ប្រេដ ភីត និងអង់ជឺលីណា ជូលី៖ រៀបការ? ឆាប់ៗនេះហើយ!
ប្រេដ ភីត បាននិយាយប្រាប់ទស្សនាវដ្ដី «ភីបផល» ថាពិធីមង្គលការរបស់ លោកនិងនាង អង់ជឺលីណា ជូលី នឹងរៀបចំធ្វើ ក្នុងពេលឆាប់ៗនេះហើយ។ ជាដំណឹងមួយថ្មី ដែលតារាពិភពលោកបានធ្លោយអោយដឹង បន្ទាប់ពីពិធីភ្ជាប់ពាក្យបានប្រព្រឹត្តិទៅ កាលពីខែមេសាកន្លងទៅរួចមក។
តារាភាពយន្ដ ប្រេដ ភីត និងអង់ជឺលីណា ជូលី។ រូបភាព រ៉យទ័រ។
តាំងពីណាណីមក កំពូលតារាប្រចាំហូលីវូដ ទាំងពីរ មិនសូវជាបានបង្ហាញពីកម្មវិធីអ្វីមួយ ដែលធ្វើអោយគេទន្ទឹងរងចាំខ្លាំង ដូចពេលនេះនោះទេ បើទោះជាអាពាហ៍ពិពាហ៍នេះ នៅមិនទាន់អោយដឹង ថានឹងធ្វើនៅថ្ងៃណាក៏ដោយ។ ប៉ុន្ដែអ្វីដែល ប្រេដ ភីត (Brad Pitt) ខ្លួនឯង បានបង្ហើបអោយដឹង ក្នុងទស្សនាវដ្ដី «ភីបផល (People)» គឺថ្ងៃរៀបការរបស់គេទាំងពីរ នឹងច្បាស់ជារៀបធ្វើ ក្នុងពេលឆាប់ៗខាងមុខនេះ។ «ខ្ញុំមានសម្ពាធកាន់តែច្រើនឡើងៗ ពីកូនរបស់របស់ខ្ញុំ ហើយខ្ញុំក៏ចង់អោយកូន គ្នារស់ដោយមានឪពុកម្ដាយរៀបការផងដែរ។ ម្យ៉ាងទៀត ខ្ញុំគិតថា វាដល់ពេលសមល្មមហើយ។» លោកបានបញ្ជាក់ យ៉ាងដូច្នេះ ប្រាប់ទៅទស្សនាវដ្ដី ក្នុងកិច្ចសម្ភាសមួយ ដែលនិយាយពីការចេញបញ្ចាំង ភាពយន្ដរបស់លោក មានចំណងជើងថា « សម្លាប់ពួកវាមិនដឹងខ្លួន (Killing Them Soflty)» នៅទីក្រុងញ៉ូយក។
ប្រេដ ភីត បានបន្ថែមថា «ជិតដល់ពេលហើយ។ ហើយខ្ញុំមានអារម្មណ៍ ល្អណាស់ ពីរឿងអស់ទាំងនេះ។» បើទោះជាគូរស្នេហាហូលីវូដ ទាំងពីរបានរស់នៅជាមួយគ្នា តាំងពី៧ឆ្នាំមកហើយក៏ដោយ តែពិធីបំពាក់ជញ្ជៀនចូលក្នុងម្រាមដៃ របស់ពួកគេម្នាក់ៗ មានន័យសំខាន់ណាស់ សម្រាប់ប្រេដ ភីត។ «យើងមានគ្រួសារមួយ។ យើងបានចិញ្ចឹមបីបាច់ កូនរបស់យើង។ តែខ្ញុំមានអារម្មណ៍រំភើបណាស់ ដែលឃើញក្នុងកែវភ្នែករបស់ខ្ញុំ ពីសារសំខាន់ដ៏សម្បើម នៃអាពាហ៍ពិពាហ៍ តាំងពីពេលដែលយើងបានសាងជីវិតរួមគ្នាមក។»
សេចក្ដីស្នេហារបស់ គូរស្នេហ៍ទាំងពីរបានផ្ទុះឆាបឆេះឡើង នៅពេលដែលប្រេដ ភីត និងអង់ជឺលីណា ជូលី បានដើរតួសម្ដែងរួមគ្នា ក្នុងភាពយន្ដរឿង «លោក និងលោកស្រី ស្មីត (Mr. & Mrs. Smith)» កាលពីឆ្នាំ២០០៥។ ក្រោយពីនោះមក គូរស្នេហ៍ទាំងពីរ បានផ្គុំជារូបរាង ដែលស្មោះស្ម័គ្រ និងលន្លងលន្លោចខ្លាំងជាងគេ នៅហូលីវូដ។ សព្វថ្ងៃអង់ជឺលីណា ជូលី ជាអង្គទូតនៃអំពើរល្អ របស់អង្គការសហប្រជាជាតិ ហើយអ្នកទាំងពីរមានកូនក្នុងបន្ទុក ចំនួន៦នាក់៖ បីនាក់ជាកូនបង្កើត និងបីនាក់ផ្សេងទៀត ជាកូនចិញ្ចឹម។ កូនចិញ្ចឹមម្នាក់ ឈ្មោះម៉ាដុក អាយុ១០ឆ្នាំ មានដើមកំណើតជាខ្មែរ ជាកូនដែល អង់ជឺលីណា បានសុំពីប្រទេសកម្ពុជាមកចិញ្ចឹម តាំងពីមុនពេលនាងជួបជាមួយ ប្រេដ ភីតមកម្លេះ។
គឺដោយសារមកពីសមាជិកគ្រសារ ទាំងនេះហើយ ទើបអ្នកទាំងពីរសម្រេចចិត្ត នឹងឡើងមកពាក់ជញ្ជៀនអោយគ្នា នៅក្នុងពិធីដ៏អធិកអធមមួយនោះ។ ប្រេដ ភីតបានអះអាងថា «កូនៗចង់អោយមាន ពិធីនេះខ្លាំងយកតែមែនទែន ហើយតែងសួរខ្ញុំជារឿយៗ។ ដូច្នេះ ខ្ញុំត្រូវតែឆ្លើយតប សន្យាទៅវិញយ៉ាងអញ្ចឹង ដូចគ្នា៕»
--------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