ភាពយន្ដ «មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ» របស់ អេនជឺលីណា ជូលី នឹងបញ្ចាំងដំបូងគេនៅសៀមរាប
- ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី១២ មករា ២០១៧
- កែប្រែចុងក្រោយ: January 12, 2017
- ប្រធានបទ: ភាពយន្ដ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការទន្ទឹងរង់ចាំ ដើម្បីទស្សនាភាពយន្ដរឿង «មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ (First They Killed My Father)» ពិតជាមិនខកបំណងទេ។ ភាពយន្ដ ដែលដឹកនាំដោយនាង អេនជឺលីណា ជូលី (Angelina Jolie) ត្រូវបានផលិតចេញ ជារូបរាង ហើយនឹងគ្រោងដាក់បញ្ចាំងដំបូងគេ នៅក្នុងខេត្តសៀមរាប ប្រទេស កម្ពុជា នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ មុននឹងចេញបញ្ចាំង នៅក្នុងប្រទេសផ្សេងទៀត នៅក្នុងពិភពលោក។
នាង អេនជឺលីណា ជូលី កំពូលតារាហូលីវូដ ដែលក្លាយជាអ្នកដឹកនាំភាពយន្ដ និងមានសញ្ជាតិខ្មែរ បានគ្រោងធ្វើដំណើរ មកប្រទេសកម្ពុជា ដើម្បីរៀបចំការចាក់បញ្ចាំងជាច្រើនទៀត ដែលនឹងធ្វើឡើង នៅតាមវត្តអារាម និងតំបន់ដាច់ស្រយ៉ាល។ នេះបើតាមបទសម្ភាសមួយ ដែលតារាល្បីរូបនេះ បានផ្ដល់ទៅឲ្យសារព័ត៌មានអង់គ្លេស «The Guardian»។ អ្នកស្រីបានបញ្ជាក់ទៀតថា អ្នកស្រីរួមជាមួយនឹងតារាសម្ដែងសំខាន់ៗមួយចំនួន នឹងចូលរួមជជែក ពិភាក្សា ឬឆ្លើយទៅនឹងសំណួរ របស់ទស្សនិកជន នៅតាមរោងភាពយន្ដ ដែលទទួលចាក់បញ្ជាំងភាពយន្ដនេះ។
ភាពយន្ដ «មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ជាការដកស្រង់រសជាតិ នៃជីវិត«ពិត»ដ៏ខ្លោចផ្សារ នៅក្រោមរបបប្រល័យពូជសាសន៍ ខ្មែរក្រហម របស់ប្រជាជនខ្មែរម្នាក់ ឈ្មោះ លឿង អ៊ឹង។ ទោះនៅក្នុងសម័យនោះ អ្នកស្រី លឿង អ៊ឹង នៅមានវ័យជាកុមារភាពម្នាក់ (អាយុ៥ឆ្នាំ) ក៏ដោយ តែអ្នកស្រីបានចងចាំហេតុការណ៍ ដ៏រន្ធត់តក់ស្លុត ពីសង្គ្រាមព្រាត់ប្រាស់ ដែលបានកើតឡើង ក្នុងទសវត្សន៍ឆ្នាំ៧០ ជាពិសេសហេតុការណ៍ នៅនឹងភ្នែក នៃការបណ្ដើរ នាំឪពុកអ្នកស្រីចេញទៅ ពីសំណាក់ក្រុមខ្មែរក្រហម ដែលគ្មានថ្ងៃវិលត្រឡប់។ ទិដ្ឋភាពនៅក្នុងចិត្តអស់ទាំងនោះ បានជំរុញឲ្យអ្នកស្រី សរសេរប្រលោមលោក «មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» នេះឡើង មុននឹងបោះពុម្ភផ្សាយ ជាសៀវភៅនៅក្នុងឆ្នាំ២០០០។
ភាពយន្ដនេះ ត្រូវបានថតជាភាសាខ្មែរ មានតួសំដែងជាខ្មែរទាំងស្រុង និងសហការផលិត រវាងនាង ជូលី និងលោក ប៉ាន រីទ្ធី (Rithy Panh) សមិទ្ធិករភាពយន្ដ ខ្មែរ-បារាំង ដ៏ល្បីឈ្មោះមួយរូបទៀត។ ការផលិតភាពយន្ដ ក៏មានការចូលរួម ពីសំណាក់កូនប្រុសចិញ្ចឹមជនជាតិខ្មែរ របស់នាង ជូលី ឈ្មោះ ម៉ាដុក (Maddox) នោះដែរ។
សម្រាប់ទស្សនិកជនទាំងឡាយ នៅក្នុងពិភពលោក (ក្រៅពីប្រទេសកម្ពុជា) ត្រូវរង់ចាំរយៈពេលយ៉ាងហោច ៧ខែទៀត ដើម្បីទស្សនាភាយន្ដនេះ នៅលើគេហទំព័រ «Netflix» ដែលជំនាញខាងភាពយន្ដ និងវីដេអូ។ គេហទំព័រនេះ នឹងដាក់បង្ហោះភាពយន្ដ «មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ (ជាភាសាអង់គ្លេស First They Killed My Father/ ជាភាសាបារាំង D'abord ils ont tué mon père)» ចាប់ពីថ្ងៃទី១៥ ខែកញ្ញាតទៅ តែទស្សនិកជនត្រូវបង់ប្រាក់ (ដូចទិញសំបុត្រ ចូលមើលភាពយន្ដ នៅតាមរោង) ដើម្បីបានទស្សនា៕