ថៃ នរៈពិទូ មានជំនាញខាងដាក់«ថ្នាំសម្រើប»?
- ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី១១ មករា ២០១៧
- កែប្រែចុងក្រោយ: January 11, 2017
- ប្រធានបទ: តារា&គ្រឿងញៀន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោយការចាប់ខ្លួន លោក ថៃ នរៈពិទូ ជុំវិញការជាប់ពាក់ព័ន្ធ នឹងការជួញដូរគ្រឿងញៀន កងកម្លាំងនគរបាលខេត្តបាត់ដំបង នៅបានរកឃើញ ជំនាញដ៏ពិសេសៗ បន្ថែមទៀតរបស់ អតីត«Freshy Boy ឆ្នាំ២០០៦»។ បុរសរូបសង្ហា តារាសម្ដែង អាយុ៣២ឆ្នាំរូបនេះ បានបង្ហាញពីទេពកោសល្យមួយទៀតរបស់លោក ខាងឆ្នៃគ្រឿងញៀន ដាក់ក្នុងស្រាបៀរ ដើម្បីឲ្យស្រីៗទទួលទានរួច នឹងអាលអាចធ្វើឲ្យពួកនាង មានអារម្មណ៍វង្វេងរង្វាន់ រហូត«ចង់រួមភេទ»។
វីដេអូមួយ ដែលត្រូវបានគេយកមកបង្ហោះ នៅលើបណ្ដាញសង្គម នៅរសៀលថ្ងៃទី១១ ខែមករានេះ បានបញ្ជាក់ ពីជំនាញពិសេសមួយនេះ របស់អតីត «Freshy Boy ឆ្នាំ២០០៦» នៅចំពោះមន្ត្រីនគរបាល ដែលភាសាម្យ៉ាងទៀត គេចាត់ទុក ការឆ្នៃប្រឌិតនេះ គឺជា«ថ្នាំសម្រើប»។ ប៉ុន្តែ ការអះអាងនេះ នៅមិនទាន់មានប្រភពណាផ្សេង មកបញ្ជាក់បន្ថែមទៀត ថាយ៉ាងណានោះនៅឡើយ។
» វីដេអូ បង្ហាញពីជំនាញពិសេស របស់តារាសម្ដែង៖
លោក ថៃ នរៈពិទូ ដែលជាកូនប្រុសបង្កើត របស់លោក ថៃ នរៈសត្យា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបានកងកម្លាំងអាជ្ញាធរ ខេត្តបាត់ដំបង ចាប់ខ្លួន នៅក្នុងយុទ្ធនាការក្រសោបមួយ ធ្វើឡើងកាលពីយប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នៅវេលាម៉ោង ២៣ និង២០នាទី នៅនឹងហាងខារ៉ាអូខេ ដឹសោន ហ្ចាមីលី (The sound family KTV) ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ពីក្នុងចំណោមជនសង្ស័យ ទាំង៦នាក់ ដែលអាជ្ញាធរកំពុងឃុំខ្លួន នៅពេលនេះ ក៏មានភរិយារបស់លោក គឺអ្នកស្រី អោក រតនៈប៉ុណ្ណិកា ដែលទើបនឹងចាប់ដៃគ្នា ចូលរោងការ កាលពីដើមខែមេសា កន្លងទៅនេះម្នាក់ដែរ៕