នគរបាល​បាន​បំបែក​បណ្ដាញ​ជួញដូរ​ក្រលៀន​មួយ​ទៅ​ឥណ្ឌា

មនុស្សពីរនាក់ ស្ត្រីម្នាក់ ប្រុសម្នាក់ ម្នាក់ជាមេខ្យល់ ម្នាក់ជាអ្នកដើរស្វែងរកមនុស្ស ក្នុងបណ្ដាញជួញដូរ​ក្រលៀន​មួយ ត្រូវ​បាន​នគរបាល​កម្ពុជាចាប់ខ្លួន កាលពីថ្ងៃសុក្រ។ អ្នកទាំងពីរបាន​រង​ការសង្ស័យ​ថា បាន​ស្វែង​រក​មនុស្ស​ពី​កម្ពុជា បញ្ជូន​ចេញ​ទៅកាន់​ប្រទេសឥណ្ឌា ដើម្បីផ្ដល់ក្រលៀន ទៅឲ្យអ្នកជំងឺ ដែល​រងចាំ​នៅ​ទីនោះ។
នគរបាល​បាន​បំបែក​បណ្ដាញ​ជួញដូរ​ក្រលៀន​មួយ​ទៅ​ឥណ្ឌា
រូបភាពបង្ហាញពីក្រលៀន ឬតម្រង់នោមទាំងពីរ របស់មនុស្ស។ (រូបថតឯកសារ)
Loading...
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 27, 2017
  • ប្រធានបទ: ជូញដូរក្រលៀន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពីក្នុងចំណោម​ជនទាំងពីរនាក់ មានបុរសម្នាក់ដែលមានឈ្មោះ ឡាច ម៉េងហុង អាយុ៣៤ឆ្នាំ រស់នៅសង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានសង្ស័យថា ជាមេខ្យល់។ ចំណែកឯស្ត្រីម្នាក់ទៀត ដែល​មាន​ឈ្មោះ អើ ឡាត អាយុ​៣៨ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នងសង្កាត់ចោមចៅ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរសង្ស័យ​ថា ជាអ្នក​ស្វែង​រកមនុស្ស (កួកជេ)។

លោកវរៈសេនីយ៍ឯក កែវ ធា ប្រធានការិយាល័យ ​ប្រឆាំង​ការជួញដូរ​មនុស្ស និងកាពារអនិតិជន រាជធានី​ភ្នំពេញ ឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹង និងពាក្យបណ្ដឹង ទាក់ទងនឹងបណ្ដាញរកស៊ីជួញដូរក្រលៀន នាំ​មនុស្ស​ពី​កម្ពុជា ទៅធ្វើការវះកាត់ដោះដូរក្រលៀន នៅប្រទេសឥណ្ឌានោះ​មក កងកម្លាំងរបស់លោក​បាន​ស្រាវ​ជ្រាវ និង​ឈាន​ទៅចាប់​ខ្លួន​ស្ត្រីម្នាក់ខាងលើ នៅរសៀលថ្ងៃទី២៤ ខែឧសភា នៅត្រង់ចំណុច ខាងក្រោយ​ផ្សារឯករាជ្យ​២ ក្នុងសង្កាត់​ចោមចៅ ខណ្ឌ​ពោធិសែនជ័យ មុននឹងចាប់ខ្លួន​បុរស​ម្នាក់ទៀត នៅយប់​ថ្ងៃ​ដដែល នៅ​ម្តុំ​ស្តុប​បូកគោ សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន។

