ព្រឹទ្ធសភា៖ សាយ ឈុំ ​ជាប់​ជា​ប្រធាន- នៃ ប៉េណា អនុ​ប្រធាន​ទី១

ការសម្រេចជ្រើសតាំង ប្រធានព្រឹទ្ធិសភាថ្មី ត្រូវបានធ្វើឡើង ភ្លាមៗបន្ទាប់ពីលោក ជា ស៊ីម អតីតប្រធានព្រឹទ្ធិសភា បានទទួលមរណៈភាព ដោយរោគាពាធ កាលពីថ្ងៃទី៨ ខែមិថុនា ម្សិលម៉ិញ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៩ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 09, 2015
  • ប្រធានបទ: ព្រឹទ្ធសភា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដូចតាមការគ្រោងទុក ប្រធានព្រឹទ្ធសភាថ្មី ត្រូវបានគណកម្មាធិការអចិន្ត្រៃយ៍នៃព្រឹទ្ធសភា ដាក់ឲ្យមានការ​បោះ​ឆ្នោតជ្រើសតាំង ប្រធាន និងអនុប្រធានទី១នៃព្រឹទ្ធសភា យ៉ាងទាន់ហន់ បន្ទាប់ពីអតីតប្រធានព្រឹទ្ធសភា លោក ជា ស៊ីម បានទទួលមរណៈភាព ទើបតែបានមួយថ្ងៃមកនោះ។ ហើយការជ្រើសតាំងនេះ ក៏បានធ្វើឡើង មិនខុស​ប៉ុន្មាន ពីការថ្លែងជាសាធារណៈ របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ក្នុងពេលកន្លងមក ដែលថាបើ​អស់​ពី​លោក ជា​ ស៊ីម ទៅ រូបលោក (ហ៊ុន សែន) នឹងក្លាយជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយលោក សាយ ឈុំ នឹងក្លាយជាប្រធានព្រឹទ្ធសភានោះឡើយ។

ក្រោយការបោះឆ្នោតជ្រើសតាំង ប្រធាន និងអនុប្រធានទី១ថ្មី នៃព្រឹទ្ធសភានេះ អ្នកសារព័ត៌មានបាន​សង្កេត​ឃើញ​ថា លទ្ធផលនៃការបោះឆ្នោតនោះ ត្រូវបានបិទប្រកាសជាសាធារណៈ លើជញ្ជាំងក្តាខៀន ដោយបាន​បញ្ជាក់ថា លោក សាយ ឈុំ ត្រូវបានជ្រើសតាំង ជាប់ជាប្រធានព្រឹទ្ធសភាថ្មី ក្រោមសម្លេង៥២ លើ៥២។ រីឯលោក នៃ ប៉េណា អតីតសមាជិកព្រឹទ្ធិសភា មកពីគណបក្សប្រជាជនកម្ពុជា បានជ្រើសតាំងជា អនុប្រធានទី១ ជំនួស​លោក សាយ ឈុំ ដែលឡើងជាប្រធានព្រឹទ្ធិសភាថ្មី។ ក្នុងផ្ទាំងលទ្ធផលនៃការបោះឆ្នោត ដែលបានបិទលើ​ជញ្ជាំង​ក្តាខៀន ក៏បានបញ្ជាក់ដែរថា លោក នៃ ប៉េណា បានទទួលសម្លេងគាំទ្រ៥២ លើ៥២សម្លេង។ ផ្ទុយមកវិញ សម្លេង​គាំទ្រជាក់ស្តែង ក្រោយពីការប្រកាសសន្លឹកឆ្នោតនោះ លោកទទួលបានសម្លេង ត្រឹមតែ ៥១ លើ៥២​សម្លេង​ប៉ុណ្ណោះ។

លទ្ធផលបោះឆ្នោត ដែលបានរៀបចំទុកជាមុន?

ក្នុងកិច្ចដំណើរការ នៃការបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានទី១ នៃព្រឹទ្ធសភានេះ គេសង្កេតឃើញ មាន​វត្តមានបេក្ខជនតែពីររូបប៉ុណ្ណោះ ដែលបានឈរឈ្មោះ ក្នុងការបោះឆ្នោតនេះ ក្នុងនោះ លោក សាយ ឈុំ ឈ្មោះ​ជាបេក្ខភាព ប្រធានព្រឹទ្ធសភា ឯលោក នៃ ប៉េណា ឈរឈ្មោះជាអនុប្រធានទី១។ ដោយឡែក លោក ទេព ងន នៅកាន់ដំណែងជា អនុប្រធានទី២នៃព្រឹទ្ធសភាដដែល។

ជុំវិញការបោះឆ្នោតនេះ គេបានដាក់ការសង្ស័យ ទៅលើសម្លេងឆ្នោតមួយសន្លឹក ដែលបានបាត់ទៅ ដោយ​មិន​គាំទ្រ​លោក នៃ ប៉េណា ជាអនុប្រធានទី១ព្រឹទ្ធសភានោះ តើអាចជាសម្លេង អ្នកដែលមិនទទួលបានផល​ប្រយោជន៍ ពីការបោះឆ្នោតដែឬទេ?

ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា លោកបានទទួលស្គាល់ពី​សម្លេងឆ្នោត គាំទ្រលោក នៃ ប៉េណា ថាទទួលបានសម្លេងគាំទ្រ តែ៥១សម្លេង លើសម្លេង៥២ប៉ុណ្ណោះ។ លោក​បានអះអាងថា ការបោះឆ្នោតនេះ ដោយអនុឡោមទៅតាមច្បាប់រដ្ឋធម្មនុញ្ញ ត្រង់មាត្រា១១0 ដែលបានបញ្ជាក់​ថា ពេលដែលប្រធានព្រឹទ្ធសភា ទទួលមរណៈភាព អាចធ្វើការបោះឆ្នោត ជ្រើសរើសប្រធានថ្មីភ្លាមៗ។ ទាក់ទង​នឹង​រយៈពេល នៃការបោះឆ្នោតនេះ លោកបានបញ្ជាក់ថា ទាំងរដ្ឋធម្មនុញ្ញ ទាំងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង​នៃ​ព្រឹទ្ធិសភា មិនបានកំណត់ ពីរយៈពេលបោះឆ្នោតនេះឡើយ។

តាមមាត្រា១១០ នៃរដ្ឋធម្មនុញ្ញ វាក្យខណ្ឌទី៣ បានចែងថា៖ «ក្នុងករណីដែលប្រធាន ឬអនុប្រធានព្រឹទ្ធសភា លា​លែង​ពីមុខតំណែង ឬទទួលអនិច្ចកម្ម ព្រឹទ្ធសភាត្រូវបោះឆ្នោត ជ្រើសតាំងប្រធាន ឬអនុប្រធានថ្មី»។

សមាជិកព្រឹទ្ធសភាទាំងអស់ មាន៦១រូប ក្នុងនោះ៨រូបអវត្តមាន ដោយមានបេសកម្មទៅក្រៅប្រទេស និងមួយរូប ទទួលមរណៈភាព (លោកជា ស៊ីម)។ លោក ម៉ម ប៊ុននាង បានពន្យល់ថា ដូច្នេះសល់តែ៥២រូបប៉ុណ្ណោះ ដែលបាន​ចូលរួម ក្នុងការបោះឆ្នោតជ្រើសតាំងនេះ។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់បន្ថែមពីសមាជិកព្រឹទ្ធសភា មកពីគណបក្សប្រឆាំង​បាន​ឡើយ​នារសៀលនេះ ពាក់ព័ន្ធទៅនឹងបច្ចេកទេស នៃការបោះឆ្នោតនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...