្នកនយោបាយខ្មែរទាំងពីរ ខ្វះសមត្ថភាពក្នុងការចរចារគ្នា ការបង្រួបបង្រួមជាតិ និងធ្វើឲ្យស្ថាប័នរដ្ឋសភាមួយ ក្លាយជារដ្ឋសភា«ស្របច្បាប់»។ លោកបានបង្ហាញនូវ«ផលវិបាក»មួយចំនួនថា អាចកើតមាននូវសង្គ្រាមត្រជាក់ ដែលអាចបែងចែកទឹកដីជាពីរបាន។ មានវិបត្តសេដ្ឋកិច្ចនយោបាយយូរអង្វែង ដែលជាកត្តាត្រូវបង់ខាតដូចជាការអភិវឌ្ឍន៍ និងផលិតផលនានាដែលមកពីខាងក្រៅ។
ឯមន្ត្រីជាន់ខ្ពស់រដ្ឋសភាកម្ពុជា មកពីគណបក្សប្រជាជនកម្ពុជាលោក ឈាង វុន ដ៏ល្បីឈ្មោះវិញ លោក មិនបានធ្វើបទបង្ហាញអ្វីឲ្យបានច្រើននោះទេ នៅមុខមន្ទីររដ្ឋសភាកាលពីព្រឹកម៉ិញ តែលោកបញ្ជាក់ថា ចាំរង់រដ្ឋសភាកើតចេញជារូបរាងសិន។ ទោះជាយ៉ាងនេះក្តី លោកបានធ្លោយពាក្រមួយម៉ាត់ថា «គណបក្សប្រជាជនកម្ពុជាធ្វើអ្វីទៅតាមច្បាប់»។
ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្រ្គោះជាតិ លោកបានចាត់ទុកថាការប្រជុំសភានេះ បានធ្វើ«ផ្ទុយ»ទៅនឹងមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។ លោកបន្តរថា «រដ្ឋសភាដែលបានកើតឡើងនេះ មិនមែនជារដ្ឋសភាតំណាងឲ្យ អំណាចប្រជាពលរដ្ឋទាំងមូលនោះទេ។ (…) ការរៀបចំសរដ្ឋសភារបៀបនេះ អាចនឹងដឹកនាំប្រទេសរអិលធ្លាក់ ចូលទៅក្នុងរបបផ្តាច់ការសារជាថ្មីម្តងទៀត។ (…) លោកចង់បានឲ្យគណបក្សទាំងពីរជៀសវាងនូវការបែកបាក់ និងរួមឯកភាពគ្នា ដើម្បីធានាឲ្យមានដំណើរការលិទ្ធិប្រជាធិបតេយ្យ និងការអនុវត្តការកែទម្រង់ដ៏មានន័យ ដោយពង្រឹងនីតិរដ្ឋ និងការបង្កើនការគោរពសិទ្ធិមនុស្សឲ្យបានត្រឹមត្រូវ។»
លោកស្រី ជា វណ្ណាត ក៏បានពន្យល់ដែរថា ទោះបីជារដ្ឋសភាដំណើរការក៏ដោយ តែគ្រាន់តែជាបែបពិធីការប៉ុណ្ណោះ មិនមែនជាការបិទផ្លូវចរចារអ្វីនោះទេ។ លោកស្រីបញ្ជាក់ថា «ផ្លូវនៅតែបើកចំហរ»នៅឡើយ ដូច្នេះគណបក្សទាំងពីត្រូវតែបន្ទន់ឥរិយាបទ ឲ្យបានខ្លាំងជាងនេះបន្តិច និងរួមគ្នាធ្វើការដោះស្រាយបញ្ហា ដែលនៅសេសសល់ជាបន្តរ ធ្វើការចាប់ដៃគ្នាដើម្បីបំរើប្រទេសជាតិ។ «ការធ្វើការជាមួយគ្នាមានបញ្ហា ជាធម្មតាទេ នៅក្នុងប្រទេសប្រជាធិបតេយ្យ ត្រូវរៀបធ្វើការដោះស្រាយបញ្ហាជារួម ជាក្រុម»។
តែទោះជាយ៉ាងនេះក្តី លោកស្រីបានចាត់ទុកថា វាក៏ជាការពិបាកមួយដែរ ដែលតម្រូវឲ្យមានការធ្វើការួមគ្នា ដែលមានបក្សច្រើននោះ ព្រោះតែកន្លងមកមិនធ្លាប់ធ្វើការសហការគ្នានោះ។
សូមបញ្ជាក់ថា ការបើកនិតិកាលថ្មីនៃការប្រជុំសភាដំបូង កាលពីព្រឹកថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៣នេះ ក្រៅពីវត្តមានព្រះរាជាធិបតីភាពព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តំណាងរាស្រ្តចំនួនតែ៦៨រូប មកពីគណបក្សប្រជាជនកម្ពុជា និងមានការចូលរួមពីបណ្ដាអង្គទូតនានា និងអង្គការអន្តរជាតិប្រចាំកម្ពុជា ភ្ញៀវជាតិ អន្តរជាតិជាច្រើនទៀត។ តែក្នុងចំណោមនោះ សហរដ្ឋអាមេរិក និងសហគមន៍អ៊ឺរ៉ុប ដែលតំណាងឲ្យប្រទេសទាំង២៧នៅអ៊ឺរ៉ុប បានបញ្ចេញប្រតិកម្មតាមបែបការទូត តម្រូវឲ្យរដ្ឋសភាកម្ពុជា ត្រូវតែមានលក្ខណៈជា«ពហុបក្ស»៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៣ កញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