បើតាមសំដី​របស់​ជនសង្ស័យ​ទាំងពីរ បានរៀបរាប់​​ឲ្យអ្នក​ស៊ើប​អង្កេត​ដឹងថា ពួកគេធ្លាប់​ធ្វើសកម្មភាពនេះ បាន​មិន​តិច​ជាង​១០ដង រាប់តាំងពីជាង១ឆ្នាំមកហើយ។ ពួកគេនាំមនុស្ស ដែល​ជាជន​ក្រីក្រ ដែលពួកគេ​រក​បាន​នៅ​កម្ពុជា ចេញ​ទៅកាន់​ប្រទេស​ឥណ្ឌា ដើម្បីធ្វើការវះកាត់​ប្ដូរផ្លាស់​ក្រលៀន នៅក្នុង​រដ្ឋធានី ញ៉ូដេលី។ តម្លៃ​ក្នុង​ក្រលៀន​មួយ មានតម្លៃប្រមាណជា ៤ម៉ឺនដុល្លារ ប៉ុន្តែរាល់​ការចំណាយ លើការរត់លិខិត​ស្នាម ចូល​ស្ថានទូត​ឥណ្ឌា ទិញសំបុត្រ​យន្ដហោះ ការស្នាក់នៅស៊ីចុក និង​ជាពិសេស ការចំណាយ ទៅលើ​ការផ្លាស់ប្ដូរ​ក្រដាស​ស្នាម បាន​បន្យល់​ឲ្យ​ពួកគេ នូវប្រាក់ចំណេញ សម្រាប់ម្នាក់ៗ ប្រមាណ​តែ៥៨០០ដុល្លារ​ប៉ុណ្ណោះ។

ពួកគេមានជំហានពីរ ដែលត្រូវយកមកអនុវត្តន៍ បន្ទាប់ពីរកបានមនុស្ស (អ្នកលក់) និង​មុននឹងនាំ​មនុស្ស​នោះ​ ចេញ​ពី​កម្ពុជា ទៅកាន់​ប្រទេស​ឥណ្ឌា។ ទីមួយ ត្រូវពិនិត្យឈាម​អ្នកលក់​ក្រលៀន ដើម្បីចង់​ដឹងថា មាន​ប្រភេទ​ត្រូវ​គ្នា ជាមួយ​អ្នកជម្ងឺ ដែលត្រូវទិញក្រលៀន។ និងទីពីរ ត្រូវកែឆ្នៃ​ឯកសារ​​របស់អ្នកលក់ ឲ្យធ្វើជាសាច់​ញាតិ ​របស់​អ្នក​ទិញ ដើម្បីបង្កលក្ខណៈ​ងាយស្រួល ដល់ការធ្វើឯកសារ​មនុស្សធម៍ ក្នុងការ​នាំចេញ ទៅដោះដូរ​ក្រលៀន នៅ​ក្នុង​ប្រទេស​ឥណ្ឌា។

ដោយឡែកជន​សង្ស័យជាស្ត្រី អ្នកស្រី អើ ឡាត បានឆ្លើយ​ថា ខ្លួនទើបតែធ្វើរឿងនេះ ជាមួយ​លោក ឡាច ម៉េងហុង បាន​ចំនួន​ពីរដងទេ ក្នុងនាម​ជាអ្នកដើរ​ស្វែងរកមនុស្ស។ សម្រាប់សកម្មភាព​ពីរដងនេះ ខ្លួន​​ទទួល​បាន​ប្រាក់​ពី​លោក ម៉េងហុង ចំនួន ៤០០ ទៅ៥០០ដុល្លារ តែទទួលបាន​ប្រាក់បន្ថែម (Commission) មួយ​ចំនួន​ទៀត ពីអ្នក​ទិញ និង​ពី​អ្នក​លក់។ អ្នកស្រីបាន​បញ្ជាក់​ថា នៅក្នុងប្រទេស​ឥណ្ឌា ថ្លៃវះកាត់ផ្លាស់ប្ដូរ​ក្រលៀន​នៅ​ទីនោះ មាន​តម្លៃ​ថោក (រវាង​ពី១ម៉ឺន៥ពាន់ ទៅ១ម៉ឺន៧ពាន់ដុល្លារអាមេរិក)។

» ជនសង្ស័យទាំងពីរនាក់៖

គេមិនបានឲ្យដឹងទេថា តើអ្នកលក់ក្រលៀន ទទួលបាន​ប្រាក់​ប៉ុន្មាន នៅក្នុងការផ្លាស់​ប្ដូរក្រលៀន​ម្ដងៗនេះ។

