HRW៖ រដ្ឋាភិបាល​ចង់​ទម្លាក់​កំហុស​ឲ្យ​មេដឹកនាំ CNRP ក្នុង​ឃាតកម្ម​លើ កែម ឡី

រដ្ឋាភិបាលកម្ពុជា បានប៉ុនប៉ងទម្លាក់កំហុស នៃទង្វើឃាតកម្មបាញ់​សម្លាប់​លោក កែម ឡី ដាក់ទៅលើ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង។ នេះ បើតាម​របាយការណ៍​មួយ ចេញផ្សាយក្នុងថ្ងៃព្រហស្បត្តិ៍នេះ របស់អង្គការ​ឃ្លាំ​មើល​​សិទ្ធិ​មនុស្ស (Human Right Watch)។
HRW៖ រដ្ឋាភិបាល​ចង់​ទម្លាក់​កំហុស​ឲ្យ​មេដឹកនាំ CNRP ក្នុង​ឃាតកម្ម​លើ កែម ឡី
ពីឆ្វេងទៅស្ដាំ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ - លោក កែម ឡី អ្នកវិភាគបញ្ហាសង្គម និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ មករា ២០១៧
  • កែប្រែចុងក្រោយ: January 13, 2017
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាមួយរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន យុត្តិធម៌ក្នុងអំពើឃាតកម្ម លើលោក កែម ឡី ទំនង​ជា​ស្ថិត​ក្នុង​ដំណើរ វែងឆ្ងាយទៅមុខទៀត។ នេះ បើគេ​បាន​អាន​​របាយការណ៍ ឆ្នាំ២០១៧ ចេញផ្សាយ​​ក្នុងថ្ងៃ​ព្រហស្បត្តិ៍ ទី១២ ខែមករានេះ ដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសាអង់គ្លេស «Human Right Watch»។

រយៈពេល៦ខែ បានកន្លងផុតទៅហើយ រាប់ចាប់តាំងពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៦ ដែលអ្នកធ្វើ​អត្ថា​ធិប្បាយ​​​នយោបាយ ដ៏​ល្បី​ល្បាញ លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់យ៉ាងព្រៃផ្សៃ នៅ​កណ្ដាល​រាជធានី ភ្នំពេញ។ ប៉ុន្តែពន្លឺយុត្តិធម៌ ដែលទាក់ទងនឹងអំពើឧក្រិដ្ឋនេះ កម្រត្រូវបាន​បង្ហើបឲ្យដឹង ចេញពី​ការ​ស៊ើប​អង្កេត ឬពី​ចំណាត់ការ នៃប្រព័ន្ធយុត្តិធម៌កម្ពុជា​នោះ​ណាស់។ ប៉ុន្តែ សម្រាប់អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានរក​ឃើញ​​ផ្ទុយ​​ទៅ​វិញ។

អង្គការសិទ្ធមនុស្សអន្តរជាតិមួយនេះ ដែលមានទីស្នាក់ការកណ្ដាល នៅទីក្រុងញ៉ូយក (សហរដ្ឋអាមេរិក) និង​មានទីស្នាក់ការសាខា នៅសឹង​ពាសពេញ​ពិភពលោក បានទម្លាយដោយដឹងថា មន្ត្រីរដ្ឋាភិបាលកម្ពុជា បាន​បញ្ជៀស​នូវរាល់​ចំណុចសង្ស័យ ឬភស្តុតាង នៃការស៊ើបអង្កេត​ទាំងឡាយណា ដែល​អាចទាញ​គណបក្ស​ប្រជាជន​កម្ពុជា (គណបក្សកាន់អំណាច) ឲ្យចូលពាក់ព័ន្ធ នៅក្នុងទង្វើមនុស្ស​ឃាត​មួយ​នេះ។ អង្គការឃ្លាំ​មើល​សិទ្ធិ​មនុស្ស បានស្រង់​ប្រភព ដែល​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេតនេះ មកបញ្ជាក់ទៀតថា បើទោះជាអ្នក​ស៊ើប​អង្កេត​​បាន​ដឹង ​ពីតំរ៉ុយនៃទង្វើឃាតកម្មនេះក៏ដោយ តែមន្ត្រី​រដ្ឋាភិបាល​ទាំង​នោះ បែរជាបានប៉ុនប៉ង​បង្កើត​បន្ទុក ដើម្បីទម្លាក់កំហុស​ដាក់​ទៅលើមេដឹកនាំ គណបក្សសង្គ្រោះជាតិ ថាជាអ្នកនៅពីក្រោយ ឧក្រិដ្ឋកម្ម​នេះ​ទៅ​វិញ។

