«ទីស្ដីការគណៈរដ្ឋមន្ត្រី ចាយលុយជាតិលើស ១៤០%»
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៨ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 09, 2015
- ប្រធានបទ: ថវិកាជាតិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមបណ្តាក្រសួងស្ថាប័ននានា ធ្វើការចាយវាយថវិការមិនដែលអស់។ ដោយឡែកសម្រាប់ទីស្តីការគណៈរដ្ឋមន្ត្រីវិញ បែរជាចាយមិនគ្រប់ ឬខ្វះទៅវិញ។ នេះជាប្រធានបទ ដែលសម័យប្រជុំលើកទី៤ ដើម្បី«ពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីគ្រោះមហន្តរាយ និងសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤» របស់រដ្ឋសភាកម្ពុជា បានជជែកដេញដោល កាលពីថ្ងៃទី៨ ខែមិថុនានេះ។ លោក សុន ឆ័យ តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ បានលើកជាសំនួរថា៖ «ក្រសួងផ្សេងៗ បានចាយលុយតិច ហើយចាយមិនអស់ទៀត។ (…) ខ្ញុំមិនដឹងថា ចាយមិនអស់លុយ ឬដោយសាររដ្ឋមិនឲ្យលុយ? (…) ហេតុអ្វីវិស័យចាំបាច់ បែរចំណាយតិចទៅវិញ? ចំណែកទីស្តីការគណៈរដ្ឋមន្ត្រី បែរជាចាយលើស ដល់ទៅ១៤០ភាគរយ។»
លោក សុន ឆ័យ ដែលជាអនុប្រធាន គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្មនៃរដ្ឋសភាផងនោះ បានលើកឡើងថា សេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយនេះ នៅមិនទាន់មានភាពច្បាស់លាស់ សម្រាប់ការចាយវាយ ថវិការជាតិនោះឡើយ។ លោកបានលើក ពីមាត្រា៣៨ និយាយពីនីតិវិធីច្បាប់ នៃសិទ្ធិទទួលបាន ការចាត់ចែងលើថវិការ តាមនីតិធិធីច្បាប់ជាធរមាន។ លោកថា មាត្រានេះ ត្រូវធ្វើការបកស្រាយ ឲ្យបានច្បាស់លាស់ នូវនីតិច្បាប់ទាំងនោះ តើនីតិវិធីទាំងនោះមានអ្វីខ្លះ? លោកថា បើគ្មានទេ ត្រូវធ្វើការរៀបចំបន្ថែម ធ្វើយ៉ាងណា មុននឹងច្បាប់នេះ ត្រូវដាក់ឲ្យរដ្ឋសភាអនុម័ត។
ករណីស្តីពីការចាយវាយថវិការជាតិនេះ ត្រូវបានលោក យឹម សុវណ្ណ តំណាងរាស្ត្រ និងជាអ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ ថ្លែងរិះគន់ចំៗ ក្នុងកិច្ចប្រជុំរដ្ឋសភា កាលពីថ្ងៃទី៤ ខែមិថុនា ថាការចាយវាយថវិកា របស់ក្រសួងនានា ពិសេសក្រសួងសុខាភិបាល និងក្រសួងអប់រំ និងក្រសួងសង្គមកិច្ច មានលក្ខណៈមិនសមស្រប។ លោក បានពន្យល់ថា ហេតុអ្វីបានជាក្រសួងសំខាន់ៗទាំងបីនេះ បែរជាចាយលុយមិនអស់ទៅវិញ? ដូចជាការចាយវាយ របស់ក្រសួងក្រសួងសុខាភិបាល បានចាយវាយ ត្រឹមតែ៩៤ភាគរយ ក្រោមការអនុម័ត១០០ភាគរយនោះ។
លោក យឹម សុវណ្ណ បានលើកជាចម្ងល់ថា «ខ្ញុំមិនដឹងថា តើក្រសួងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ធ្វើការចំណាយចាយវាយយ៉ាងម៉េចទេ?។ (…) ខ្ញុំបានពិនិត្យ នូវក្នុងសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកា ឆ្នាំ២០១៣ ឃើញថា ក្រសួងសុខាភិបាលចាយលុយ អត់អស់។ អនុម័ត១០០ភាគរយ ចាយតែ៩៤ភាគរយ។ (…) ខ្ញុំមិនដឹងថា ក្រសួងយល់ឃើញថាម៉េច អត់មានតម្រូវការ ឬមួយក៏ក្រសួងសុខាភិបាល មានអ្វីៗចប់សព្វគ្រប់អស់ហើយ?»