លោក កែវ ធា បានបន្ត​ទៀតថា បុរសដែលរងការ​សង្ស័យ​ជាមេខ្យល់នោះ មាន​បណ្តាញ​ទំនាក់​ទំនង​ដ៏ធំមួយ នៅក្នុង​ស្រុក រហូតដល់​ប្រទេស​ឥណ្ឌា ខណៈ​អ្នកស្រី អើ ឡាត អាច​គ្រាន់តែជា​អ្នក​ធ្វើការ ឲ្យ​មេខ្យល់ ដើម្បី​ដើរ​អូសទាញ​ជន​ក្រីក្រ ដែល​ត្រូវការ​ប្រាក់ យក​មកឲ្យ​មេខ្យល់​ប៉ុណ្ណោះ។ យ៉ាងណា​ក៏ដោយ ក៏សំនុំរឿង​របស់​ជន​សង្ស័យ​ទាំង​ពីរ ត្រូវបាន​នគរបាល​កសាង ឡើងទៅតុលាការ​រាជធានី​ភ្នំពេញហើយ ហើយការ​ដាក់ទោស​ទណ្ឌ​ដូចម្ដេច​នោះ ជា​អំណាច​របស់​តុលាការ។

ប្រទេសកម្ពុជា ធ្លាប់មានសំណុំរឿងបែបនេះម្ដងហើយ កាលពីឆ្នាំ២០១៥ ដែលជាករណី​លើក​ដំបូង​បង្អស់ មិន​ដែល​ធ្លាប់​មាន ពីមុនមកទេ។ កាលនោះ មនុស្សបី​នាក់ ត្រូវបានតុលាការ​ផ្ដន្ទាទោស ឲ្យជាប់​ពន្ធនាគារ ពី១០ ​ទៅ​១៥ឆ្នាំ ពី​បទ​អូស​ទាញ បញ្ចុះបញ្ចូល​ពលរដ្ឋក្រីក្រខ្មែរ ឲ្យលក់ក្រលៀន​របស់​ពួកគេ។

របាយការណ៍ប៉ាន់ប្រមាណមួយ របស់អង្គការសុខភាពពិភពលោក (WHO - OMS) បាន​ឲ្យដឹងថា បណ្ដាញ​អន្តរជាតិ នៃការជួញ​ដូរ​គ្រឿងក្នុងមនុស្ស បានផ្គត់ផ្គង់ ទៅឲ្យទីផ្សារ​វះកាត់ផ្លាស់ប្ដូរ​គ្រឿង​ក្នុង មាន​ចំនួន​យ៉ាង​តិច ១០ ០០០ដង និង​រហូតដល់ ១០០ ០០០ដង ក្នុង​មួយ​ឆ្នាំៗ។ ការជួញដូរ​របៀបនេះ បានកើត​ឡើង​ជាញឹក​ញយ​ណាស់ នៅក្នុង​ប្រទេស​ឥណ្ឌា និង​ប្រទេសនេប៉ាល់។ ប៉ុន្តែក្នុងរយៈពេល​ចុងក្រោយ​នេះ ការ​ជួញដូរ​គ្រឿង​ក្នុង​មនុស្ស មានចំនួនកាន់​តែច្រើន​ឡើង ហើយតម្លៃ ក្នុងការវះកាត់​​ផ្លាស់ប្ដូរ​គ្រឿងក្នុង​​ម្ដងៗ ក៏​មានតម្លៃកាន់​តែ​ខ្ពស់ដែរ ដោយសារកំណើន​ដ៏ខ្លាំង នៃអ្នកជំងឺ (អ្នកទិញ)។ តម្រូវការ​នេះ បានបង្កើត​ឲ្យមាន​ នូវ​ទីផ្សារ​ងងឹត ដើម្បី​ធ្វើការ​ទិញ​ដូរ ដោយ​ខុស​ច្បាប់ និងពោរពេញ​ដោយ​ឧក្រិដ្ឋកម្ម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...