ពន្ធនាគារ... ដែលអ្នកទោសមិនដែលចេញមកវិញ នៅមានជីវិត
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៥ តុលា ២០១៥
- កែប្រែចុងក្រោយ: October 17, 2015
- ប្រធានបទ: យកការណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងបទយកការណ៍នេះ (មានចំណងជើងថា «Toe Tag Parole: To Live and Die on Yard A») អ្នកសារព័ត៌មាន «Alan» និង «Susan Raymond» បានទទួលការអនុញ្ញាតឲ្យថត នៅផ្នែកខាងក្នុង នៃពន្ធនាគារដ៏ពិសេសជាងគេមួយ ស្ថិតនៅកណ្ដាលវាលខ្សាច់ ម៉ូចាវ (ភាគខាងត្បូង នៃរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក)។ អ្នកសារព័ត៌មានទាំងពីរ បានតាមដានពីជីវិតប្រចាំថ្ងៃ របស់ក្រុមអ្នកទោស ដែលសុទ្ធតែត្រូវ ជាប់ទោសអស់មួយជីវិត ខណៈពួកគេទាំងនោះ បានប្រព្រឹត្តិបទល្មើស នៅពេលពួកគេ មានអាយុរវាងពី១៤ ទៅ១៧ឆ្នាំប៉ុណ្ណោះ។
«សុបិន្ដអាក្រក់មួយ ដែលគ្មានទីបញ្ចប់»
ជាឧទាហរណ៍ ដូចជាករណីរបស់អ្នកទោស «Ken Hartman» ដែលបានជាប់ទោស ព្រោះយុវជននេះ បានវាយសម្លាប់មនុស្សម្នាក់ កាលពីខ្លួននៅវ័យជំទង់នៅឡើយ ហើយនៅពេលនោះ ខ្លួនបានស្រវឹងនោះទៀត។ យុវជន «Ken Hartman» បាននិយាយថា៖ «មិនមានអ្វីប្រសើរ ជាងទោសប្រហារជីវិតទេ តែគឹជាទោសប្រហារជីវិតតែម្ដង។ ខ្ញុំនឹងចេញពីទីនេះ ក្នុងលក្ខខណ្ឌតែមួយគត់ គឺនៅក្នុងស្បោង ដាក់សាកសពប៉ុណ្ណោះ។»
អ្នកទោសម្នាក់ទៀត បានថ្លែងឡើងថា៖ «ជីវិតនេះ ជាសុបិន្ដអាក្រក់មួយ ដែលគ្មានទីបញ្ចប់»។
ច្បាប់បានផ្លាស់ប្ដូរតាំងពីឆ្នាំ២០១២...
អ្នកទោសសរុបជាង៦០០នាក់ បានជាប់នៅក្នុងពន្ធនាគារ ដ៏រឹងមាំ ស្ថិតក្រោមការត្រួតពិនិត្យ ដ៏ខ្លាំងក្លាជាទីបំផុត នៃរដ្ឋកាលីហ្វ័នី។ ក្នុងចំណោមពួកគេទាំងនេះ មិនមាននរណាម្នាក់ ទទួលទោសប្រហារជីវិតទេ តែពួកគេត្រូវរស់នៅ រហូតដល់ចុងបញ្ចប់នៃជីវិត នៅក្នុងជញ្ជាំងគុកដ៏សម្បើមនេះ។ គ្មានគម្រោងណាមួយ ត្រូវបានយកមកពិចារណា ថានឹងដោះលែងពួកគេឡើយ។ អ្នកទោសទាំងនេះ ត្រូវបានបង្វឹក ក្នុងលក្ខខណ្ឌយ៉ាងពិសេស ដើម្បីក្លាយជា«មនុស្សដ៏ល្អ»មួយ ហើយត្រូវបានដាក់ឲ្យឆ្ងាយ ពីអ្នកទោសប្រភេទផ្សេងទៀត។
តាំងពីឆ្នាំ២០១២នោះមក តុលាការកំពូល នៃសហរដ្ឋអាមេរិក បានវិន្និច្ឆ័យថា ការសម្រេចដាក់ពន្ធនាគារ អស់មួយជីវិត នៅលើជនមិនទាន់គ្រប់អាយុ ដែលរកឃើញថា មានប្រពឹត្តិបទឧក្រិដ្ឋនោះ ជាការសម្រេច ដែលពោរពេញដោយ«អធម្មនុញ្ញាភាព»៕