«ការតែងតាំងមន្ត្រី ជាកូនជាចៅរបស់ CPP ដើម្បីកាន់អំណាច តកូនចៅ»
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១១ មករា ២០១៧
- កែប្រែចុងក្រោយ: January 12, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តបទៅនឹងអត្ថបទវិភាគ «ស្ងាត់ៗ មន្ត្រីកំពូលៗ ឆ្លៀតដាក់តំណែងជាន់ខ្ពស់ឲ្យកូន» ដែលបានចេញផ្សាយ នៅក្នុងសារព័ត៌មាន «ភ្នំពេញប៉ុស្ដិ៍» កាលពីពេលថ្មីៗនោះ អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា បានសម្ដែងឲ្យឃើញជាថ្មីទៀត ពីចរិតនយោបាយ ដ៏«អស្ចារ្យ» នៃប្រព័ន្ធតែងតាំងមុខនាទីរដ្ឋ របស់អតីតគណបក្សកុម្មុយនីសមួយនេះ ដែលបានកាន់អំណាចនៅកម្ពុជា ដោយកណ្ដាប់ដៃដែក តាំងពីជិត៤ទសវត្សន៍មក។
ការឆ្លើយតបនោះ ត្រូវបានលោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រី ដកស្រង់យកមកបង្ហោះផ្សាយ នៅលើទំព័រហ្វេសប៊ុករបស់លោក ដោយដាក់ជាចំណងជើងថា «ការឆ្លើយតបរបស់ ឯកឧត្តម សុខ ឥសាន» និងមានសរសេរជាដំបូងថា៖ «គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយត្រឹមត្រូវរបស់ខ្លួន ក្នុងការកសាង និងបណ្តុះបណ្តាលធនធានមនុស្ស សំរាប់បន្តវេន បំពេញតួនាទី ភារកិច្ច ជូនជាតិ និងប្រជាជន តទៅថ្ងៃមុខ និងនាពេលអនាគត យូរអង្វែង»។
អត្ថបទខ្លីនោះ បានសរសេរបន្តថា៖ «ផ្អែកលើ គោលនយោបាយនេះ CPP យកចិត្តទុកដាក់ កសាងយុវជនគ្រប់ស្រទាប់វណ្ណៈក្នុងសង្គម ដែលមាននិន្នាការជឿជាក់ និងដើរតាមកម្មវិធីនយោបាយ CPP តែ CPP មិនយកចិត្តទុកដាក់ ចំណាយពេលវេលា និងធនធាន ទៅកសាងយុវជនរបស់បក្សដទៃ ឬយុវជន ដែលមាននិន្នាការ នយោបាយផ្សេង ជាដាច់ខាត»។
នៅក្នុងអត្ថបទវិភាគ របស់កាសែតភ្នំពេញប៉ុស្តិ៍ អ្នកនិពន្ធឈ្មោះ តុង សុប្រាជ្ញ បានរៀបរាប់ពីការតែងតាំង កូនចៅ សាច់សារលោហិត របស់ថ្នាក់ដឹកនាំគណបក្ស ឲ្យកាន់តំណែងរដ្ឋធំៗ ខ្ពស់ៗ ក្នុងនោះ«ជាត្រួសៗ» មានដូចជា៖
លោក ហ៊ុន ម៉ាណែត/ លោក ហ៊ុន ម៉ានី កូនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន - លោក ឌី វិជ្ជា កូនរបស់អតីតស្នងការនគរបាលជាតិ លោក ហុង ឡងឌី និងជាកូនប្រសារលោកនាយករដ្ឋមន្ត្រី - លោក ស សុខា កូនលោកឧបនាយករដ្ឋមន្ត្រី ស ខេង - លោក សុខ សូកាន កូនរបស់លោកសុខ អាន - លោក ឌិត ទីណា កូនលោក ឌិត មន្ទីរ និង លោក ជាម ចន្ទសោភណ្ឌ កូនលោក ជាម យៀប ជាដើម។
