រូបភាព«ដំបូង»នៃភាពយន្ដ «មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ»
- ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី១៤ មករា ២០១៧
- កែប្រែចុងក្រោយ: January 14, 2017
- ប្រធានបទ: ភាពយន្ដ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
វីដេអូ ដែលផ្តល់ពីរូបភាពដំបូងគេ នៃភាពយន្ដ «មុនដំបូង ខ្មែរក្រហមបានសម្លាប់ប៉ារបស់ខ្ញុំ (ជាភាសាអង់គ្លេស First They Killed My Father/ ជាភាសាបារាំង D'abord ils ont tué mon père)» ត្រូវបានបង្ហោះ នៅលើទំព័រផ្លូវការ របស់ភាពយន្ដ នៅបណ្ដាញសង្គមហ្វេសប៊ុក។ នៅក្នុងវីដេអូនោះ គេឃើញសមិទ្ធិករភាពយន្ដទាំងពីររូប គឺកំពូលតារាហូលីវូដ នាង អេនជឺលីណា ជូលី (Angelina Jolie) និងសមិទ្ធិករភាពយន្ដ ខ្មែរ-បារាំង លោក ប៉ាន រីទ្ធី បានចេញមកពន្យល់ ពីគំនិតគោល របស់ភាពយន្ដ និងបានថ្លែងបញ្ជាក់ ពីបច្ចេកទេសថត រួមទាំងការដឹកនាំសំដែង ទៅកាន់តារាជនជាតិខ្មែរទាំងអស់ នៅក្នុងភាពយន្ដនោះផង។
នៅអមនឹងវីដេអូនោះ មានសរសេរពន្យល់ខ្លីប៉ុន្មានឃ្លា ដូច្នេះថា៖
«មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» គឺជាការចងចាំ ដ៏ឈឺចាប់ របស់អ្នកនិពន្ធសៀវភៅ និងសកម្មជន ការពារសិទ្ធមនុស្ស អ្នកស្រី លឿង អុឹង ដែលបានរួចផុតជីវិត ពីរបបខ្មែរក្រហម យ៉ាងសាហាវយង់ឃ្នង នៅចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៨។ ព្រឹត្តិការណ៍នេះបានកើតឡើង នាពេលខ្មែរក្រហមឡើងកាន់អំណាច កាលពីអ្នកស្រីនៅអាយុ ៥ ឆ្នាំ រហូតដល់ ៩ ឆ្នាំ។ ខ្សែភាពយន្តនេះ បានឆ្លុះបញ្ចាំងអំពីស្មារតីយ៉ាងមោះមុត និងការតស៊ូយ៉ាងប្តូរផ្តាច់ របស់គ្រួសារអ្នកស្រី លឿង អុឹង ដើម្បីបានរស់នៅជាមួយគ្នា យ៉ាងវេទនា អំឡុងសម័យខ្មែរក្រហម។
ភាពយន្ដនេះ នឹងចេញបញ្ចាំងដំបូងគេ នៅថ្ងៃទី១៨ ខែកុម្ភៈខាងមុខ នៅក្នុងខេត្តសៀមរាប ទីកន្លែងដែលភាពយន្ដបានថត។ បន្ទាប់មកភាពយន្ដ នឹងបន្តបញ្ចាំង នៅពាសពេញព្រះរាជាណាចក្រ បើសូម្បីនៅតាមវត្តអារាម និងទីជនបទឆ្ងាយៗ។ នៅក្នុងរោងភាពយន្ដមួយចំនួន ទស្សនិកជននឹងអាចចូលរួមពិភាក្សាដោយផ្ទាល់ ជាមួយនឹងនាង អេនជឺលីណា ជូលី និងតួសម្ដែងសំខាន់ៗផ្សេងទៀត។
សម្រាប់ទស្សនិកជនទាំងឡាយ នៅក្នុងពិភពលោក (ក្រៅពីប្រទេសកម្ពុជា) ត្រូវរង់ចាំរយៈពេលយ៉ាងហោច ៧ខែទៀត ដើម្បីទស្សនាខ្សែភាយន្ដនេះ នៅលើគេហទំព័រ «Netflix» ដែលផ្ដល់សេវាកំសាន្ដ ខាងភាពយន្ដ និងវីដេអូ។ គេហទំព័រនេះ នឹងដាក់បង្ហោះភាពយន្ដ «មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ចាប់ពីថ្ងៃទី១៥ ខែកញ្ញាតទៅ តែទស្សនិកជនត្រូវបង់ប្រាក់ (ដូចទិញសំបុត្រ ចូលមើលភាពយន្ដ នៅតាមរោង) ដើម្បីបានទស្សនា៕
» រូបភាពដំបូង នៃភាពយន្ដ «មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ»