អតីតប្រធានតុលាការរាជធានី ត្រូវបានព្រះរាជាបន្ធូរទោស
- ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ មករា ២០១៧
- កែប្រែចុងក្រោយ: January 13, 2017
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពីចំណោមទណ្ឌិត ទាង៤៥នាក់ ដែលមានឈ្មោះ ក្នុងព្រះរាជក្រឹត្យបន្ធូរបន្ថយទោស របស់ព្រះមហាក្សត្រ មានឈ្មោះលោក អាំង មាលតី អតីតប្រធានសាលាដំបូង រាជធានីភ្នំពេញ មួយរូបដែរ។ លោក មាលតី អាយុ៥៩ឆ្នាំ ត្រូវបានឃាត់ខ្លួន កាលពីពាក់កណ្ដាល ខែសីហា ឆ្នាំ២០១៥ ដោយអង្គភាពប្រឆាំងអំពើពុករលួយ និងត្រូវបានតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារ ៣ឆ្នាំ ពាក់ព័ន្ធនឹងការទទួលយកសំណូក ជារថយន្តទំនើប ជាថ្នូរនឹងការដោះលែង ជនជាប់ចោទម្នាក់ ក្នុងសំណុំរឿងគ្រឿងញៀន។ ប៉ុន្តែអតីតប្រធានតុលាការរាជធានី ត្រូវបានតុលាការកំហិត ឲ្យអនុវត្តន៍ទោសជាប់ពន្ធនាគារ ៣ឆ្នាំ មកត្រឹមតែ២ឆ្នាំ ខណៈមួយឆ្នាំទៀត នឹងត្រូវព្យួរ។
ព្រះបាទ នរោត្ដម សីហមុនី បានចុះព្រះហត្ថលេខា លើព្រះរាជក្រិត្យនេះ តាំងពីថ្ងៃ ១៧ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៦ និងទៅតាមការស្នើសុំ របស់រដ្ឋាភិបាល។ បើតាមព្រះរាជក្រិត្យដដែល លោក អាំង មាលតី បានទទួលការបន្ធូរបន្ថយទោស ៦ខែ ហើយនឹងត្រូវរួចពីការឃុំឃាំង នៅថ្ងៃទី១៦ ខែកុម្ភៈខាងមុខ។
ជាមួយនឹងសេរីភាព ដែលលោកទទួលបានមកវិញនេះ អតីតប្រធានតុលាការរាជធានី នឹងមិនមានសិទ្ធិត្រឡប់មកធ្វើការ នៅក្នុងវិស័យតុលាការវិញ ជារៀងរហូត។ នេះបើតាមការអះអាង របស់លោក ជីន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។
លោក ជីន ម៉ាលីន បានបញ្ជាក់ ពីគោលការណ៍នៃការបន្ធូរបន្ថយទោសនេះថា៖ «ទីមួយ គឺលក្ខខណ្ឌ ចំពោះការលើកលែងទោសហ្នឹង គឺលុះត្រាតែជាប់ បានចំនួន ២ ភាគ ៣ នៃទោសដែលត្រូវអនុវត្ត នៅក្នុងពន្ធនាគារ។ ទីពីរ លុះត្រាតែជាប់ ១ ភាគ ៣។ ក៏ប៉ុន្តែ (ចំណុចទី២) នេះ មិនមែនជាលក្ខខណ្ឌតែមួយហ្នឹងទេ វាគួបផ្សំ ជាមួយលក្ខខណ្ឌផ្សេងៗទៀត ដូចជាការកែប្រែអត្តចរិត ការកែប្រែខ្លួន ឬការធ្វើខ្លួន ក្នុងពន្ធនាគារ ឆន្ទៈនៃការចូលរួម ក្នុងសង្គម និងជួយកសាងអភិវឌ្ឍន៍សង្គម ក្លាយជាពលរដ្ឋល្អឡើងវិញ។»។
សូមរំលឹកជូនថា នៅប៉ុន្មានម៉ោង ក្រោយប្រតិកម្មរបស់លោក ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ ទាក់ទងនឹងសំណុំរឿងដោះលែង ឪពុកម្តាយលោកឧកញ៉ា ថោង សារ៉ាត់ ដ៏រំជើបរំជួលនោះ លោក អាំង មាលតី ត្រូវបានដកចេញពីតំណែង ជាប្រធានសាលាដំបូងរាជធានីភ្នំពេញ ហើយត្រូវបានផ្ទេរភារកិច្ច មកកាន់ក្រសួងយុត្តិធម៌វិញ។
ប៉ុន្តែសាធារណៈមតិមួយចំនួនវិញ យល់ថា ការបន្ធូរបន្ថយទោសនេះ ពុំគួរកើតមាន សម្រាប់អតីតប្រធានតុលាការរាជធានីរូបនេះឡើយ។ នៅក្នុងសារមួយ របស់លោក សៅ ឌឺលុច ដែលត្រូវបានលោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រី យកមកបង្ហោះបន្ត នៅលើទំព័រហ្វេសប៊ុករបស់លោកនោះ បានសរសេរថា៖ «បេីយេីងទាំងអស់គ្នា យល់ថា អំពេីពុករលួយ ជាបទល្មេីស ដែលផ្តល់ព្យសនកម្មធ្ងន់ធ្ងរ ដល់សង្គមនោះ លោក អាំង មាលតី មិនគួរត្រូវបានបញ្ចូល ក្នុងសំណេីរបន្ថយការអនុវត្តទោសទេ»៕