លោក សុប្រាជ្ញ បានលើកយកតំណែង «រដ្ឋជាន់ខ្ពស់» មួយចំនួន ដែលកំពុងត្រូវបានគ្រប់គ្រង ដោយកូនអស់លោកមន្ត្រីគ្រាក់ៗ របស់គណបក្សប្រជាជនកម្ពុជា មានដូចជា៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលជាកូនប្រុសរបស់លោក សាយ ឈុំ អនុប្រធានបក្ស - លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់តំណែងដល់ទៅពីរ ជាប្រធាននាយកដ្ឋានប្រឆាំងភេរវកម្មផង និងជាអគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ របស់ក្រសួងការពារជាតិផង។
រីឯកូនទាំង ៤ របស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បុរសខ្លាំងមួយរូបទៀត របស់គណបក្សកាន់អំណាច ក៏សុទ្ធតែទទួលតំណែងគួរសមដែរ។ កូនទាំងបួននោះ មាន លោក សុខ សូកេន ជាអនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ - លោក សុខ សង្វារ ជាអគ្គនាយករងអាជ្ញាធរជាតិអប្សរា - លោកសុខ ពុទ្ធិវុឌ្ឍ ជាប្រធានសហព័ន្ធផលិតស្រូវអង្ករកម្ពុជា និងលោក សុខ សូកាន ជាតំណាងរាស្ត្រខេត្តតាកែវ របស់គណបក្សប្រជាជន។
តំណែងរដ្ឋ«ត្រួសៗ» ដែលរៀបរាប់មកទាំងប៉ុន្មាន មិនអាចជាឱកាស សម្រាប់«ជនអ្នកក្រ» ឬ«ជនគ្មានខ្សែ» នោះឡើយ។ លោក តុង សុប្រាជ្ញ បានសរសេរទៀតថា បើត្រឹមជា«សមាជិកសកម្ម» របស់គណបក្សវិញ គឺខ្លះមានតំណែង បានត្រឹមជាទីប្រឹក្សា ឬខ្លះទៀត គ្រាន់តែជាជំនួយការ យួរកាបូបត្រុកៗ ឲ្យកូនៗថ្នាក់ដឹកនាំជាន់ខ្ពស់ ទាំងប៉ុន្មាននាក់ខាងលើនេះប៉ុណ្ណោះ។
ការលើកឡើងរបស់អ្នកសារព័ត៌មាន ទាក់ទងនឹងសាច់សារលោហិត របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ទំនងជាបានបង្កភាព«ក្ដៅក្រហាយ» ឲ្យគណបក្សមួយនេះ។ ដូច្នេះហើយ ទើបអ្នកនាំពាក្យគណបក្ស លោក សុខ ឥសាន បានព្រមានមកវិញថា៖ «ស្នើអ្នកវិភាគទាំងទ្បាយ រួមទាំងលោក សុប្រាជ្ញ នៃកាសែតភ្នំពេញប៉ុស្តិ៍ យល់ឲ្យច្បាស់ ពីគោលការណ៏របស់ CPP។ បើយល់មិនច្បាស់ទេ ស្នេីសួរអ្នកនាំពាក្យ CPP ក៏បាន កុំសរសេរទាំងងងឹតងងល់អី។ ការតែងតាំងមន្ត្រី ជាកូន ជាចៅ របស់ CPP ជាសិទ្ធិផ្តាច់មុខរបស់ CPP។»។
មន្ត្រីអ្នកនាំពាក្យបានសង្កត់ធ្ងន់ តាមរយៈសំណេរបង្ហោះលើទំព័រហ្វេសប៊ុក របស់លោក ផៃ ស៊ីផាន ដូច្នេះថា៖ «CPP មិនអាចតែងតាំងកូន សម រង្សី ឬកូន កឹម សុខា ឬកូនចៅ អ្នកនេះអ្នកនោះ នៃ CNRP និងពីគណបក្សផ្សេង ឬពី NGO ណាមួយទ្បេីយ។ សូមបញ្ជាក់ មិនត្រឹមតែមិនតែងតាំងទេ ធ្វើដន្លងជាមួយគ្នា ក៏មិនអាចដែរ ព្រោះដើរផ្លូវខុសគ្នា។ សុំចាំឲ្យច្បាស់! នេះគឺជាគោលនយោបាយ កសាង និងបណ្តុុះបណ្តាលធនធានមនុស្សរបស់ CPP ដើម្បីធានារ៉ាប់រង ការងារភារកិច្ចបំរេីជាតិ និងប្រជាជនយូរអង្វែង តកូនតចៅ។ មិនអាចឲ្យគណបក្សណា មកដណ្តើមយកតួនាទីដឹកនាំ របស់ CPP បានជាដាច់ខាត។»។
ប្រតិកម្មប៉ុណ្ណេះ តើច្បាស់ក្នុងចិត្ត និងភ្លឺភ្នែកហើយឬនៅ?