នៅប្រមាណជា១ម៉ោង ក្រោយអំពើឃាតកម្ម បុរសម្នាក់ដែលដាក់រហស្សនាមខ្លួនឯង ថា ជួប សម្លាប់ ត្រូវបាន​អាជ្ញាធរចាប់ខ្លួន និងភ្លាមៗនោះ បុរស​ម្នាក់​នេះ បាន​ឆ្លើយសារភាព ថារូបគេ​ជាអ្នកបាញ់​សម្លាប់​លោក កែម ឡី ក្រោមមូលហេតុថា ដើម្បីជម្រះបញ្ជីការជំពាក់ប្រាក់មិនសង ចំនួន ៣០០០ដុល្លារ​អាមេរិក។ នៅ​ប៉ុន្មានថ្ងៃ​ក្រោយ​មក ជនសង្ស័យរូបនេះ ត្រូវបានក្រុមអាជ្ញាធរបញ្ជូនខ្លួន ទៅកាន់តុលាការ។ អ្នកនាំពាក្យក្រសួង​មហា​ផ្ទៃ បាន​ថ្លែង​ប្រាប់​ប្រព័ន្ធផ្សព្វផ្សាយ ជាញយ​ដងថា សំនុំរឿងនេះ លែងស្ថិត​នៅក្រោម​​សមត្ថកិច្ច របស់អាជ្ញាធរ​ទៀត​ហើយ។

ប៉ុន្តែអាជ្ញាធរមិនដែលបានបញ្ជាក់ ឲ្យបានលំអិតបន្ថែមទៀត បើសូម្បីតែឈ្មោះពិតរបស់ជនសង្ស័យ តើជន​នេះ​ទទួលអាវុធពីនរណា ឬមួយថា តើការ​ជំពាក់​ប្រាក់​មានពិត ឬមិនពិតនោះឡើយ។ នេះ គេមិនទាន់​និយាយ​ដល់ ពីការទាមទារឲ្យបង្ហាញជាសាធារណៈ នូវវីដេអូឃាតកម្ម ដែលថត​ដោយ​កាម៉េរ៉ា​សុវត្ថិភាព របស់​ហាង​លក់​ទំនិញ នៃស្ថានីយ​ប្រេងឥន្ទនៈបូកគោនោះ​ផងទេ។

អ្នកជិតដិតនឹងលោក កែម ឡី ព្រះសង្ឃ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ​ ដើម្បីយុត្តិធម៌​សង្គម បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ថាការ​អះអាង ក្នុងរបាយការណ៍ខាងលើ របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស គឺជារឿងពិត ដោយសារ​រដ្ឋាភិបាលកម្ពុជាខ្លួនឯង ទំនងជាលាក់កំបាំង នូវរឿងរ៉ាវជា​ច្រើន។ ផ្ទុយ​ទៅ​វិញ ព្រះតេជគុណ បានមានសង្ឃដីកាថា ការទម្លាក់កំហុស ទៅលើ​មេដឹកនាំ​គណបក្សប្រឆាំង ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល មិនមាន​មូលដ្ឋាន​គ្រឹះ​អ្វី​ឡើយ ខណៈគណបក្សប្រឆាំង ទទួលបាន​ប្រជាប្រិយភាព​កើន​​ឡើង ដោយ​សារ​​សកម្មភាព និងវោហាស័ព្ទ​​របស់​​លោក កែម ឡី កាលពីពេល​លោក​​​​នៅ​​មាន​​ជីវិត។

ជាការរំលឹកឡើងវិញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែលទំនងជាតក់ស្លុត នឹង​ដំណឹង​ឃាតកម្ម បានមានសង្ឃដីកា ស្រង់​ការលើកឡើង របស់លោក កែម ឡី ដែលបានដឹងខ្លួនជាមុន ថា​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ចាស់​វស្សានៅកម្ពុជា នឹងមិនអត់អោនឲ្យលោក កែម ឡី និង​ព្រះអង្គ​ឡើយ។ ព្រះ​តេជ​គុណ បាន​ស្រង់​សម្ដី​​របស់​លោក កែម ឡី ដែលបានថ្លែងនៅមុនថ្ងៃនោះ បីថ្ងៃ មកសរសេរ​នៅ​លើ​គណនេយ្យ​​​ហ្វេសប៊ុក ​​របស់​​​ព្រះអង្គថា៖ «ហ៊ុន សែន នឹងមិនលេីកលែង​ឱ្យ​យេីង​ទេ ព្រោះ​យេីង​ជា​អ្នក​និយាយ​ការ​ពិត»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...