សម រង្ស៊ី ថា​សហភាព​អ៊ឺរ៉ុប​នឹង​ដាក់​របប ហ៊ុន សែន នៅ​ក្រៅ​ច្បាប់

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលផ្សាយផ្ទាល់ ពីរាជាណាចក្រ ប៊ែលហ្សិក លោក សម រង្ស៊ី បានអះអាងថា សហភាពអ៊ឺរ៉ុប​នឹងកាត់ផ្ដាច់ចោល នូវកិច្ចសហប្រតិបត្តិការណ៍ទាំងឡាយ ដែលធ្វើឡើងរវាងសហភាពអ៊ឺរ៉ុប និងកម្ពុជា។ មេដឹកនាំប្រឆាំងរូបនេះ បានបន្ថែមថា នោះគឹដោយសាររបបដឹកនាំ របស់លោក ហ៊ុន សែន បានសម្លាប់លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។
សម រង្ស៊ី ថា​សហភាព​អ៊ឺរ៉ុប​នឹង​ដាក់​របប ហ៊ុន សែន នៅ​ក្រៅ​ច្បាប់
លោក សម រង្ស៊ី (ស្ថិតនៅខាងឆ្វេង នៃរូបទាំងពីរ) នៅក្នុងសភាអ៊ឺរ៉ុប នារាជធានី ប្រ៊ុយសែល ប្រទេសប៊ែលហ្សិក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី៥ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 05, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«លោក ហ៊ុន សែន គាត់ដាក់ខ្លួនគាត់ក្រៅច្បាប់ របបគាត់គឺក្រៅច្បាប់ ក្រៅច្បាប់នៃសហភាពអឺរ៉ុប» នេះ ជាការថ្លែងឡើងខ្លាំងៗ របស់លោក សម រង្ស៊ី មេដឹកនាំចលនានយោបាយប្រឆាំងកម្ពុជា ចេញពីសភាអ៊ឺរ៉ុប ដែលស្ថិតក្នុងរាជធានី ប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីមុននេះបន្តិច។

ក្នុងថ្ងៃទី៥ ខែឧសភានេះ លោក សម រង្ស៊ី ត្រូវបានអញ្ជើញ ឲ្យចូលរួមធ្វើជា​វាគ្មិនដ៏សំខាន់មួយរូប នៅក្នុងអង្គប្រជុំនៃសភាអ៊ឺរ៉ុប ដែលជាកិច្ចប្រជុំមួយ ពិនិត្យ​មើលកិច្ចសហប្រតិបត្តិការ រវាងសហភាពអ៊ឺរ៉ុប និងកម្ពុជា មុននឹងសម្រេចបង្កើតច្បាប់មួយ ឈានទៅដាក់ទណ្ឌកម្ម ប្រឆាំងរបបដឹកនាំក្រុងភ្នំពេញ។

លោក សម រង្ស៊ី បានថ្លែង​នៅក្នុង​សេចក្ដីថ្លែងការណ៍​ជាវីដេអូនោះ​ថា៖ «ថ្នាក់ដឹកនាំនៃសហភាពអឺរ៉ុប ដែលគេបានប្រាប់ខ្ញុំថា របបលោក ហ៊ុន សែន បានធ្វើឲ្យ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ រវាងសហភាពអឺរ៉ុប និងប្រទេសកម្ពុជា ត្រូវផ្ដាច់ ពីព្រោះកិច្ចព្រមព្រៀងនេះ តម្រូវឲ្យប្រទេសកម្ពុជា ដើរតាមផ្លូវប្រជាធិបតេយ្យ។ តែរបបលោក ហ៊ុន សែន ដោយបានរំលាយគណបក្សសង្គ្រោះជាតិ មិនឲ្យគណបក្សសង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោត ហើយរៀបចំការបោះឆ្នោតក្លែងក្លាយ គឺលោក ហ៊ុន សែន បានសម្លាប់លទ្ធិប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា។»។

សហភាពអ៊ឺរ៉ុប ជាលំហរទីផ្សារនាំចេញ ដែលធំជាងគេបង្អស់ របស់កម្ពុជា (ធំជាងទីផ្សារអាមេរិក) ដោយកម្ពុជាបាននាំទំនិញចេញ ទៅកាន់អ៊ឺរ៉ុប តាមរយៈកម្មវិធីអនុគ្រោះ​មួយ ​របស់សហភាពអ៊ឺរ៉ុប ឈ្មោះ "អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ" ក្នុងទឹកប្រាក់ដ៏មហាសាល ប្រមាណជា ៥ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០១៦​កន្លងទៅ។

មេដឹកនាំប្រឆាំង បានបន្តថា៖ «ដូច្នេះលោក ហ៊ុន សែន គាត់ដាក់ខ្លួនគាត់ក្រៅច្បាប់ របបគាត់គឺក្រៅច្បាប់ ក្រៅច្បាប់នៃសហភាពអឺរ៉ុប។ សហភាពអឺរ៉ុប មិនអាចបន្ត កិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយប្រទេសកម្ពុជាបាន ដូចមុនទៀតទេ។ កំហុស គឺដោយសារតែលោក ហ៊ុន សែន ប្រើអំណាចផ្ដាច់ការ សម្លាប់លទ្ធិប្រជាធិបតេយ្យ។»។

 

«ដាក់បញ្ចប់ នូវរបបគ្រប់គ្រង នៃជនផ្ដាច់ការ ហ៊ុន សែន...»

ក្រៅពីការថ្លែង ក្នុងនាមជាវាគ្មិន នៅក្នុងអង្គប្រជុំសភាអ៊ឺរ៉ុបនោះ លោក សម រង្ស៊ី នៅបានជួបដោយឡែក ជាមួយសមាជិកសភាអ៊ឺរ៉ុប ជាច្រើនរូបទៀត។ សមាជិកសភាអ៊ឺរ៉ុបមួយរូប មកពីប្រទេសហូឡង់ និងជាប្រធានគណបក្ស «ALDE*» លោក «Hans van Baalen» បានថ្លែងបន្ទាប់ពីជំនួបនោះថា៖ «យើងត្រូវដាក់សម្ពាធគ្រប់យ៉ាង ដែលយើងអាចធ្វើបាន ដើម្បីដាក់បញ្ចប់ នូវរបបគ្រប់គ្រង នៃជនផ្ដាច់ការ ហ៊ុន សែន និងនាំលទ្ធិប្រជាធិបតេយ្យ មកឲ្យកម្ពុជាវិញ ឲ្យបានឆាប់»៕

----------------------------
(*) ALDE៖ ជាពាក្យពេញ តាមភាសាអង់គ្លេស «Alliance of Liberals and Democrats for Europe Party» មានសេចក្ដីជាខេមរភាសាថា «គណបក្សសម្ព័ន្ធភាពសេរីនិយម និងប្រជាធិបតេយ្យអ៊ឺរ៉ុប»។ សម្ព័ន្ធភាពនេះ មាននិន្នការកណ្ដាលនិយម និងមានសមាជិក ជាគណបក្សនយោបាយ ចំនួន៦២ មកពីប្រទេសក្នុង និងក្រៅសហភាពអ៊ឺរ៉ុប។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...