សម រង្ស៊ី ទូល​ព្រះ​រាជា​ថា សភា​កម្ពុជា​មិន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​ពលរដ្ឋ​ទាំង​មូល

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានទូលថ្វាយព្រះមហាក្សត្រថា រដ្ឋសភាបច្ចុប្បន្ន​ដែលត្រូវ​បាន​បង្កើតឡើងកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ មិនមែនជាសភាតំណាងឲ្យប្រជាពលរដ្ឋខ្មែរទាំងមូលនោះទេ ព្រោះសភានេះគឺជាសភាឯកបក្ស ដែលមានតំណាងមកពីគណបក្សប្រជាជនកម្ពុជា តែមួយប៉ុណ្ណោះ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: April 03, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានទូលថ្វាយព្រះមហាក្សត្រថា រដ្ឋសភាបច្ចុប្បន្ន​ដែលត្រូវ​បាន​បង្កើតឡើងកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ មិនមែនជាសភាតំណាងឲ្យប្រជាពលរដ្ឋខ្មែរទាំងមូលនោះទេ ព្រោះសភានេះគឺជាសភាឯកបក្ស ដែលមានតំណាងមកពីគណបក្សប្រជាជនកម្ពុជា តែមួយប៉ុណ្ណោះ។


លោក សម រង្ស៊ី ក្នុងពេលចូលថ្វាយបង្គុំគាល់ព្រះមហាក្សត្រ កាលពីថ្ងៃទី០១ខែសីហាឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)

នយោបាយ - លោក សម រង្ស៊ី បានសង្កត់ធ្ងន់ថា៖ «រដ្ឋសភាបច្ចុប្បន្នគឺមិនបានឆ្លុះបញ្ចាំង ពីឆន្ទៈពិតប្រាកដរបស់​ប្រជាពលរដ្ឋខ្មែរឡើយ ហើយក៏ពុំអាចធ្វើជាតំណាង ឲ្យពលរដ្ឋខ្មែរទាំងមូលបានដែរ ដោយសារពុំមាន​តំណាងរាស្រ្ត​គ្រប់ចំនួន១២០រូប ចូលរួមសម័យប្រជុំដំបូង នៃរដ្ឋសភា ដូចដែលតម្រូវដោយមាត្រ៧៦ នៃរដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា»។ នេះបើយោងលើលិខិត របស់ប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី ផ្ញើថ្វាយ​ព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្ត សីហមុនី ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៤។

ការផ្ញើលិខិតរបស់លោក សម រង្ស៊ី បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពីព្រះមហាក្សត្រកម្ពុជា នរោត្ត សីហមុនី បានផ្ញើព្រះរាជសារ ស្តីពីរដ្ឋសភា ដោយខ្លឹមសារក្នុងព្រះរាជសារនោះ សង្កត់ធ្ងន់ថា រដ្ឋសភាជាតិ ដែលតំណាង​ប្រជាពលរដ្ឋខ្មែរទាំងមូល នឹងបន្តខិតខំប្រឹងប្រែង ដោះស្រាយបញ្ហាប្រឈមនានា ដើម្បីសម្រេចបាននូវទិសដៅរួម របស់កម្ពុជា ជាជំហានៗ ធានាបាននូវសង្គមកម្ពុជាមួយ ដែលរឹងមាំ មានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម មានការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

គួរកត់សម្គាល់ថា ព្រះមហាក្សត្រកម្ពុជា នរោត្ត សីហមុនី បានយាងជាព្រះរាជាធិបតីភាពដ៏ខ្ពស់ខ្ពស់ ក្នុងថ្ងៃបើក​ប្រជុំ​ដំបូងនីតិកាលទីប្រាំនៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ដោយមានការចូលរួមពីតំណាងរាស្រ្តជាប់ឆ្នោត ខាងគណបក្សប្រជាជនកម្ពុជា ចំនួន៦៨រូប។ តែសម្រាប់បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្ត​ទាំង៥៥រូប ខាងគណបក្ស​សង្រ្គោះជាតិ បានចោទប្រកាន់ការបង្កើតរដ្ឋសភានោះថា ជាការរំលោភរដ្ឋធម្មនុញ្ញ តាមរយៈការលួចបន្លំ​សន្លឹក​ឆ្នោត​ធ្ងន់ធ្ងរ ហើយបានបន្តធ្វើពហិការមិនចូលប្រជុំសភា រហូតមកទល់ពេលនេះ ។

ក្នុងលិខិតរបស់លោក សម រង្ស៊ី ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៤ ដដែលនោះ បានរម្លឹកថា៖ «ស្ថិតក្នុងស្ថានភាព​ដូច​គ្នានេះដែរ អតីតព្រះមហាក្សត្រ ព្រះករុណ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរដ្ឋនកោដ្ឋ ទ្រង់មាន​ព្រះ​រាជតម្រិះ និងសម្រេចព្រះទ័យមិនយាងចូលរួម ជាព្រះរាជាធិបតី ក្នុងសម័យប្រជុំសភាដំបូងនៃរដ្ឋសភា នីតិកាលទី៣ ឆ្នាំ២០០៣ ដោយហេតុថាពុំមានតំណាងរាស្រ្តមកពីគ្រប់គណបក្ស ដែលប្រជាពលរដ្ឋបោះឆ្នោតជូន ចូលរួម​បង្កើត​រដ្ឋសភានីតិកាលថ្មី ដែលតំណាងឲ្យប្រជាពលរដ្ឋខ្មែរទាំងមូល។»

រហូតមកដល់ពេលនេះ ស្ថានការណ៍នយោបាយរបស់ប្រទេសកម្ពុជា បន្តជាប់គាំងនៅឡើយ ដោយហេតុថា គណបក្ស​សង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ នៅតែបន្តទាមទារការបោះឆ្នោតឡើងវិញ មុនបញ្ចប់អាណត្តិ ក្រោយការធ្វើកំណែទម្រង់ស្ថាប័នបោះឆ្នោត។ តែការទាមទារនេះ ត្រូវបានគណបក្សប្រជាជនកម្ពុជា បន្តបដិសេធ ខណៈការចរចារដោះស្រាយភាពជាប់គាំងផ្នែកនយោបាយរវាងគណបក្សទាំងពីរ ត្រូវបានផ្អាកមួយរយៈ៕

-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៣ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...