លោកយឹម សុវណ្ណ បានស្នើឲ្យស្រសួងហិរញ្ញវត្ថុ ធ្វើការជម្រុញឲ្យក្រសួងសុខាភិបាល ចាយលុយ ឲ្យស្របទៅតាមគោលការណ៍ ដែលរដ្ឋសភាបានអនុម័ត។ លោកបានលើកឡើងបែបចំអកថា ក្រសួងមួយនេះ ចាយលុយមិនអស់ តែការតព្វកិច្ច ដែលត្រូវមើលថែអ្នកជម្ងឺ បែរជាមិនគ្រប់គ្រាន់ ឬមិនឆ្លើយតប តាមតម្រូវការជាក់ស្តែងទៅវិញ។ លោក សុវណ្ណ បានថ្លែងឲ្យដឹងទៀតថា៖ «មន្ទីរពេទ្យខ្វះកន្លែង ថ្នាំពេទ្យខ្វះ ខ្វះគ្រូពេទ្យ។ សូម្បីតែជូនវេជ្ជបណ្ឌិត ទៅតាមខេត្ត មួយឆ្នាំបញ្ជូនបានត្រឹមតែពីរនាក់។ (…) បើគាត់មិនចេះចាយលុយទេ នោះជារឿងមួយផ្សេងទៀត។ តម្រូវការនៅពេញផ្ទៃប្រទេស ហេតុអ្វីចាយលុយមិនអស់អញ្ចឹង? (…) តែយ៉ាងណា ឲ្យការចាយវាយថវិការនេះ ត្រូវតែមានតម្លាភាព និងកុំបំប៉ោងការចំណាយទាំងនោះ។»
តបនឹងការរិះគន់ខាងលើនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើង នាវិមានរដ្ឋសភា កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា នេះថា ការងារទាំងអស់ គេត្រូវធ្វើឡើងទៅតាមយន្តការ និងការចំណាយចាំបាច់របស់គេ។ លោកបានលើកជាឧទាហរណ៍ថា បើមានការពាក់ព័ន្ថ ជាមួយប្រឡាយទឹក ឬទំនប់ទឹក ក្រសួងធនធានទឹក នឹងធ្វើការជួសជុល ក្នុងគម្រោងថវិការបស់គេដែលមាន។ លោកបន្តថា បើករណីនេះ«ផុត» នោះត្រូវស្នើសុំថវិកាបន្ថែម។
នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យដឹងទៀតថា៖ «រឿងនេះ វាមិនមែនជារឿងថ្មី សម្រាប់រាជរដ្ឋាភិបាលទេ។ ហើយក៏មិនមែនចាំបាច់ មានអ្នកតំណាងរាស្រ្តបក្សប្រឆាំង ស្នើសុំដែរ។ អានេះ គឺរាជរដ្ឋាភិបាល តែងធ្វើការ ជាមួយនឹងម្ចាស់មីក្រូហិរញ្ញវត្ថុរាល់ពេល។ (…) គេធ្វើការ មិនមែនត្រឹមតែនិយាយ នៅកន្លែងសភានោះទេ។»
កាលពីថ្ងៃទី២០ ខែឧសភា កន្លងមកលោក ហ៊ុន សែន ក៏ធ្លាប់បានលើកឡើង ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ស្ដីពីកម្មវិធីកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈថា ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មិនមែនមានតែមុខងារ សម្រាប់ស្វែងរកថវិកា និងធានានូវប្រសិទ្ធិភាព នៃការប្រើប្រាស់ថវិកានោះទេ គឺមាននាទី ធ្វើឲ្យមានស្ថិរភាពសេដ្ឋកិច្ច និងជាឧបករណ៍ សម្រាប់បម្រើ ឲ្យគោលនយោបាយសាធារណៈជាតិ លើគ្រប់ផ្នែក និងគ្រប់វិស័យទៀត។ លោកបានស្នើដល់ ក្រសួងស្ថាប័នរដ្ឋនានា ត្រូវពង្រឹងការគ្រប់គ្រង និងអនុវត្តន៍ ការចាយវាយថវិការបស់ខ្លួន ឲ្យបានត្រឹមត្រូវ ហើយត្រូវមានការយកចិត្តទុកដាក់ ធ្វើយ៉ាងណា ត្រូវមានសុក្រឹតភាព ពីចំណូល និងចំណាយ។
សម្រាប់លោក យឹម សុវណ្ណ វិញ បានថ្លែងអះអាងថា៖ «ខ្ញុំគ្មានចេតនាណាមួយ ក្រៅពីការផ្តល់យោបល់ ក្នុងន័យស្ថាបនា ទៅដល់រាជរដ្ឋាភិបាល ទៅដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីគ្រប់គ្រងគ្រោះមហន្តរាយ ព្រោះនេះជារឿងទាំងអស់គ្នា ជារឿងរបស់ប្រជាពលរដ្ឋខ្មែរ»៕