ជំហានទី១នៃមនុស្សយន្ដប្ដូររូប «Transformer» របស់ជប៉ុន
- ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ១៥ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 16, 2015
- ប្រធានបទ: បច្ចេកវិទ្យា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មនុស្សយន្ដពិតប្រាកដ ដែលមានឈ្មោះ «J-deite RIDE» ដែលមានច្បាប់អនុញ្ញាតឲ្យផលិត ពីផលិតកម្មម្ចាស់ភាពយន្ដ «Transformer»នោះ នឹងអាចឃើញពន្លឺថ្ងៃ នៅពីរឆ្នាំខាងមុខ ហើយវានឹងត្រូវផលិតឡើង ដោយសហគ្រាសជប៉ុនចំនួនពីរ «Brave Robotics» និង«Asratec»។ មនុស្សយន្ដក្នុងពេលនេះ ស្ថិតក្នុងលក្ខណៈជាគំរូ ដែលមានទំហំតូចនៅឡើយ។ ប៉ុន្តែនៅដំណាក់កាលជាបន្តបន្ទាប់ មនុស្សយន្ដមួយទៀត នឹងត្រូវផលិតចេញ មុននឹងមនុស្សយន្ដចុងក្រោយ ដែលមានកំពស់ ៣,៥ម៉ែត្រ ត្រូវបានសម្រេចយក មកដំណើរការជាចុងក្រោយ។
លោក កេនជី អ៊ីស៊ីដា (Kenji Ishida) អ្នកស្រាវជ្រាវ ផលិតមនុស្សយន្ដនេះ បានថ្លែងឡើងក្នុងពេលនេះ៖ «វាត្រូវការរយៈពេលយ៉ាងហោច ១០វិនាទី ដើម្បីមនុស្សយន្ដនេះ អាចធ្វើការប្ដូររូប ពីមនុស្សយន្ដ ទៅជារថយន្ដ ឬពីរថយន្ដ ទៅជាមនុស្សយន្ដ»។ មនុស្សយន្ដ «J-deite RIDE» មានលទ្ធភាពដើរ ក្នុងល្បឿន១០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងរត់ដោយកង់ ក្នុងល្បឿន៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ នៅពេលវាក្លាយខ្លួន ជារថយន្ដ វានឹងមានបណ្ដោយ ប្រមាណជា ៣,៨ម៉ែត្រ ជាមួយនឹងទម្ងន់ជាង៧០០គីឡូក្រាម។
មនុស្សយន្ដនេះ អាចត្រូវបានម្ចាស់វាបញ្ជា ដោយចូលទៅក្នុងខ្លួនវា តែម្ដង ឬអាចបញ្ជាពីខាងក្រៅ ដោយប្រើបច្ចេកវិទ្យាគ្មានខ្សែរ។
ជនជាតិជប៉ុនមានចំណូលចិត្តខ្លាំងណាស់ ទាក់ទងនឹងមនុស្សយន្ដ ទោះវាជាលក្ខណៈបែបណាក៏ដោយ។ គេបានឃើញចំណូលចិត្តនេះ តាមរយៈការស្រមើរស្រម័យ ដែលមានក្នុងគំនូរជីវចល ឬភាពយន្ដឆ្នៃប្រឌិតមួយចំនួន ដែលមានអាយុកាល តាំងពីច្រើនសិបឆ្នាំមកហើយ។ ចំពោះលោក កេនជី អ៊ីស៊ីដា អ្នកបង្កើត «J-Deite RIDE» ក៏មានចំណូលចិត្តដូច្នេះដែរ។ នៅក្នុងជីវប្រវត្តិ ដែលផ្សាយជាផ្លូវការរបស់លោក បានបង្ហាញថា លោកបានចូលចិត្ត ធ្វើមនុស្សយន្ដ ដែលអាចបម្លែងខ្លួនបាននេះ តាំងពីលោកនៅមាន វ័យជំទង់មកម្លេះ៕